«ខ្លាកន្តឿ» ឌីយេហ្គោ ម៉ារ៉ាដូណា ជួបរឿងអាម៉ាស់ មុខដែលអាមេរិក បដិសេធផ្តល់ទិដ្ឋាការ
«ខ្លាកន្តឿ» លោកឌីយេហ្គោ ម៉ារ៉ាដូណា អតីតជើងឯកបាល់ទាត់ពិភពលោកក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន បានខកខានក្នុងការនាំក្រុមគ្រួសារដើរកម្សាន្តក្នុងអំឡុងពេលឈប់សម្រាកពីការងារ បន្ទាប់ពីសហរដ្ឋអាមេរិកមិនផ្តល់ទិដ្ឋាការ ។ លោកម៉ារ៉ាដូណា អាយុ៥២ឆ្នាំ ជាអតីតកីឡាករបាល់ទាត់ដ៏ល្បីរបស់ពិភពលោកកាលពីឆ្នាំ១៩៨៦មានបំណងចង់នាំចៅប្រុសបេន ហ្សាមីន ជាទីស្រឡាញ់របស់ខ្លួនទៅកម្សាន្តនៅរដ្ឋផ្លរីដា ប៉ុន្តែត្រូវខកខានដោយសារស្ថានទូតអាមេរិកប្រចាំក្នុងប្រទេសអេមីរ៉ាត អារ៉ាប់រួម ដែលសាមីខ្លួនស្នាក់នៅធ្វើការបដិសេធមិនផ្តល់ទិដ្ឋាការ ។
តាមប្រភពព័ត៌មានបង្ហើបឱ្យដឹងថា លោកម៉ារ៉ាដូណា ត្រូវអាមេរិកបដិសេធមិនផ្តល់ទិដ្ឋាការឱ្យចូលប្រទេសខ្លួន ដោយសារអតីតកីឡាករបាល់ទាត់ក្លិប Napoli រូបនេះជាមិត្តភក្តិលោកហ្វីដែល កាស្ត្រូ អតីតមេដឹកនាំគុយបា និងលោកហ៊ូហ្គោ ឆាវ៉េស អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា ដែលទើបទទួលមរណភាព រួមទាំងមនុស្សជាច្រើនទៀតដែលបានចាត់ទុកអាមេរិកជាសត្រូវ ។ ការបដិសេធខាងលើប្រៀបដូចជាការបំបាក់មុខលោកម៉ារ៉ាដូណា ព្រោះត្រូវការនាំបេនហ្សាមីន ចៅប្រុស អាយុ៤ឆ្នាំ ជាកូនរបស់កូនស្រីជីអាននីណា ដោយបច្ចុប្បន្នបានលែងលះនឹងលោកស៊ែគីអូ អាគូអេរ៉ូ ខ្សែប្រយុទ្ធក្លិប Man City ដើរកម្សាន្តនៅសហរដ្ឋអាមេរិក ៕