បុរសប្រមឹកអាយុ៦២ឆ្នាំ ចាប់ក្មេងស្រីអាយុ៨ឆ្នាំ រំលោភមិនបានសម្រេច ត្រូវចាប់ខ្លួន
ខេត្តកណ្តាល ៖ បុរសប្រមឹកម្នាក់បានធ្វើសកម្មភាពចាប់ក្មេងស្រីទើបមានអាយុ៨ឆ្នាំរំលោភសេពសន្ថវៈ ក្នុងខណៈពេលម្តាយរបស់នាងមិននៅ ដោយជាប់រវល់ទៅធ្វើការ ហើយឱ្យនាងនៅជាមួយនឹងជីដូន ប៉ុន្តែការប៉ងរំលោភនោះមិនបានសម្រេចទេ ។ ក្រោយមក ម្តាយ និងជីដូនរបស់ក្មេងស្រីក៏ប្តឹងនគរបាលស្រុកអង្គស្នួល និងនគរបាលប៉ុស្តិ៍ឃុំម្កាក់ឱ្យធ្វើការឃាត់ខ្លួនជននេះកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី២៦ កញ្ញា នៅក្នុងភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ។
ជនប្រមឹកម្នាក់នេះឈ្មោះ ពយ ភឿន អាយុ៦២ឆ្នាំ មានទីលំនៅក្នុងភូមិខាងលើ ។ តាមប្រភពព័តមានពីនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួលបានឱ្យដឹងថា ហេតុការណ៍ចាប់រំលោភនេះបានកើតឡើងតាំងពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៥ កញ្ញា មកម៉្លេះ ។ នៅមុនពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះជាប់រវល់ទៅធ្វើការដោយទុកនាងឱ្យនៅផ្ទះជាមួយនឹងជីដូន លុះដល់ម៉ោងជាង៣រសៀល ជនប្រមឹកម្នាក់នេះបានបបួលនាងតូចទៅផ្ទះរបស់ខ្លួន ប៉ុន្តែនាងមិនព្រមទៅ ក៏ត្រូវជននេះចាប់បីនាងទៅផ្ទះរបស់ខ្លួនតែម្តង ។
ប្រភពដដែលបានបន្តថា ខណៈនោះប្អូនស្រីនាងដែលទើបមានអាយុ៤ឆ្នាំ ឃើញជនប្រមឹកចាប់បីបងស្រីបែបនេះក៏រត់ទៅតាម ចំណែកឯជននោះក្រោយពេលបីនាងទៅដល់ផ្ទះរបស់ខ្លួនហើយក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទាំងកំរោល ប៉ុន្តែមិនបានសម្រេចទេ ។ តាមការសាកសួរជននោះបានប្រាប់ថា មកពីខ្លួនស្រវឹងខ្លាំងពេក ប៉ុន្តែនៅក្នុងខណៈពេលកំពុងធ្វើសកម្មភាពនោះក៏អស់អារម្មណ៍ ទើបខ្លួនឈប់រំលោភ និងបានដើរចេញឯក្មេងស្រីក៏ត្រឡប់ទៅផ្ទះវិញ។
ប្រភពដដែលបានបន្តថា នៅក្នុងពេលជននោះកំពុងធ្វើសកម្មភាពរំលោភ ប្អូនរបស់នាងបានរត់ទៅប្រាប់ជីដូននាង ប៉ុន្តែជីដូនរបស់នាងមិនបានបញ្ចេញប្រតិកម្មភ្លាមៗឡើយ រហូតដល់ម្តាយរបស់នាងត្រឡប់មកពីធ្វើការវិញទើបជីដូននិយាយរឿងនោះប្រាប់ ។ បន្ទាប់មកម្តាយនាងបានប្តឹងទៅនគរបាលស្រុកអង្គស្នួលឱ្យចាប់ខ្លួនជនប្រមឹកម្នាក់នោះដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
មន្ត្រីសមត្ថកិច្ចនិយាយថា ជនសង្ស័យជាមនុស្សស្រវឹងខួប ហើយក្រោយពេលទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីភ្លាម លោកវរសេនីយ៍ត្រី មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកងកម្លាំងឱ្យចុះទៅឃាត់ខ្លួនជននោះភ្លាមៗ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ៕