នយោបាយការទូត និងបាតុកម្មលើកទី៣ ទំនងជាជំហានបន្ទាប់ របស់គណបក្សសង្គ្រោះជាតិ
បន្ទាប់ពីបានធ្វើពហិការមិនចូលរួមប្រជុំសភាថ្ងៃដំបូងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងបន្តធ្វើនយោបាយការទូតក្រៅប្រទេសសុំកុំ អោយអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជាដែលលោក កឹម សុខា ចាត់ទុកថាជារដ្ឋាភិបាលខុសច្បាប់។
លោក កឹម សុខា បានថ្លែងប្រាប់វិទ្យុអូស្ត្រាលីខេមរភាសានៅព្រឹកថ្ងៃអង្គារនេះថា បាតុកម្មលើកទី៣អាចនឹងកើតមានឡើងប្រសិនគ្មានដំណោះស្រាយសមស្របណាមួយទេនោះ។ ក៏ប៉ុន្តែលោកនៅពុំទាន់អាចបញ្ជាក់អំពីគម្រោងលំអិតនៅឡើយទេ ដោយលើកឡើងថាមេដឹកនាំគណបក្សសង្គ្រោះជាតិកំពុងធ្វើការពិក្សាគ្នា។
(សំឡេង លោក កឹម សុខា)
បេក្ខជនតំណាងរាស្រ្ដជាប់ឆ្នោតទាំង៥៥រូបមកពីគណបក្សសង្គ្រោះជាតិរហូតមកដល់ថ្ងៃទី ២៤ ខែកញ្ញាថ្ងៃនេះនៅមិនបានចូលរួមប្រជុំសភាលើកទីមួយនៅឡើយទេ។ ដូច្នេះការប្រជុំសភាប្រព្រឹត្តទៅដោយឯកបក្ស ពោលគឺមានតែបេក្ខជនតំណាងរាស្រ្ត៦៨រូបមកពីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
យ៉ាងណាមិញលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមានសុទិដ្ឋិនិយមថាដំណោះស្រាយអាចនឹងកើតមានឡើងនៅពេលខាងមុខ។
សម្រាប់លោក David Chandler អ្នកប្រវត្ដិសាស្រ្ដកម្ពុជាបានលើកឡើងថា ការមិនចូលរួមរបស់គណបក្សសង្រ្គោះជាតិហាក់បីដូចជាផ្ទុយទៅនឹងឆន្ទៈពលរដ្ឋគាំទ្រគណបក្សខ្លួនដែលបានបោះឆ្នោតគាំទ្រគណបក្សសង្រ្គោះជាតិដោយធ្វើឲ្យម្ចាស់ឆ្នោតនៅតែលតោល។
(សំឡេងលោក David Chandler)
លោកថា ម្ចាស់ឆ្នោតបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិបាន៥៥កៅអី ហើយប្រសិនបើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំណាយពេលយូរនោះ ពួកគេនឹងមិនអាចទទួលបានកៅអីទាំងនោះក្នុងសភាឡើយ។
យ៉ាងណាក៏ដោយទាក់ទងនឹងបញ្ហាការទូតជាមួយបរទេសនោះ ក្រសួងការបរទេសកម្ពុជាក្រើនរំលឹកស្ថានទូតបរទេសនៅកម្ពុជាថាកុំអោយលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សេចក្តីថ្លែងការណ៍ចេញដោយក្រសួងការបរទេសកម្ពុជាបានអោយដឹងថាគណបក្សប្រជាជនកម្ពុជាមិនត្រូវការការទទួលស្គាល់ពីបរទេសទេ ដោយហេតុថាគណបក្សមួយនេះបានទទួលការគាំទ្រពីប្រជាជនកម្ពុជាគ្រប់គ្រាន់ទៅហើយ។
អត្ថន័យក្នុងសេចក្តីថ្លែងការណ៍ដដែលចេញផ្សាយនៅថ្ងៃទី ២៤ ខែកញ្ញា បានធ្វើការក្រើនរំលឹកដល់ស្ថានទូតបរទេសប្រចាំនៅកម្ពុជាទាំងអស់ថាមិនត្រូវលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
ការចេញសេចក្តីថ្លែងការណ៍នេះកើតមានឡើងចំពេលដែលមានការប្រកាសព័ត៌មានជាបន្ដបន្ទាប់ពីសំណាក់ស្ថានទូតអាម៉េរិក និងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចំានៅកម្ពុជាកាលពីម្សិលមិញតាមសេចក្តីប្រកាសព័ត៌មានថា ការចូលរួមរបស់ឯកអគ្គរដ្ឋទូតអាម៉េរិកក្នុងសម័យបើកការប្រជុំសភាមិនមែនមានន័យថា សហរដ្ឋអាម៉េរិកទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឬគណបក្សនយោបាយណាមួយនោះទេ ហើយបន្តឲ្យដឹងថា សភាជាតិដែលដំណើរការត្រឹមត្រូវលុះត្រាណាតែមានការចូលរួមពីគណបក្សនយោបាយដែលជាប់ឆ្នោតទាំងពីរ។
ស្រដៀងនឹងគ្នានោះដែរស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបញ្ជាក់ថាសភាជាតិអាចដំណើរការត្រឹមត្រូវទៅបានទាមទារអោយមានគណបក្សពីរដែលជាប់ឆ្នោត៕
ប្រភពពី វិទ្យុអុស្រ្តាលី