តូច​ចិត្តសុំប្រពន្ធ​ ជានាវិញ​មិនព្រម​ ផឹកថ្នាំ​ពុលកុក​ សម្លាប់ខ្លួន

7/22/2013 0 Comments A+ a-

រាជធានីភ្នំពេញ ៖ បុរសម្នាក់​មាន​អាការៈ​ធ្ងន់ធ្ងរ ដែល​គ្រូពេទ្យ​ប្រាប់ថា មានសង្ឃឹម​តិចណាស់ ដោយ​សារ​​តែ​ជាតិថ្នាំពុល​បាន​ជ្រាប​ពេញ​ខ្លួន​​អស់ទៅហើយ បន្ទាប់​ពី​យក​ថ្នាំបំពុល​កុក​មក​ផឹកដើម្បី​សម្លាប់ខ្លួន ព្រោះ​ខឹង​ប្រពន្ធសុំជានា​វិញ​មិនព្រម ។
ហេតុ​ការណ៍នេះ​បានបង្ក​ឱ្យ​​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​៥​ល្ងាច​​ថ្ងៃទី​២១ កក្កដា ​២០១៣ ស្ថិត​នៅភូមិត្រាវ ឃុំទឹក​ល្អក់ ស្រុកគង​ពិសី ខេត្ត​កំពង់ស្ពឺ ។ បុរស​ផឹកថ្នាំពុល​នោះ​ឈ្មោះ​អេ វណ្ណា អាយុ​២៥​ឆ្នាំ​ ជាកសិករ ស្នាក់នៅ​ភូមិកើតហេតុខាង​លើ ។
តាមប្រភព​បា​ន​ឱ្យ​ដឹងថា ការ​ដែលផឹកថ្នាំពុលនេះ ក៏មិនដឹង​ថា​ ផឹកតាំង​ពីម៉ោង​ណា​មកដែរ ទាល់តែ​សន្លប់​ស្តូកស្តឹង​​​​ ទើប​ប្រទះ​ឃើញ​​​​ធ្វើ​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ ហើយ​សាច់ញាតិ​បានបញ្ជូន​ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ថ្នល់ទទឹង ប៉ុន្តែ​ដោយ​ស្ថាន​ភាព​ធ្ងន់​ធ្ងរពេក ក៏​បានបញ្ជូន​បន្តទៅព្យា​បាល​នៅមន្ទីរពេទ្យព្រះកុសុមៈ ៕ប្រភព kohsantepheap