រកឃើញសព និស្សិតស្រី ជិះម៉ូតូមក ស្ពានជ្រោយចង្វា លោតទឹកសំលាប់ខ្លួន

7/22/2013 0 Comments A+ a-

ភ្នំពេញ: នារី​ម្នាក់​ដែល​បាន​ជិះ​ម៉ូតូ​ហ្វី​ណូ មក​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វា​កាលពី​២​ថ្ងៃមុន​នោះ ក្រុមគ្រួសារ​សព បានឱ្យដឹងថា សព​បាន​រកឃើញ កាលពី​ព្រឹក​ម៉ោង​១០ ថ្ងៃទី​២១ ខែកក្កដា​ឆ្នាំ​២០១៣ នៅ​ចំណុច​ខាងត្បូង​ស្ពាន​លី​យ៉ុង​ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ឫស្សី ហើយ​ត្រូវបាន​យកទៅ​ធ្វើបុណ្យ​បូជា នៅ​វត្ត​បំពេញ​កុស​ល្យ ភូមិ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល  ។​
 


 
​លោកស្រី ខែ​ក សារឹម អាយុ​៥១​ឆ្នាំ ត្រូវជា​ម្តាយ បានឱ្យដឹងថា និស្សិត​រងគ្រោះ ឈ្មោះ​តឹ​ប គីម​ហៀ​ង អាយុ ១៨​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​គណនេយ្យ​នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច ហិរញវត្ថុ មាន​ស្រុកកំណើត​នៅ​ភូមិ​ប៉ា​ហ៊ី​ខាង​ត្បួ​ង សង្កាត់​-​ក្រុង ខេត្ត​ប៉ៃលិន សព្វថ្ងៃ​ស្នាក់នៅ​ជាមួយ​បងស្រី​ម្តុំ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។​
   
​ម្តាយ​នារី​រងគ្រោះ បាន​បន្តទៀតថា មូល​ហេតុដែល​បណ្តាលឱ្យ​កូនស្រី​របស់គាត់ លោត​សម្លាប់ខ្លួន អាច​បណ្តាលមកពី​នាង​មាន​ជំងឺ​ខ្វះ​ជាតិ​កាល់​ស្សូម​ប្រចាំកាយ ដោយមាន​អាកា​រៈ​ខ្សោយ ឧស្សាហ៍​សន្លប់​ជា​ញឹកញាប់ ហើយ​មុន​នាង​សម្លាប់ខ្លួន នាង​បាន​ដួលសន្លប់​នៅ​សាលារៀន ដេក​មន្ទីរពេទ្យ​២​ថ្ងៃ ។​
   
​បងស្រី​នារី​រងគ្រោះ បាន​និយាយថា នាង​បាន​បាត់​ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៩​កក្កដា ដល់​ស្អែក​ឡើង បាន​មើល​វេ​ប​សាយ​មួយ ឃើញ​លេខ​ម៉ូតូ ក៏​ស្គាល់​ថា នាង​បាន​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វា ហើយ​បានចេញ​ដើរ តាមរក​តាម​ទន្លេ តែ​រក​អត់​ឃើញ រហូតដល់​ព្រឹក​ថ្ងៃទី​២១ កក្កដា ទើប​រក​សព​ឃើញ ហើយ​យកទៅ​បូជា យក​ធាតុ​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត ឯ​ខេត្ត​ប៉ៃលិន ។​
  
 គួរ​បញ្ជាក់ថា ហេតុការណ៍​និស្សិត​ស្រី​លោតទឹក​សម្លាប់ខ្លួន មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង ១៥ ល្ងាច​ថ្ងៃទី​១៩ ខែ កក្កដា​ឆ្នាំ​២០៣ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វា ប៉ែក​ខាងជើង ក្នុង​រាជធានី​ភ្នំពេញ ។​
  
​ប៉ូលិស​អន្តរាគមន៍​គោលដៅ​ទី​៣ ស្ពាន​ជ្រោយចង្វា បានឱ្យដឹងថា នារី​ម្នាក់នេះ មុនពេល​កើតហេតុ គេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌ ស លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1V 5559 ធ្វើដំណើរ មកពី​ទិសខាងកើត ហើយ​នៅពេល​ធ្វើដំណើរ​មកដល់​ពាក់កណ្តាល​ស្ពាន ស្រាប់តែ​ឈប់​ម៉ូតូ ហើយ​លោតទឹក​តែម្តង ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​៕ប្រភព CEN