វះកាត់ដើមទ្រូង ៖ អត្ថប្រយោជន៍ និងផលប៉ះពាល់

8/06/2013 0 Comments A+ a-

ការកែសុដន់ឬកែដើមទ្រូង ដោយការវះកាត់ ភាគច្រើនកើតមាន ចំពោះស្ដ្រីដែលនៅលីវ និងស្ដ្រីវ័យកណ្ដាល ដែលមានបញ្ហា ដើមទ្រូងយារធ្លាក់ខ្លាំង ដើមទ្រូងតូច ឬមិនមានដើមទ្រូង តែម្ដង។ ការវះកាត់កែដើមទ្រូងអាច ជាមូលហេតុនៃការ វះកាត់ព្យាបាល ជម្ងឺ និងជាផ្នែកមួយ នៃការវះកាត់កែសម្ផស្សផងដែរ។ តើការវះកាត់កែដើមទ្រូង ធ្វើឡើងដូចម្ដេច? តើការវះកាត់កែសម្ផស្ស នេះអាចមានបញ្ហាដែរឬទេ?
ដើម្បីធ្វើការបកស្រាយអំពីការវះកាត់ដើមទ្រូងនេះជូនប្រិយមិត្ដ អ្នកអានទាំងឡាយ គេហទំព័រសុខភាពកម្ពុចា បានជួបធ្វើ កិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា អ្នកជំនាញខាងវះកាត់កែសម្ផស្សនៅមន្ទីរសម្រាកព្យាបាលសុខហុក។
មូលហេតុដែលត្រូវវះកាត់ដើមទ្រូង
នៅពេលដែលយើងឮថាការវះកាត់កែសុដន់ យើងតែងគិតថាមានមូលហេតុតែមួយគត់គឺការកែសម្ផស្ស។ ផ្ទុយទៅវិញនៅ មានមូលហេតុផ្សេងទៀតដែលបណ្ដាលអ្នកជម្ងឺសម្រេចចិត្ដទៅទទួលការវះកាត់លើ សុដន់។
1 . មូលហេតុវះកាត់ដោយការព្យាបាលជម្ងឺ ៖ ការវះកាត់នេះអាចកើតឡើងដោយសារតែការព្យាបាលជម្ងឺ ដូចជាមាន បញ្ហាដុំក្នុងសុដន់ ឬជាជម្ងឺមហារីកជាដើម។ ដូចនេះគ្រូពេទ្យត្រូវធ្វើការវះកាត់យកក្រពេញសុដន់ចេញហើយធ្វើការ បង្កើតជារូបរាង សុដន់ឡើងវិញ ដោយមធ្យោបាយផ្សេងៗ។
2 . មូលហេតុវះកាត់ដោយការកែសម្ផស្ស ៖ ក្រៅពីបញ្ហាព្យាបាលជម្ងឺហើយនោះ វិធីនេះក៏ជាផ្នែកមួយនៃការវះកាត់កែ សម្ផស្សសម្រាប់ស្ដ្រីទាំងឡាយផងដែរ។ បញ្ហានេះអាចកើតមានសម្រាប់អ្នកដែលនៅលីវមិនសូវមានដើមទ្រូង ដែលចាំបាច់ត្រូវការ ធ្វើឱ្យខ្លួនមានសុដន់ឡើងវិញគួរជាទីពេញចិត្ដដោយការវះកាត់ដើមទ្រូង។ មួយវិញទៀតគឺចំពោះអ្នកដែលក្រោយពីសម្រាលកូនហើយ ដើមទ្រូងមានសភាពយារធ្លាក់ នេះក៏ជាមូលហេតុមួយដែលធ្វើឱ្យគាត់សម្រេចទៅធ្វើការវះកាត់កែដើមទ្រូង ដើម្បីបានដើមទ្រូងគួរ ជាទីពេញចិត្ដសម្រាប់ខ្លួន។ ឯមួយវិញទៀតគឺចំពោះស្ដ្រីវ័យចំណាស់នៅអឺរ៉ុបគឺមកធ្វើការវះកាត់ កែសម្ផស្ស ដោយសារតែមានបញ្ហា ដើមទ្រូងធ្លាក់ខ្លាំង។
វិធីវះកាត់កែដើមទ្រូង
ចំពោះការវះកាត់ដើមទ្រូងភាគច្រើនគេជ្រើសរើសយកការដាក់ស៊ីលីកូន ទៅក្នុងទ្រូង។ ស៊ីលីកូនគឺជាប្រភេទប្រូតេស៏ (Prothese)ម្យ៉ាងដែលមានរាងដូចសុដន់ សភាពទន់ជ្រាយៗដែលមានទៅតាមទំហំរបស់មនុស្ស។ វិធីនៃការវះកាត់កែដើមទ្រូងនេះ យើងត្រូវធ្វើការវះកាត់នៅជុំវិញក្បាលសុដន់ ហើយបញ្ចូលស៊ីលីកូនចូលទៅក្នុង ដើម្បីឱ្យដើមទ្រូងមានសភាពប៉ោងស្អាតតាមធម្មជាតិ ។ ឯវិធីមួយវិញទៀត បើសុដន់ដែលធ្លាក់ខ្លាំងគឺគេវះកាត់នៅខាងក្រោមសុដន់ និងអាចវះនៅខាងចំហៀងតែម្ដង។ ប៉ុន្ដែភាគច្រើននៃ ការវះកាត់ដើមទ្រូងនេះ គេនិយមវះកាត់នៅជុំវិញក្បាលសុដន់ជាង ព្រោះនៅពេលដែលដេរភ្ជិតមកវិញធ្វើឱ្យមិនមានស្នាមអ្វីគួរឱ្យកត់ សម្គាល់នោះទេ។ ក្នុងការវះកាត់ គេត្រូវការវះកាត់ដាក់ស៊ីលីកូននៅកល់ខាងក្រោមក្រពេញសុដន់ បើក្នុងករណីមិនមានក្រពេញសុដន់ គ្រប់គ្រាន់នោះ គេត្រូវដាក់ស៊ីលីកូននៅខាងក្រោមសាច់ដុំទ្រូងតែម្ដង។
ដើមទ្រូងជាភាពស្រស់ស្អាត
ទោះបីជាមានដើមទ្រូងតូចឬធំគឺជារឿងធម្មជាតិ តែបើស្ដ្រីទាំងឡាយមានភព្វសំណាងទទួលនូវដើមទ្រូងដែលតឹងណែនក្បំ ល្អហើយនោះគឺ កាន់តែផ្ដល់ភាពទាក់ទាញ និងជាទីពេញចិត្ដមួយផ្នែកទៀតនៃសម្រស់របស់ពួកគេ។ ដើម្បីបំពេញបំណងប្រាថ្នាដែលចង់បាននូវដើមទ្រូងដ៏ស្រស់ស្អាត ស្ដ្រីមួយចំនួនដែលមានបញ្ហាដើមទ្រូងតូចយារធ្លាក់គ្មានក្រពេញសុដន់ បានជ្រើសរើសយកវិធីកែដើមទ្រូងរបស់ខ្លួនដោយការវះកាត់។ ស្ដ្រីទាំងឡាយតែងទទួលបានដើមទ្រូងគួរជាទីពេញចិត្ដបន្ទាប់ពីទទួលការ វះកាត់ តែទន្ទឹមនឹងនោះការវះកាត់កែដើមទ្រូង ក៏អាចមានផលប៉ះពាល់មួយចំនួនផងដែរ។
ផលប៉ះពាល់នៃការវះកាត់ដើមទ្រូង
ដើម្បីចៀសវាងនូវបញ្ហាមួយចំនួន មុននឹងធ្វើការវះកាត់ ក្រុមគ្រូពេទ្យជំនាញត្រូវដឹងអំពីអ្នកជម្ងឺថាស្បែកមានប្រតិកម្មជា មួយអ្វីទេ មានបញ្ហាឈាមក្រកកឬទេ ត្រូវថតសុដន់មើលថាមានដុំអ្វីនៅក្នុងនោះទេ ដើម្បីឱ្យដឹងថាជាដុំមហារីកឬមិនមែន។ បើមិនជាដុំមហារីក យើងអាចធ្វើការវះកាត់បាន តែបើជាដុំមហារីកវិញនោះ ប្រការល្អកុំវះកាត់ចៀសវាងមានបញ្ហា ចំពោះការតាមដានមហារីកនេះដែលអាចបាំងដោយសារស៊ីលីកូន។ ជាបញ្ហាមួយដែលត្រូវព្រួយបារម្ភខ្លាំងបំផុតចំពោះស្ដ្រីដែលមានវ័យ ជាង៤០ឆ្នាំ គឺមានការលំបាកនៅពេលដែលចង់ទៅឆ្លុះពិនិត្យរកដុំក្នុងសុដន់គឺអាច ច្រឡំជាមួយនឹងដុំស៊ីលីកូន ធ្វើឱ្យយើងមិនអាចដឹងច្បាស់។ ដូច នេះជាប្រការមួយដែលត្រូវប្រុងប្រយ័ត្នចំពោះស្ដ្រីដែលមានវ័យជាង ៤០ឆ្នាំនេះ បន្ទាប់ពីការវះកាត់ដើមទ្រូងរួច។
ដំបូន្មានអ្នកជំនាញ
បន្ទាប់ពីការព្យាបាលរួច យើងត្រូវមកពិនិត្យតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតដើម្បីធ្វើការ តាមដាន។ នៅពេលមានផ្ទៃ ពោះបើសិនជាអាចមិនត្រូវបំបៅដោះកូននោះទេ ព្រោះអាចធ្វើឱ្យដោះរីក និងមានការប្រែប្រួលឡើងវិញ។ តែភាគច្រើនស្ដ្រីដែលមក ធ្វើការវះកាត់នេះគឺមិនសូវចង់បានកូនប៉ុន្មានទេ។ ប្រការដែលគួរធ្វើមួយទៀត គឺនៅពេលដែលងូតទឹកឧស្សាហ៍ស្ទាបដោយលើកដៃ ឡើងហើយស្ទាបថាមានដុំពកកន្លែងណាទេ បើសិនជាមានពកត្រូវរួសរាន់មកធ្វើការពិនិត្យមើលឱ្យទាន់ពេលវេលា ដើមី្បដឹងថាជាដុំស៊ីលីកូន ឬជាដុំអ្វីផ្សេងពីនេះ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com