ជនជាតិភាគតិច៥នាក់ ប្តឹងអាដហុករឿង មេឃុំគំរាមសម្លាប់
រតនគិរីៈ ពលរដ្ឋជនជាតិដើមភាគតិច ៤ នាក់ និងអាជ្ញាធរភូមិម្នាក់ដែលជាតំណាងពលរដ្ឋ ៥០ គ្រួសារក្នុងស្រុក បរកែវ បានប្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុក នៅថ្ងៃចន្ទនេះ ដើម្បីសុំអន្តរាគមន៍ បន្ទាប់ពីមេឃុំបានគំរាមសម្លាប់ពួកគាត់ ដែលហ៊ានប្តឹងជំទាស់ទៅនឹងដីកាតម្កល់រឿងលោកមេឃុំលួចលក់ដីឥតចាត់ការ។
កាលពីខែមិនាឆ្នាំ ២០១៣ នេះ ពលេរដ្ឋទំពួន ៥០ គ្រួសារនៅក្នុងភូមិគ្លិ ឃុំស៊ើង ស្រុក បរកែវ បានដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងលោកមេឃុំឈ្មោះ រម៉ាម ថាំងអាយុ ៥៧ ឆ្នាំពីបទលួចលក់ដីសាលាឃុំ ស៊ើងទំ ហំ ៥២ ម៉ែត្រគុណ ៧២ ម៉ែត្រតម្លៃ ១ ម៉ឺនដុល្លារទៅអ្នកភូមិម្នាក់ឈ្មោះម៉េង។ កាលពីថ្ងៃទី ១៧ ខែ កញ្ញា នេះ លោកជា សុភ័ក្រ្ត តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីបានសម្រេចតម្កល់រឿងឥតចាត់ការ។
ប្រជាពលរដ្ឋកើតទុកមិនសុខចិត្ត ហើយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តំណាងពួកគាត់ចំនួន ៥ នាក់រួមមានលោក រចំ ណល ជាអនុភូមិគ្លិ លោក ទីង កែវ លោក រចំ ហ៊ុន លោកទីង សំភា និងលោក ទីង គឹមឡូ បានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីប្តឹងជំទាស់ទៅនឹងការសម្រេចតម្កល់ករណីនេះឥតចាត់ការ។
លោក ទីង កែវ អាយុ ៣០ ឆ្នាំបានឲ្យដឹងនៅថ្ងៃចន្ទនេះថា បន្ទាប់ពីដឹងថា ពួកលោកបានប្តឹងជំទាស់នោះ លោកមេឃុំឈ្មោះ រម៉ាម ថាំង បានគំរាមសម្លាប់ពួកគាត់។
ប្រភពពី ភ្នំពេញប៉ុស្តិ៍