វិភាគ ៖ ប្រជាធិបតេយ្យ កម្ពុជាមកដល់ផ្លូវបត់
ភ្នំពេញ: គណបក្សសង្គ្រោះជាតិបានមកដល់ដំណាក់កាលសំខាន់មួយដែលតម្រូវអោយមានការសម្រេចចិត្តដោយមានការវិភាគស៊ីជម្រៅទៅលើផលប៉ះពាល់ដែលនឹងអាចកើតមានចេញពីការសម្រេចចិត្តនោះ។ តើខ្លួនគួរចូលសភាឬយ៉ាងណា? នេះជាសំនួរមួយដែលចម្លើយនឹងប៉ះពាល់ដល់អនាគតរបស់កម្ពុជារយះពេលវែងឆ្ងាយទៅមុខ។
លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថាគណបក្សប្រជាជនកម្ពុជាបានទទួល៦៨អាសនះហើយគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ីបានទទួល៥៥អាសនះ។ លោក សម រង្ស៊ីបានដឹកនាំការប្រឆាំនឹងលទ្ធផលនេះយ៉ាងកងរំពងលាន់លឺពាសពេញពិភពលោកជាមួយនឹងការជួយទូងស្គដោយសារព័ត៌មានបរទេស។
ប៉ុន្តែលោកនៅតែមិនអាចទប់នឹងចរន្តក្នុងស្រុកបាន នៅពេលដែលយន្តការដោះស្រាយទំនាស់ការបោះឆ្នោតគ្រប់កម្រិតបានពិនិត្យនិងដោះស្រាយដោយផ្តល់លទ្ធផលមិនដូចជាការចង់បានរបស់លោក។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយជូនលោកតាមលំដាប់លំដោយ តែលោកនៅតែមិនអស់ចិត្ដដោយចាត់ទុកស្ថាប័នជាតិទាំងពីរមានភាពលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា។
ខណៈដែលការបោះឆ្នោតមានចំណុចខ្សោយមួយចំនួនដែលត្រូវកែលម្អនៅពេលក្រោយៗទៀត គេពិបាកនឹងវាយតម្លៃកម្រិតធ្ងន់ធ្ងរនៃផលប៉ះពាល់របស់វាទៅលើលទ្ធផលនៃការបោះឆ្នោតទាំងមូល។ ប៉ុន្តែចំណុចខ្វះខាតផងទាំងឡាយដោយរាប់តែដំណើរការចុះឈ្មោះឡើងទៅនឹងតម្រូវអោយមានការកែទម្រង់ដល់ប្រព័ន្ធបោះឆ្នោតកម្ពុជាអោយកាន់តែមានប្រសិទ្ធភាពជាងនេះ។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែធ្វើកំណែទម្រង់ដើម្បីបញ្ចប់ប្រវត្តិសាស្ត្រច្រំដែលនៃការបដិសេធលទ្ឋផលបោះឆ្នោត។
ជាមួយនឹងព្រះទ័យចង់ទម្លាយភាពទាល់ច្រកនយោបាយ ព្រះមហាក្សត្របានសម្រេចព្រះទ័យថាមានតែដំណោះស្រាយនយោបាយមួយគត់ដែលអាចនឹងដោះស្រាយបញ្ហាបោះឆ្នោតបានដើម្បីធ្វើអោយភាគីទាំងពីរបានស្ងប់ចិត្ត។ ព្រះអង្គបានកោះប្រជុំសភានៅថ្ងៃទី២៣ខែកញ្ញាបន្ទាប់ពីបានចេញព្រះរាជបញ្ជាអោយមានការចរចារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។ ឥឡូវរដ្ឋាភិបាលមួយត្រូវបានអនុម័ត ទោះបីជាជាសមាជិកសភា៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានធ្វើពហិការប្រជុំក៏ដោយ។
ជាការពិតណាស់ ការប្រជុំសភាតែគណបក្សមួយមិនល្អមើលឡើយ ប៉ុន្តែ ក្រោពីលើទិដ្ឋភាពច្បាប់ព្រះមហាក្សត្រសម្រេចព្រះទ័យបែបនេះ ព្រះអង្គប្រហែលជាមានហេតុផលរបស់ទ្រង់ដោយពិចារណាទៅលើស្ថេរភាពនយោបាយនិងសន្តិភាពនៅក្នុងកាលទេសះមួយដែលកម្ពុជាត្រូវការកត្តាទាំងពីរដើម្បីវិបុលភាពនិងការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅចំពោះមុខការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងតំបន់ពិសេសការបើកទ្វាររបស់ប្រទេសភូមាដើម្បីអូសទាញវិនិយោគ។ ប្រទេសភូមាបច្ចុប្បន្នត្រូវបានប្រៀបដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែលត្រូវចោមរោមដោយប្រទេសជាច្រើន។
ក្រមុំកម្ពុជាដែលមិនសូវស្អាត(ទីផ្សារតូច និងធន ធាន មនុស្សកំណត់) មានអាយុច្រើន និង បញ្ហាជាច្រើន (ពុករលួយ) នោះអាចនឹងត្រូវរលុបបាត់ចេញពីរាដារបស់អ្នកវិនិយោគ បើសិនជាគុណសម្បត្តិរបស់ខ្លួនគឺស្ថិរភាពនយោបាយនិងសន្តិភាពបានត្រូវបំផ្លាញ។
ភាពរំជើបរំជួលចាប់តាំងពីក្រោយការបោះឆ្នោតរហូតមកដល់ពេលនេះបានធ្វើអោយមានការភ័យខ្លាចក្នុងចំណោមសាធារណជននិងការដកថយការវិនិយោគមួយចំនួន។ ឧទាហរណ៍ ការចុះបញ្ជីពាណិជ្ជកម្មបានថយចុះរហូតដល់១៥ភាគរយនៅក្នុងរយះពេល៨ខែដល់ខែសីហា បើប្រៀបធៀបឆ្នាំមុន។
បាតុកម្មក៏បានសម្លាប់មនុស្សម្នាក់និងធ្វើអោយរបួសច្រើននាក់រួមផ្សំនឹងការបិទផ្លូវទីក្រុងជាមួយនឹងបន្លាលួសគួរអោយខ្លាច។ ខាងគណបក្សសង្គ្រោះជាតិបានចាត់ទុកបញ្ហាទាំងនេះជាការទទួលខុសត្រូវរបស់សមត្ថកិច្ច ខណះសមត្ថកិច្ចបានលើកហេតុផលថាពួកគេចាត់វិធានការគ្រប់បែបយ៉ាងក៏ព្រោះតែដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ និង សេចក្តីសុខរបស់ប្រជាជន។ ភាគីទាំងពីរបាននិយាយយកត្រូវរៀងៗខ្លួន។
តើឥឡូវទៅមុខនឹងមានអ្វីកើតឡើងទៀត? តើកម្ពុជានឹងវិលទៅរករបបគ្រប់គ្រងដែលមានគណបក្សតែមួយដែលត្រូវរំខាននិងប្រឆាំងដោយការតស៊ូតាមដងផ្លូវ ឬក៏កម្ពុជានឹងធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យប្រកបដោយក្តីសង្ឃឹមមួយដោយគណបក្សនយោបាពីរកំពុងតែប្រណាំងប្រជែងគ្នាដើម្បីបម្រើផលប្រយោជន៍ប្រជាជនឬយ៉ាងណា?
ការសម្រេចចិត្តរបស់លោក សមរង្ស៊ីនឹងមានសារសំខាន់សម្រាប់ទិសដៅកម្ពុជាទៅមុខទៀត។ បើសិនជាលោក ជ្រើសរើសរយកការតស៊ូនៅក្រៅរដ្ឋសភាហើយដឹកនាំបាតុកម្មដ៏ធំប្រឆាំងនឹងរដ្ឋាភិបាលគ្រប់ពេលនោះ ស្ថេរភាពនយោបានិងសន្តិភាពនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះនឹងត្រូវប្រឈមនឹងហានិភ័យខ្ពស់។
វានឹងរឹតតែគ្រោះថ្នាក់ថែមទៀតបើសិនជាបាតុកម្មនាពេលអនាគតអាចនឹងត្រូវផ្ទុះចេញជាអំពើហិង្សា។ ការស្លាប់ ការរបួស ការបំផ្លិចបំផ្លាញ អាចនឹងកើតមានគ្រប់ពេលបើសិនជាអំពើហិង្សាបានផ្ទុះឡើងដោយការតវ៉ា។
ប៉ុន្តែបើសិនជាលោក ដកថយក្រោយមួយជំហានហើយវិលត្រឡប់មកការតស៊ូនៅក្នុងរដ្ឋសភាវិញនោះ ប្រជាធិបតេយ្យនៃប្រទេសកម្ពុជានឹងកាន់តែរស់រវើកហើយគណបក្សសង្គ្រោះជាតិរបស់លោក នឹងក្លាយជាភ្នែកនិងច្រមុះដ៏ពិតប្រាកដសម្រាប់ត្រួតពិនិត្យរាល់សកម្មភាពរបស់គណបក្សកាន់អំណាចឬក៏រដ្ឋា្្ភិបាល។
ប្រជាជនកម្ពុជានៅភ្នំពេញមួយចំនួននិយាយថាពួកគេបោះឆ្នោតអោយគណបក្សសង្គ្រោះជាតិគឺចង់អោយមានតុល្យភាពផ្នែកអំណាចនៅក្នុងរដ្ឋសភាដោយចង់អោយគណបក្សប្រឆាំងគឺគណបក្សសង្គ្រោះជាតិមានសម្លេងច្រើនជាងមុនដើម្បីទប់ស្កាត់ការសម្រេចចិត្តណាមួយរបស់ គណបក្សកាន់អំណាចដែលមិនបម្រើដល់ផលប្រយោជន៍ប្រជាជន។ ពួកគេមិនបានគិតថាត្រូវធ្វើការផ្លាស់ប្តូររបបគ្រប់គ្រងដ៏គំហុគនោះឡើយ ដោយហេតុថាស្ថាប័នជាតិជាច្រើនមិនទាន់រឹងពឹងនិងមានឯករាជ្យភាពនៅឡើយដោយមិនធានាការផ្លាស់ប្តូរមួយដែលរលូន។ នេះជាភារកិច្ចទៅមុខសម្រាប់គណបក្សសង្គ្រោះជាតិត្រូវធ្វើការទាមទារ។
ជាមួយនឹងវត្តមានរបស់គណបក្សសង្គ្រោះជាតិនៅក្នុងសភា ការពិភាក្សាដេញដោលនឹងរស់រវើកហើយរដ្ឋាភិបាលកាន់តែត្រូវបានចាប់អោយទទួលខុសត្រូវចំពោះកិច្ចការជាតិ។
គណបក្សសង្គ្រោះជាតិនឹងក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់រុញអោយកម្ពុជាកាន់តែដើរលើផ្លូវត្រូវហើយប្រជាជនកាន់តែមានជីវិតសប្បាយរីករាយនិងសុភមង្គលជាងនេះ។ រាល់អំពើល្អដែលគណបក្សសង្គ្រោះជាតិបានផ្តល់ដល់ប្រទេសជាតិនឹងត្រូវប្រជាជនធ្វើការវាយតម្លៃនៅប្រាំឆ្នាំក្រោយទៀត។
ប៉ុន្តែបើសិនជា លោកសមរង្ស៊ីសម្រេចចិត្តដឹកនាំគណបក្សសង្គ្រោះជាតិដើម្បីតស៊ូតាមដងផ្លូវក្នុងក្តីសង្ឃឹមនឹងនឹងមានការផ្លាស់ប្តូរនោះ ការទស្សន័ទាយដ៏សោកសៅមួយនឹងរង់ចាំកម្ពុជា៕
Read more: http://www.cambodiapage.info/?p=16496#ixzz2fre3Wjjs