ឃាត់ខ្លួន ចោរស្ទាវម្នាក់ ពេលលួចគាស់ផ្ទះ ប្រជាពលរដ្ឋ
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា យុវជនទំនើងខាងលើ មានឈ្មោះ ស៊ិន ដារ៉ា ភេទប្រុស អាយុ១៨ ឆ្នាំ ជាជាងផ្សារដែក ស្នាក់នៅផ្ទះជួលមួយកន្លែង នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពខាងលើបានបញ្ជាក់ថា ខណៈដែលម្ចាស់ផ្ទះ ដែលជាបុគ្គលិកធនាគារមួយ ចេញទៅយកកូនពីសាលា នាល្ងាច ថ្ងៃកើតហេតុ ជនសង្ស័យ ក៏បានគាស់សោរ រួចលបចូលទៅក្នុងផ្ទះ ដើម្បីលួចទ្រព្យសម្បត្តិ ។ លុះបន្តិច ក្រោយមក ម្ចាស់ផ្ទះក៏បានត្រឡប់មកវិញ ឃើញទ្វាររបើក ទើបរត់ចូលទៅមើល នៅក្នុងផ្ទះ ក៏ឃើញជនសង្ស័យ រត់ចេញស្ទុះឡើងលើរបង បម្រុងរត់គេច ។ ភ្លាមៗនោះម្ចាស់ផ្ទះក៏បានស្រែកឱ្យ អ្នកជិតខាងជួយ ចាប់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ច តែម្តង ។
បច្ចុប្បន្នក្មេងទំនើងខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយៈដើមអម្ពិល