ក្មេងស្រីអាយុ១២ឆ្នាំ ខឹងម្តាយចាក់សោ ឃុំក្នុងផ្ទះមិនឲ្យចេញ ទៅជួបប្រុសស្នេហ៍ យកភ្លើងដុតផ្ទះខ្លួនឯង
រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុទើបតែ១២ឆ្នាំម្នាក់ ដោយសារតែខឹងម្តាយចាក់សោឃុំនៅក្នុងផ្ទះ មិនឲ្យចេញទៅដើរលេងជាមួយសង្សារ បានយកភ្លើងដុតផ្ទះ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៥០នាទី រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ១៤AEo ផ្លូវលេខ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
បើតាមការរៀបរាប់ពីស្ត្រីជាម្តាយបានឲ្យដឹងថា គាត់មានឈ្មោះ ឈុន សុខលឹម អាយុ ៥២ឆ្នាំ ចំណែកកូនស្រីដែលមិនគន្លងធម៌ខាងលើនេះមានឈ្មោះ លឹម ម៉ូលីកា អាយុ ១២ឆ្នាំ ជាសិស្សវិទ្យាល័យ ប៊ុនរ៉ានី វត្តភ្នំ ។ គាត់បានឲ្យដឹងថា កូនស្រីគាត់ជាក្មេងទំនើង តែងតែបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដើរលេងយប់ មានសង្សារច្រើន គឺចេះស្រលាញ់ប្រុសតាំងពីអាយុ ១០ឆ្នាំ ព្រមទាំងធ្លាប់រត់ចេញពីផ្ទះចំនួន ៤ដង មកហើយ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ រូបគាត់បានចេញទៅផ្សារដើមគរ ដើម្បីទិញឥវ៉ាន់ ស្រាប់តែមានគេទូរស័ព្ទប្រាប់ថា ផ្ទះត្រូវភ្លើងឆេះ គាត់ក៏ប្រញាប់ត្រលប់មកផ្ទះវិញភ្លាម ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែបាញ់ទឹកអស់តែ ១គ្រឿង ព្រោះភ្លើងឆេះតែបន្តិចបន្តួច និងត្រូវអ្នកជិតខាងជួយពន្លត់ និងទម្លាយទ្វារកញ្ចក់ជួយយកកូនស្រីចេញមកក្រៅ។
បន្ទាប់ពីកើតហេតុ ស្ត្រីជាម្តាយបានប្រគល់កូនស្រីមហាទំនើងរូបនេះ ទៅឲ្យសមត្ថកិច្ចធ្វើការសាកសួរ និងបញ្ជូនទៅមណ្ឌលកែប្រែ ព្រោះរូបគាត់អស់សមត្ថភាពក្នុងការប្រដៅកូនស្រីម្នាក់នេះហើយ។ នៅចំពោះមុខសមត្ថកិច្ចក្មេងស្រីតូច មហាទំនើង រូបនេះបានបដិសេធថា ខ្លួនមិនបានដុតនោះទេ គឺភ្លើងបានឆាបឆេះដោយខ្លួនឯង។
បើតាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ក្មេងស្រីខាងលើនេះទំនងជាបានប្រើប្រាស់គ្រឿងញៀន ដែរហើយមើលទៅ បានជានាងមានចិត្តធំហ៊ានដុតផ្ទះខ្លួនឯង ដោយសារតែខឹងម្តាយចាក់សោរមិនឲ្យចេញទៅជួបប្រុសស្នេហ៍បែបនេះ។ នេះគឺជារឿងមួយដ៏គួរឲ្យសោកសង្រេងបំផុត ដែលឪពុក ម្តាយ មានកូនស្រីរបៀបនេះ៕
_____________________
ប្រភពពីវត្តភ្នំ