ជនជាតិជប៉ុនម្នាក់ នឹងបុរសខ្មែរម្នាក់ទៀត ស្លាប់ នៅកន្លែងកើតហេតុ ខណ:ជិះម៉ូតូ បុកគ្នា

8/06/2013 0 Comments A+ a-

ភ្នំពេញ ៖ បុរស ២ នាក់ ម្នាក់ជាជនជាតិជប៉ុន បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម  ចំណែក ម្នាក់ទៀតជាជនជាតិខ្មែរ ស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈដែលពួកគេបានជិះម៉ូតូ ២គ្រឿងក្នុងល្បឿន លឿនដូច គ្នាហើយជ្រុលបុកគ្នា យ៉ាងពេញទំហឹងនៅចំណុច ទល់មុខរោងកុនលុច្ស ស្ថិតតាមបណ្តោយ មហាវិថីព្រះនរោត្តម កែងផ្លូវ លេខ ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២ និង ៤០ នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៣។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ បុរសជនជាតិជប៉ុន ម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក EAGLE ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BW-2478 ធ្វើដំណើរចេញពីផឹក ស៊ីតាមបណ្តោយផ្លូវលេខ ១៥៤ ក្នុងទិសដៅពីកើតទៅលិច ដោយបានជិះយ៉ាងលឿន ខណៈជិះដល់ចំណុចកែង ផ្លូវព្រះនរោត្តម បុរសជាជនជាតិជប៉ុន បានទាញចង្កូតម៉ូតូ បត់ខាង ឆ្វេងដៃចូល តាមផ្លូវព្រះនរោត្តម ក្នុងទិស ដៅពីជើងទៅត្បូង ខណៈស្របពេល ដែលបុរសជាជនជាតិខ្មែរម្នាក់ កំពុងជិះ ម៉ូតូឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Y-1614 តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ជ្រុល ទៅ បុកគ្នាជាមួយម៉ូតូ របស់ជនជាតិជប៉ុន ដែលកំពុងជិះបញ្រ្ចាសទិសគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យបុរស ជាជន ជាតិជប៉ុន ដួលបោកក្បាលបែក និងបាក់ក ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាមគរពីលើម៉ូតូ ចំណែកជនជាតិ ខ្មែរ ដែលរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យនោះ គឺត្រូវស្លាប់បាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យផងដែរ ចំណែកឯម៉ូតូទាំង ២គ្រឿង ត្រូវការខូចខាតទាំងស្រុងតែម្តង ។
សមត្ថកិច្ចនៅមិនទាន់អត្តសញ្ញាណបុរសទាំង ២នាក់ដែលស្លាប់ក្នុងហេតុការណ៍ខាងលើនេះនៅឡើយ ទេ ហើយសមត្ថកិច្ច បាន បញ្ជក់ថា ក្រោយកើតហេតុសាកសពជនជាតិជប៉ុនត្រូវបានប្រគល់ឲ្យក្រុមសាច់ញាតិ របស់គេយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកសាកសពបុរសជនជាតិខ្មែរ ត្រូវតម្កល់មន្ទីរពេទ្យកាល់ម៉ែតរង់ចាំ ទំនាក់ទំនងទៅក្រុម គ្រួសារឲ្យ មកទទួលយកទៅធ្វើបុណ្យ ។
ដោយឡែកម៉ូតូទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ច ជំនាញចុះមកវាស់វែង អូសយកទៅ រក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ គ្រោះថ្នាក់នេះបង្កឡើង ដោយសារភាគីទាំង ២ បើកបរម៉ូតូក្នុងល្បឿនលឿន ដូចគ្នា ជាពិសេសដល់ចំណុចផ្លូវកែង ពួកគេមិនចេះយោគយល់ អធ្យាស្រ័យគ្នា ទើបបង្កឲ្យមានគ្រោះថ្នាក់ រហូតធ្វើឲ្យបាត់បង់ជីវិត ក្នុងមួយពព្រិចភ្នែកបែបនេះ៕








ដោយៈ ដើមអម្ពិល