គ្រូបង្រៀន៣នាក់ នៅខេត្តតាកែវត្រូវ បង្ខំឲ្យប្ដូរកន្លែងការងារ
បញ្ហានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់ពាក្យប្ដឹងទៅសមាគមគ្រូអន្តរជាតិ (CITA) និងគ្រោងដាក់ពាក្យប្ដឹងទៅតុលាការ អំពីការរំលោភសិទ្ធិមន្ត្រីរាជការ និងបំបិទសិទ្ធិជ្រើសរើសការចូលរួមទៅក្នុងគណបក្សនយោបាយ។ ប៉ុន្តែ មន្ត្រីការិយាល័យអប់រំខេត្តនោះអះអាងថា ការប្ដូរគ្រូទាំងនោះ ពីសាលាមួយទៅសាលាមួយ មិនពាក់ព័ន្ធគណបក្សនយោបាយទេ ជាការប្ដូរបច្ចេកទេសអប់រំទៅវិញ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រចាំខេត្តតាកែវ ដាក់ពាក្យសុំឲ្យសមាគមអាហុក (Adhoc) ខេត្តនោះជួយការពារសិទ្ធិគ្រូ ៣រូប នៅសាលាបឋមសិក្សាសម៉រ ឃុំខ្វាវ ស្រុកទ្រាំង ដែលត្រូវផ្លាស់ប្ដូរសាលាបង្រៀនភ្លាមៗ បន្ទាប់ពីពួកគាត់បានចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ។
មន្ត្រីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តតាកែវ លោក នី ច័ន្ទតារ៉ាវុធ ថ្លែងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ថា ដំណើរការបោះឆ្នោតឆ្នាំ២០១៣ គ្រូច្រើននាក់ដែលបង្រៀននៅក្នុងខេត្តតាកែវ ហើយបានចូលរួមក្នុងការគាំទ្រគណបក្សសង្គ្រោះជាតិ រងនូវការបង្ខំឲ្យផ្លាស់ចេញពីសាលាកំពុងបង្រៀន ឲ្យទៅកាន់ឃុំ និងស្រុកផ្សេងៗ។ លោកហៅថា ការប្ដូរកន្លែងធ្វើការរបស់លោកគ្រូទាំងនោះ មិនបានប្រាប់កំហុស ឬព្រមានសាមីខ្លួនឲ្យដឹងមុន ជាទង្វើខុសនឹងច្បាប់របស់ក្រសួងអប់រំ ហើយអាចសង្ស័យទៅដល់ការរើសអើងគណបក្សនយោបាយ។ មូលហេតុនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់ពាក្យប្ដឹងទៅក្រសួងអប់រំ និងដាក់ពាក្យប្ដឹងទៅសមាគមការពារសិទ្ធិមនុស្សអាដហុក និងដាក់ពាក្យប្ដឹងទៅសមាគមគ្រូអន្តរជាតិ ដើម្បីជួយដល់គ្រូៗទាំងនោះ។
លោក នី ច័ន្ទតារ៉ាវុធ៖ «ការដកនេះ ពុំមានការកោះប្រជុំគ្រូទាំង ៣នាក់ហ្នឹង ឲ្យគាត់បានដឹងខ្លួនទេ។ ទី២ លិខិតបង្គាប់ការរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ខុសនឹងសហលក្ខន្តិកៈរបស់មន្ត្រីរាជការអប់រំដែរ។ ដោយលិខិតបង្គាប់នោះមិនមែនគាត់ផ្ញើមកឲ្យគ្រូទាំង ៣នាក់ ដែលត្រូវដកនោះទេ គឺគាត់ផ្ញើតាមរយៈមេឃុំខ្វាវ ឲ្យមេភូមិហ្នឹងយកទៅផ្សព្វផ្សាយ ទៅចាក់មេក្រូនៅតាមរោងបុណ្យទៅទៀត។ ហើយការដកហ្នឹង គឺគាត់ដក ៣ តែគាត់ដាក់ ៤។ ក្នុងចំណោម ៤ហ្នឹង គឺមានកូននាយកសាលាក្នុងហ្នឹងមួយទៀត»។
ការផ្លាស់ប្ដូរសាលារបស់គ្រូនៅក្នុងខេត្តតាកែវ នោះ បានធ្វើឡើងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បន្ទាប់ពីលោកគ្រូទាំងនោះបានចូលរួមក្នុងការងារគណបក្សសង្គ្រោះជាតិ។ លោកគ្រូដែលប្ដូរចេញពីសាលាបឋមសិក្សាសម៉រ ចំនួន ៣នាក់ ក្នុងឃុំខ្វាវ រួមមាន លោក ជឹម វណ្ណៈ លោក ជាម ចិន និង លោក ឃ្លាំង ចាន់តារ៉ា។ គ្រូទាំង ៣នាក់ ប្ដូរទៅបង្រៀននៅសាលាក្នុងឃុំផ្សេង ដែលមានចម្ងាយទៅមកប្រមាណ ៥០ ទៅ ៦០គីឡូម៉ែត្រ ពីសាលាចាស់។ ក្រៅពីគ្រូសាលាបឋម ក៏មានគ្រូនៅវិទ្យាល័យ សុខ អាន ទន្លាប់ ក្នុងស្រុកគីរីវង់ ឈ្មោះ លោក ប៉ិល ម៉េងឃាង ក៏បានទទួលលិខិតឲ្យប្ដូរមកប្រចាំការនៅក្នុងមន្ទីរអប់រំ ខេត្តតាកែវ វិញដែរ។
បំភ្លឺតបនឹងការលើកឡើងរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី ជិត គឹមណាវី ប្រធានការិយាល័យអប់រំស្រុកទ្រាំង ថ្លែងថា ការផ្លាស់ប្ដូរសាលាបង្រៀនរបស់គ្រូៗទាំងនោះ មិនមានអ្វីជាប់ពាក់ព័ន្ធគណបក្សនយោបាយទេ គឺជាការប្ដូរបច្ចេកទេសអប់រំប៉ុណ្ណោះ៖ «ក្នុងនាមអ្នកអប់រំ យើងគិតទៅលើគុណភាពអប់រំ តាមគោលការណ៍ណែនាំរបស់ក្រសួង មន្ទីរ ហើយនិងពាក់ព័ន្ធជាមួយនឹងធនធានកូនចៅរបស់ប្រជាពលរដ្ឋប៉ុណ្ណឹងទេ យើងអត់មានគិតនយោបាយអីទេ ព្រោះយើងក្នុងនាមបច្ចេកទេស»។
មន្ត្រីសមាគមអាដហុក ខេត្តតាកែវ លោក អ៊ុន ថាន្ទន ថ្លែងថា តាមការស៊ើបអង្កេតបានរកឃើញថា ការប្ដូរសាលារបស់គ្រូនៅក្នុងឃុំខ្វាវ ស្រុកទ្រាំង មានភាពមិនត្រឹមត្រូវតាមច្បាប់អប់រំទេ៖ «ព្រោះការផ្លាស់ប្ដូរហ្នឹង ខ្ញុំមើលទៅវាដូចជាមានភាពគួរឲ្យសង្ស័យច្រើន»។
លោកគ្រូ ជឹម វណ្ណៈ បង្រៀននៅសាលាបឋមសិក្សាសម៉រ ថ្លែងថា គាត់ត្រូវបាននាយកសាលាថ្មីកោះហៅទៅបង្ហាញខ្លួន ចាប់ពីថ្ងៃទី១៦ ខែកញ្ញា។ បើមិនដូច្នេះទេ គេនឹងមានវិធានការតាមច្បាប់អប់រំ ចំពោះគាត់៖ «ទៅមកហ្នឹង ខ្ញុំវាស់គីឡូកាលពីម្សិលមិញ វា ៤៦គីឡូ។ ហើយ ៤៦គីឡូហ្នឹង គឺផ្លូវវេទនា លំបាក សុទ្ធតែភក់ជ្រាំ ហើយទៅមកហ្នឹងអស់សាំងជាង ១លីត្រ»។
ចំណែកលោកគ្រូ ឃ្លាំង ចាន់តារ៉ា ថ្លែងថា គាត់ត្រូវប្ដូរទៅបង្រៀនដល់សាលាបឋមសិក្សាអង្គុញ ដែលនៅព្រំប្រទល់ស្រុកបូរីជលសារ។ ដូច្នេះ ការធ្វើដំណើរទៅមកក្នុង១ថ្ងៃជាង ៦០គីឡូម៉ែត្រ ចំណាយសាំង ១,៥០លីត្រ បើធៀបនឹងប្រាក់ខែរដ្ឋាភិបាលផ្តល់ឲ្យប្រចាំខែជាង ២៨ម៉ឺនរៀល គាត់មិនអាចទូទាត់លុយទិញអាហារហូប និងជួលកន្លែងស្នាក់នៅ និងចាក់សាំងបានទេ។ លោកសុំឲ្យក្រសួងអប់រំ ជួយដោះស្រាយមន្ត្រីរាជការដែលមានផ្ទះនៅឆ្ងាយពីសាលារៀន គួរបន្ថែមប្រាក់បេសកកម្មឲ្យគ្រូៗដូចគាត់ផង។
អ្នកស្រី ជិត គឹមណាវី ប្រធានការិយាល័យអប់រំ ស្រុកទ្រាំង ឲ្យដឹងថា គ្រូបង្រៀននៅក្នុងទីប្រជុំជន មិនមានប្រាក់បេសកកម្ម និងប្រាក់តំបន់ដាច់ស្រយាលនោះទេ៕
ប្រភពពី វិទ្យុអាស៊ីសេរី