ទ្រង់ធម្មិកោ និងទ្រង់ចក្រីនុពល សម្រេចធ្វើកូដកម្ម បង្អត់អាហារបីយប់បីថ្ងៃ
ទ្រង់ស៊ីសុវត្ថិធម្មិកោ អតីតជំនួយការព្រះបរមរតនកោដិ និងជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៃគណបក្សសង្គ្រោះជាតិនៅខេត្តព្រះសីហនុ មិនទទួលបានសន្លឹកឆ្នោតនោះ ជាមួយគ្នា និងទ្រ់ងស៊ីសុវត្ថិ ចក្រីនុពល បានសម្រេចចិត្តធ្វើកូដកម្មបង្អត់អាហារខ្លួនឯងរយៈពេលបីថ្ងៃ នៅលើវេទិកាប្រគំតន្ត្រីក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ ដោយមានការចូលរួមពីព្រះសង្ឃប្រមាណជា៤០អង្គ។ មុននេះទ្រង់ស៊ីសុវត្ថិ ធម្មិកោមានគម្រោងថា នឹងធ្វើកូដកម្មបង្អត់អាហារនៅមុខព្រះអង្គដងកើ តែព័ត៌មានបានធ្លាយដល់សមត្ថកិច្ចក៏មានការដាក់បារ៉ាសមិនឱ្យចូល ទើបទ្រង់សម្រេចមកធ្វើនៅរមណីយដ្ឋានវត្តភ្នំវិញ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣។
ទ្រង់ស៊ីសុវត្ថិ ធម្មិកោបានចោទប្រកាន់ជុំវិញការបង្ខំចិត្តព្រះមហាក្សត្រចេញព្រះរាជសារបង្ខំឱ្យចូលរួមបើកកិច្ចប្រជុំសភាដំបូង នាថ្ងៃទី២៣ កញ្ញា ដែលទ្រង់ថ្លែងថា អ្វីដែលគេធ្វើនៅពេលនេះ គឺជាឆាកល្ខោនដូចតុលាការខ្មែរក្រហមអីចឹង។ ដោយឡែកទ្រង់ក៏បានគាំទ្រទៅដល់វិទ្យុ ABC ដែលនឹងរៀបចំគម្រោងជួបជុំប្រជាពលរដ្ឋនៅស្តាតអូឡាំពិក ដើម្បីគាំទ្រព្រះមហាក្សត្រដែរ តែទ្រង់បានបញ្ជាក់ថា អ្វីៗឱ្យមានភាពសុចរិតគឺទ្រង់គាំទ្រ។ ចំណែកទ្រង់ស៊ីសុវត្ថិ ចក្រីនុពលបានឱ្យដឹងទៀតថា ទ្រង់ធ្វើកូដកម្មបង្អត់អាហារនេះគឺទាំងថ្ងៃទាំងយប់រយៈពេល៣ថ្ងៃ រហូតទាល់តែមានដំណោះស្រាយ។
មន្ត្រីសាលាខណ្ឌដូនពេញនៅក្រឡឹងទីនោះបាននិយាយថា ការដែលទ្រង់ស៊ីសុវត្ថិ ធម្មិកោយកទីតាំងវេទិកាតន្ត្រីក្នុងរមណីយដ្ឋានវត្តភ្នំនេះដើម្បីធ្វើកូដកម្មបង្អត់អាហារ ហើយសម្រាកនៅទីនោះទាំងថ្ងៃទាំងយប់ គឺមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ ហើយវាក៏ជាទម្លាប់អាក្រក់របស់គណបក្សប្រឆាំងទៅហើយ ជាក់ស្តែងដូចជាករណីធ្វើមហាបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យនេះស្រាប់ ក្រសួងមហាផ្ទៃឱ្យធ្វើតែមួយថ្ងៃបែរជាគេធ្វើរហូតដល់បីថ្ងៃ។
មន្ត្រីអង្គការសង្គមស៊ីវិលមួយរូបបានឱ្យដឹងថា នៅរសៀលថ្ងៃទី២១ឬ២២ កញ្ញា និងមានអង្គការសង្គមស៊ីវិលមិនតិចជាង២០អង្គការធ្វើការជួបជុំគ្នានៅមុខរាជវាំងដើម្បីដាក់ញតិ្តថ្វាយព្រះមហាក្សត្រស្នើសុំព្រះមហាក្សត្រមានព្រះរាជតម្រិះឡើងវិញទាក់ទងនឹងការកោះប្រជុំរដ្ឋសភានីតិកាលទី៥លើកដំបូង នៅថ្ងៃទី២៣ កញ្ញា ខាងមុខនេះ។
តាមប្រភពព័ត៌មានគួរឱ្យទុកចិត្តបានឱ្យដឹងថា ក្រុមមន្ត្រីសាលាខណ្ឌមានផែនការរួចហើយនៅម៉ោង៩យប់និងតម្រូវឱ្យទ្រង់ធម្មិកោរួមជាមួយអ្នកឯទៀតមានទាំងសង្ឃផង ចាកចេញពីវេទិកានេះ បើមិនព្រមក៏បង្ខំឱ្យចេញដែរ ហើយនឹងមានការដាក់តន្ត្រីប្រគំវិញអបអរទិវាសន្តិភាព ដែលទីតាំងនេះមានគម្រោងត្រូវរៀបចំហើយអត់ឱ្យមករញេរញៃបែបនេះទេ។ អ្នកថែទាំសួននៅវត្តភ្នំ និយាយទាំងមុខខឹងថា មកដេកនៅទីនេះ តើទៅអាចម៍នោមនៅកន្លែងណាពិបាកសម្អាតណាស់…មិនឯកភាពឱ្យដេកនៅទេ៕
ប្រភពពី Free Press Magazine