នាយករដ្ឋមន្ត្រីបើក កកាយអំពីជំនួបចរចា ជាមួយបក្សសង្គ្រោះជាតិ
លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីអាណត្តិទី៥ បើកកកាយថា មូលហេតុដែលនាំឲ្យការចរចាជាមួយគណបក្សសង្គ្រោះជាតិជាប់គាំង គឺបណ្ដាលមកពីគណបក្សសង្គ្រោះជាតិ ទាមទារតំណែងប្រធានរដ្ឋសភា ដែលតំណែងនេះបក្សកាន់អំណាចមិនអាចផ្ដល់ឲ្យបាន។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភានីតិកាលទី៥ ដែលមានសមាជិកទាំងអស់ ៦៨នាក់ សុទ្ធជាបេក្ខភាពមកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ កញ្ញា បានបោះឆ្នោតកញ្ចប់ជ្រើសតាំងលោក ហេង សំរិន ជាប្រធានសភា និងជ្រើសតាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីថ្មី។
សមាជិកសភាជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ទាំង ៦៨នាក់ បានបោះឆ្នោតជាកញ្ចប់គាំទ្រ ១០០% នូវបេក្ខភាពលោក ហេង សំរិនជាប្រធានរដ្ឋសភា លោក ងួន ញ៉ិល ជាអនុប្រធានទី១ អ្នកស្រី ឃួន សុដារី ជាអនុប្រធានទី២ ព្រមទាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាសមាជិកគណៈរដ្ឋមន្ត្រី ២៣០នាក់ផ្សេងទៀត។
មុននឹងថ្លែងសុន្ទរកថាផ្លូវការ អរគុណសមាជិកសភាដែលបានបោះឆ្នោតសម្ដែងការទុកចិត្តរដ្ឋាភិបាលថ្មីជូនអង្គប្រជុំសភា លោក ហ៊ុន សែន ថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនអាចក្លាយជាចំណាប់ខ្មាំងរបស់ក្រុមណាមួយបានទេ ហើយរដ្ឋសភាក៏មិនអាចផ្លាស់ទីទៅបើកសម័យប្រជុំដំបូងនៅខេត្តសៀមរាប តាមមន្ត្រីគណបក្សប្រឆាំង ដែលទៅស្បថរួមគ្នានៅទីនោះដែរ។ បន្ទាប់ពីចប់ការប្រជុំសភា លោក ហ៊ុន សែន មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅមុនពេលឡើងឡានចេញពីវិមានរដ្ឋសភា អំពីខ្លឹមសារក្នុងជំនួបចរចារវាងគណបក្សជាប់ឆ្នោតទាំងពីរ កាលពីថ្ងៃទី១៦ និងទី១៧ ខែកញ្ញា ថា បក្សប្រឆាំងចង់គ្រប់គ្រងរដ្ឋសភាទាំងមូលតាមរយៈការកាន់តំណែងប្រធានរដ្ឋសភា និងប្រធានគណៈកម្មការជំនាញរដ្ឋសភា ៦ផ្សេងទៀត ប៉ុន្តែគណបក្សប្រជាជនកម្ពុជា មិនអាចផ្ដល់តំណែងនេះឲ្យបានទេ។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងនៅតែអនុញ្ញាតឲ្យបក្សប្រឆាំងកាន់តំណែងជាអនុប្រធានរដ្ឋសភា និងប្រធានគណៈកម្មការជំនាញ ៤ផ្សេងទៀត។
យ៉ាងណាមិញ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ចង់បានតំណែងប្រធានសភាក្នុងបំណងឈានទៅកែទម្រង់ស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីផលប្រយោជន៍ជាតិ។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា មិនមានសុឆន្ទៈក្នុងការកែទម្រង់ស្ថាប័នជាតិដើម្បីឲ្យតុល្យភាពអំណាចក្នុងរដ្ឋសភាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ការបែងចែកតំណែងក្នុងរដ្ឋសភា ជាបញ្ហាបន្សល់ទុកពីអាណត្តិមុនៗ ដែលអ្នកនយោបាយមិនបានគិតទុកជាមុនក្នុងការបែងចែកឲ្យច្បាស់ថា បក្សកាន់អំណាចគួរទទួលបានតំណែងអ្វី? បក្សប្រឆាំងត្រូវកាន់តំណែងណាខ្លះ?
លោកបន្តថា គណបក្សប្រជាជនកម្ពុជា គួរតែសម្បទានឲ្យគណបក្សប្រឆាំងកាន់កាប់រដ្ឋសភាតែម្តង ដើម្បីឲ្យបក្សប្រឆាំងអាចតាមដានរដ្ឋាភិបាលឲ្យបានហ្មត់ចត់តាមគោលការណ៍ប្រជាធិបតេយ្យ។លោកបញ្ជាក់ថា គណបក្សទាំងពីរគួរណាស់តែបញ្ឈប់នូវវប្បធម៌ចែកអំណាចគ្នា បើសិនជាបក្សទាំងពីរចង់កែទម្រង់រដ្ឋឲ្យមានប្រសិទ្ធភាព។
ទោះជាបែបណាក្តី គណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើសន្និសីទកាសែតស្តីពីជំហរនយោបាយរបស់ខ្លួន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ដោយមន្ត្រីជាន់ខ្ពស់គណបក្សប្រាប់ថា អាចនឹងមានបាតុកម្មជាលើកទី៣ទៀត។ រីឯគណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន បានចូលស្បថក្នុងវាំងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា នេះ ដោយបញ្ជាក់ថា នឹងបន្តអនុវត្តការងារក្នុងនាមរាជរដ្ឋាភិបាលថ្មីនីតិកាលទី៥។
រដ្ឋសភាត្រូវបានដឹកនាំដោយក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជា ផ្ដាច់មុខម្ដងរួចហើយ កាលពីអាណត្តិទី៤ ដែលកាលនោះ សង្គមស៊ីវិលមួយចំនួនបានរិះគន់ថា រដ្ឋសភាបានបណ្ដែតបណ្ដោយឲ្យរាជរដ្ឋាភិបាលជិះសេះលែងដៃ ឬធ្វើអ្វីៗស្រេចតែនឹងចិត្ត។
តំណាងសហគមន៍ពលរដ្ឋ តែងស្នើសុំទៅអ្នកតំណាងរាស្ត្រឲ្យជួយដោះស្រាយលើបញ្ហាប្រឈមនានា ដូចជានិទណ្ឌភាព ការរំលោភបំពានដីធ្លី ការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនបរទេសរយៈពេល ៩៩ឆ្នាំ មិនត្រូវបានសមាជិកសភាអើពើប៉ុន្មានឡើយ។
របាយការណ៍របស់អង្គការខុមហ្វ្រែល ឆ្នាំ២០១២ បង្ហាញថា អ្នកតំណាងរាស្ត្រធ្វើការងារបម្រើបក្សច្រើនជាងបម្រើប្រជាពលរដ្ឋ៕
_______________________
ប្រភពព័ត៌មានពី៖ RFA
ប្រភពព័ត៌មានពី៖ RFA