១០ថ្ងៃមិន ឃើញប្តីវិលត្រ ឡប់តាមមន្ត អាគមគ្រូទាយ ទារយក ប្រាក់វិញ ក្លាយជា ជម្លោះបែកផ្សែង ទាំងព្រឹក
ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់បានយំបង្ហូរទឹកភ្នែក មុខគេឯង និងរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា គាត់បានចាញ់បោកស្ត្រីជាគ្រូទាយម្នាក់ អស់ប្រាក់ជាង ៣.០០០បាត និង៦ម៉ឺនរៀល ដោយសន្យាថា រយៈពេល៧ថ្ងៃនឹងខាបឱ្យប្តី ដែលបាត់ត្រឡប់មកផ្ទះវិញ ប៉ុន្តែរហូតរយៈពេល ១០ថ្ងៃទៅហើយ នៅតែមិនឃើញវិលត្រឡប់ដូចការសន្យា ។ លុះពេលគាត់ទារប្រាក់វិញ ក៏ផ្ទុះជម្លោះរកប្តឹងថែមទៀត ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២១ កក្កដា នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ស្ត្រីដែលបានចោទគ្រូទាយថា ឆបោកប្រាក់នោះឈ្មោះ ហឿន ហ៊ាង អាយុ៣០ឆ្នាំ ជាកម្មករ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ។ រីឯអ្នករងការចោទប្រកាន់ឈ្មោះ អុី មុំ អាយុ៥៤ឆ្នាំ មុខរបរជាគ្រូទាយដែលអ្នកស្រុកហៅថា អ្នកគ្រូកូនក្រក មានទីលំនៅក្នុងភូមិកើតហេតុ។ បើតាមសម្តីរបស់អ្នកស្រី ហឿន ហ៊ាង បានឱ្យដឹងថា ក្រោយពីអ្នកស្រីបានមករួមរស់នៅជាមួយនឹងប្តីក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាស្រុកកំណើតខាងប្តីនោះមក ប្តីប្រពន្ធរបស់អ្នកស្រីបង្កើតបានកូនស្រី២នាក់ ។ ប៉ុន្តែជាងមួយខែកន្លងទៅនេះ ប្តីបានចុះចោលអ្នកស្រី និងកូនៗដោយសារតែរឿងជម្លោះក្នុងគ្រួសារបន្តិចបន្តួច ។
ស្ត្រីរូបនេះបន្តថា កាលពីដើមខែកក្កដានេះ អ្នកស្រីបានត្រឡប់មកលេងផ្ទះនៅឯភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក៏មានអ្នកស្រុកដែលរស់នៅជិតផ្ទះខាងម្តាយបង្កើតអ្នកស្រីប្រាប់ ថា គេស្គាល់អ្នកគ្រូម្នាក់ចេះវេទមន្ត គឺចេះខាបឱ្យប្តីត្រឡប់មកជុំគ្នាវិញបាន។ អ្នកស្រី ហឿន ហ៊ាង បានបន្តទៀតថា នៅពេលឮយ៉ាងដូច្នេះ អ្នកស្រីក៏ឱ្យគេជូនទៅផ្ទះគ្រូទាយនោះកាលពីថ្ងៃទី១២ កក្កដាកន្លងទៅ ។ គ្រូទាយនោះបានធ្វើជាចូលរូបបារមីកូនក្រក ហើយនិយាយថា គ្រួសារអ្នកស្រីមិនបែកបាក់គ្នាទេ ហើយគ្រូស្រីទស្សន៍ទាយនោះបានប្រាប់ថា បើចង់ឱ្យប្តីវិលត្រឡប់មកផ្ទះវិញ សូមដាក់ជាទ្រនឹបចំនួន៣.០០០បាត និងប្រាក់ខ្មែរ៦ម៉ឺនរៀល ។
ដោយសារតែចង់ឱ្យប្តីវិលត្រឡប់មកផ្ទះសម្បែង វិញនោះ អ្នកស្រីក៏សុខចិត្តដាក់ប្រាក់តាមការបញ្ជារបស់គ្រូទាយនោះ។ ក្រោយពីដាក់ទ្រនឹបនោះហើយ អ្នកគ្រូទាយបានប្រាប់ថា រយៈពេល៧ថ្ងៃទៀតប្តីរបស់នាងនឹងវិលមកផ្ទះវិញហើយ ។ លុះរហូតដល់១០ថ្ងៃ បើគិតទាំងថ្ងៃទី២១ កក្កដា គឺប្តីរបស់អ្នកស្រីនៅតែមិនឃើញប្តីវិលត្រឡប់មកវិញដដែល ទើបអ្នកស្រីមកទារប្រាក់វិញ ស្រាប់តែស្ត្រីជាគ្រូទាយរករឿងអ្នកស្រី និងគំរាមទៅប្តឹងសមត្ថកិច្ចឱ្យចាប់អ្នកស្រីទៀត ។
ស្ត្រីឈ្មោះ ហឿន ហ៊ាង បន្តថា មុនពេលកើតហេតុអ្នកស្រីបានទៅផ្ទះគ្រូទាយនោះ ប៉ុន្តែមិនឃើញគ្រូទាយនោះទេ និងត្រូវគេប្រាប់ថាមិននៅផ្ទះ ក៏ទូរស័ព្ទទាក់ទងផ្ទាល់ ហើយត្រូវបានអ្នកគ្រូទាយព្យាយាមកុហកម្តងថា នៅភ្នំពេញ ម្តងថានៅកំពង់សោម ។ ទីបំផុតស្រាប់តែឃើញជិះម៉ូតូមកពីផ្លូវជាតិចូលផ្ទះ ហើយពេលអ្នកស្រីទារប្រាក់វិញ ព្រោះគិតថាមិនស័ក្តិសិទ្ធិដូចពាក្យសន្យា ស្រាប់តែអ្នកគ្រូទាយរូបនេះបដិសេធមិនឱ្យប្រាក់វិញ ហើយថែមទាំងឡូឡារកប្តឹងទៅឱ្យប៉ូលិសចាប់ខ្លួនទៀតផង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ស្ត្រីជាគ្រូទាយឈ្មោះ អុី មុំ ឬហៅអ្នកគ្រូកូនក្រកបានប្រាប់ថា ការពិតគាត់បានទទួលប្រាក់ពីស្ត្រីខាងលើ (ហឿន ហ៊ាង) តែ៣.០០០បាតប៉ុណ្ណោះ ។ ចំណែកប្រាក់ខ្មែរ៦ម៉ឺនរៀល គាត់មិនបានទទួលឡើយ ហើយថវិកាទាំងនេះគឺជាថវិកាដែលនាងឈ្មោះហ៊ាង អង្វរឱ្យគាត់មកពីភ្នំពេញ គេជួយជាសោហ៊ុយរថយន្តតែប៉ុណ្ណោះ ។
ស្ត្រីជាគ្រូទាយបានបន្ទោសតបវិញថា ការមិនស័ក្តិសិទ្ធិដោយសារតែស្ត្រីឈ្មោះ ហ៊ាង មិនធ្វើអ្វីតាមការណែនាំ របស់គាត់ សូម្បីតែខ្សែចង្កេះធ្វើឱ្យហើយក៏មិនយកទៅពាក់ផង ផ្ទុយទៅវិញ គាត់ថាប្រៀបដូចទៅផ្ចាញ់ផ្ចាលនឹងគាត់វិញទេ ។ ទោះជាយ៉ាងណា ស្ត្រីឈ្មោះ ហឿន ហ៊ាង បានប្រាប់ថា នាងនឹងទៅដាក់ពាក្យបណ្តឹងប្តឹងស្ត្រីគ្រូទាយឆបោកម្នាក់នេះ ។ លោក ចាន់ សុភី មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទនៅព្រឹកនេះថា ប៉ុស្តិ៍របស់លោកបានទទួលពាក្យបណ្តឹងពីស្ត្រីម្នាក់ពាក់ព័ន្ធនឹង រឿងគ្រូទាយនោះហើយ ហើយលោកនឹងកោះហៅភាគីម្ខាងទៀតមកសួរនាំនៅពេលក្រោយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព