សហ​ព្រះរាជ​ អាជ្ញា​អន្តរជាតិ​ Adrew​ Cayley​ លាលែង​ពីសាលា ​ក្តីខ្មែរ​ក្រហម​

9/09/2013 0 Comments A+ a-

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក Andrew Cayley បាន​លាឈប់​ពី​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃទី១៦កញ្ញា​ខាងមុខនេះ។ មូលហេតុ​នៃ​ការលាឈប់​ដែល​សហ​ព្រះរាជអាជ្ញា​ជនជាតិ​អង់គ្លេស​រូបនេះ ភ្ជាប់​ជាមួយ​បញ្ហា​ផ្ទាល់ខ្លួន។ សហ​ព្រះរាជអាជ្ញា​ថ្មី​ជនជាតិ​អាមេរិក ឈ្មោះ Nicholas Koumjian ត្រូវគេ​រំពឹងថា​នឹង​មកកាន់​មុខងារ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម​បន្ត​ពី​លោក Andrew Cayleyនេះ។
ចាប់ពី​ថ្ងៃទី១៦កញ្ញា​សប្តាហ៍​ក្រោយនេះ​ទៅ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ លោក Andrew Cayley នឹង​លែងមាន​វត្តមាន​នៅក្នុង​តុលាការ​ខ្មែរក្រហម​នេះ​ទៀតហើយ។ សហ​ព្រះរាជអាជ្ញា​ជនជាតិ​អង់គ្លេស​ដែល​បានចាប់ផ្តើម​ការងារ​នៅ​សាលាក្តី​ខ្មែរក្រហម​កាលពី​ឆ្នាំ២០០៩រូបនេះ បាន​សុំលាលែង​ពី​ដំណែង ដើម្បី​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​នៅ​ប្រទេស​កំណើត​វិញ។ ការលាលែង​នេះ​ត្រូវបាន​លោក​សហ​ព្រះរាជអាជ្ញា​និយាយ​ភ្ជាប់​ទៅនឹង​មូលហេតុ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។ ការប្រកាស​លាលែង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ផ្ទាល់ខ្លួន​លោក Andrew Cayley ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ។
នេះ​គឺជា​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ទី២ហើយ ដែល​បាន​លាលែង​ពី​ដំណែង​នៅ​តុលាការ​ខ្មែរក្រហម។ សហ​ព្រះរាជអាជ្ញា​ទីមួយ​គឺ​លោក Robert Petit ជនជាតិ​កាណាដា ដែល​បាន​លាលែង​ចុងឆ្នាំ២០០៩ មុន​ការមកដល់​របស់លោក Adrew Cayleyនេះ។
អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក​នេ​ត ភក្ត្រា​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​ថា ការលាលែង​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នឹង​ពិតជា​មិន​ធ្វើអោយប៉ះពាល់​តំណើរការ​នីតិវិធីតុលាការ​ពិសេស​ឡើយ ដ្បិត​នៅក្នុង​ការិយាល័យ​សហ​ព្រះរាជអាជ្ញា នៅមាន​សហ​ព្រះរាជអាជ្ញា​ជាតិ និង​សហ​ព្រះរាជអាជ្ញារង​អន្តរជាតិ។ ហើយ​ថា​ទន្ទឹមគ្នានេះ​នឹង​ការស្នើ​បេក្ខភាព​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បម្រុង​ជនជាតិ​អាមេរិក គឺ​លោក Nicholas Koumjian។ យោងតាម​សេចក្តី​ព័ត៌មាន​របស់លោក Andew Cayley សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បម្រុង Nicholas Koumjian នឹង​មកដល់​កម្ពុជា​នៅ​ខែតុលា​ខាងមុខនេះ។
យោងតាម​នីតិវិធី បេក្ខភាព​របស់​សហ​ព្រះរាជអាជ្ញា Nicholas Koumjian នឹងត្រូវ​បញ្ជូនទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដើម្បី​សម្រេច។
ការលាលែង​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ បាន​កើតឡើង​ចំពេល​ដែល​សាលាក្តី​ពិសេស​នេះ​កំពុង​ជួបប្រទះ​វិបត្តិ​ហិរញ្ញវត្ថុ។ វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កើត​មានតែ​ទៅលើ​បុគ្គលិក​ជាតិ​ប៉ុណ្ណោះ ហើយ​លោក​សហ​ព្រះរាជអាជ្ញា​Andrew Cayley បាន​ថ្លែង​ជូនពរ​អោយ​វិបត្តិ​នេះ​ត្រូវបាន​ដោះស្រាយ។
អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​បញ្ជាក់ថា រហូត​ថ្ងៃ​ទីនេះ​បុគ្គលិក​ជាតិប្រមាណ១៤០នាក់​ដែល​រួមមាន​ទាំង​មន្ត្រី​នៃ​ការិយាល័យ​ច្បាប់​ផង​កំពុង​បន្ត​កូដកម្ម​មិន​បំពេញការងារ រហូតដល់​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​ទទួលបាន​ប្រាក់បៀវត្សរ​ឡើងវិញ។ ប្រាក់បៀវត្សរ​ដែល​ពួកគេ​បាន​ខកខាន​មិនបាន​បើក​ចំនួន៣ខែ​មកហើយ៕
ប្រភពពី RFI