ញាតិអ្នកភូមិ បឹងកក់ប្រឆាំង អ្នកភូមិគ្នាឯង ជា«វិធីសាស្ត្រ» នៃអ្នកនយោបាយ?
ជម្លោះដីធ្លីតភាគ របស់អ្នកភូមិនៅតំបន់បឹងកក់រាជធានីភ្នំពេញ បានឈានមកដល់របត់មួយថ្មីទៀត បន្ទាប់ពីក្រុមបំបែកខ្លួនថ្មី ដឹកនាំដោយអ្នកស្រី ថុល ស្រីពៅ អ្នកស្រី ហេង មុំ និងលោក ឌួង សុគា បានយកញាតិប្រកាសឈប់ទទួលស្គាល់អ្នកស្រី ទេព វន្នី ជាតំណាងរបស់ខ្លួន ទៅដាក់តាមស្ថានទូតនៃប្រទេសធំៗ និងស្ថាប័នអន្តរជាតិមួយចំនួន។
មនោរម្យព័ងអាំងហ្វូបានសុំប្រតិកម្ម ពីមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការខាងជម្លោះដីធ្លីមួយចំនួន ទាក់ទងនឹងបញ្ហានេះ។
អ្នកស្រី ទេព វណ្ណី។ រូបថត MAGNUM/John Vink
ញាតិដែលបានយកទៅដាក់ដល់ស្ថាប័នអន្តរជាតិ ដូចជាធនាគារពិភពលោក សហគមន៍អឺរ៉ុប និងស្ថានទូតប្រទេសមួយចំនួន ប្រចាំនៅកម្ពុជានោះ បានបដិសេធឈប់ទទួលស្គាល់អ្នកស្រីទេព វន្នី ជាតំណាងដែលពួកខ្លួនធ្លាប់បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងថែមទាំងបានចោទប្រកាន់អ្នកស្រី ទេព វន្នី ថា បានយកអ្នកភូមិបឹងកក់ប្រមាណជាពីររយគ្រួសារ ជាឈ្នាន់ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។
ក្រោយមានព្រឹត្តិការណ៍ដ៏កួឲ្យកត់សម្គាល់នេះមក មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានបង្ហាញនូវប្រតិម្មផ្សេងៗគ្នា។ តែពួកគាត់ភាគច្រើនសុទ្ធតែបានអះអាងដូចគ្នាថា នេះជាទង្វើបែបវិធីសាស្ត្ររបស់អ្នកនយោបាយ។ វិធីសាស្ត្ររបៀបនេះ ដែលអ្នកតាមដានព្រឹត្តិការណ៍ទាំងនោះ បានអះអាងថា មិនមែនជារឿងថ្មីចម្លែកនោះទេ ប្រសិនបើអ្នកនយោបាយ មានបំណង់ចង់បំបែកកម្លាំង និងបន្សាបនូវការតវ៉ារបស់សហគមន៍បឹងកក់។ វាក៏អាចជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែរ ខណៈអ្នកស្រី ទេព វន្នី បានចូលរួមធ្វើបាតុកម្មយ៉ាងខ្លាំងក្លា ក្នុងរដូវឃោសនាបោះឆ្នោតនេះ ហើយបានប៉ះពាល់យ៉ាងខ្លាំង ទៅដល់គណបក្សកាន់អំណាច។
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូរ (Licadho)លោក អំ សំអាត នៅតែទទូចសុំ ឲ្យអ្នកភូមិបឹងកក់ទាំងអស់ រួបរួមនិងមានទំនុកចិត្តគ្នា ទើបអាចចៀសផុតពីការកេងចំណេញ ពីសំណាក់អ្នកនយោបាយ និងជនឱកាសនិយមមួយចំនួន ដែលប៉ងបំបាត់សំឡេងតវ៉ា របស់សហគមន៍អ្នកបឹងកក់នោះ។ មន្រ្តីរូបនេះចាត់ទុកថា ក្រុមទាំងពីរ សុទ្ធតែជាជនរងគ្រោះដីធ្លីដូចគ្នា ថ្វីបើពួកគេបែកបាក់គ្នាជាបក្ខពួកពីរក៏ដោយ។ លោកសុំឲ្យរដ្ឋាភិបាលគួរតែព្យាយាម ពន្លឿនការងាររបស់ខ្លួន ក្នុងការរកដំណោះស្រាយ ជូនអ្នកភូមិបឹងកក់ទាំងនោះ ដើម្បីបង្ហាញពីឆន្ទៈក្នុងការអនុវត្តគោលនយោបាយ ដីធ្លីរបស់គណបក្សខ្លួន។
ឯលោក សៀ ភារម្យ នាយកលេខាធិការដ្ឋាន ក្រុមការងារពិសេសសិទ្ធិលំនៅឋាន ក៏បានចាត់ទុកថា រឿងទាំងនេះជាល្បែងនយោបាយដែរ។ លោកបន្តរថាអ្នកភូមិបឹងកក់ កំពុងរងគ្រោះពីរដង ក្នុងបញ្ហាបណ្តេញចេញពីដីធ្លី និងបញ្ហានយោបាយ។
ចំណែកអនុប្រធានផ្នែកច្បាប់ និងសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក ណៃ វ៉ង់ដាឯណោះវិញ បានបន្ថែមពីលើនេះថា លោកចង់អោយកងកម្លាំងសមត្ថកិច្ច ជៀសវាងអោយបាន នូវការប្រើហិង្សាជាមួយក្រុមបាតុករ ដែលភាគច្រើនជាស្ត្រីភេទ។
ក្រុមសង្គមស៊ីវិល និងអង្គការជាតិ និងអន្តរជាតិទាំងនោះ បានធ្វើការរិះគន់បន្ថែមទៅលើបណ្តាស្ថានីទូរទស្សន៍ក្នុងស្រុកមួយចំនួនធំ ថាមានមិនមានភាពឯករាជ្យ មាននិ្ននាការនយោបាយទៅរកបក្សកាន់អំណាច។ កាលពីមុនពេលអ្នកបឹងកក់តវ៉ា មិនមានទូរទស្សន៍ណាចាក់បញ្ចាំងនោះទេ ដល់ពេលដែលអ្នកភូមិនទាំងនោះបែកបាក់គ្នា និងរិះគន់សហគមន៍គ្នាឯង ស្រាប់តែឃើញមានទូរទស្សន៍ជាច្រើនរួមទាំងវិទ្យុផង ធ្វើការផ្សព្វផ្សាយស្ទើរគ្រប់ប៉ុស្ដិ៍៕ដោយ៖ មនោរម្យព័ងអាំងហ្វូ