ប្រើ​សង្សារ​ទៅ​ ខ្ចី​ម៉ូតូ​គេ​រួច​ សម្លាប់​នាង​ ចោល​ប្លន់ ​យក​ម៉ូតូ​ទីបំផុត​ ជាប់អន្ទាក់​ ប៉ូលិស​

7/16/2013 0 Comments A+ a-

ប៉ោយប៉ែត​ ​៖​ ​ឃាតក​ដែល​សម្លាប់​នារី​ខារ៉ាអូខេ​នៅ​ប៉ោយប៉ែត​ត្រូវ​បាន​ប៉ូលិស​ក្របួច​បាន​ហើយ​ ជន​ល្មើស​គឺ​ជា​សង្សារ​របស់​ជន​រងគ្រោះ​ផ្ទាល់​តែ​ម្ដង​ ហើយ​បាន​ប្រើ​នាង​ឲ្យ​ទៅ​ខ្ចី​ម៉ូតូ​អ្នក​ដទៃ​យក​មក​ជិះ​បែរ​ជា​យក​ទៅ​លក់​រួច​សម្លាប់​នាង​បំបិទ​ភស្តុតាង​តែ​ម្ដង​។​
សូម​បញ្ជាក់​ដែល​ថា​ រឿង​ឈាម​ស្រែក​ស្បែក​ហៅ​នោះ​គឺ​គេច​មិន​ផុត​ពី​កណ្ដាប់ដៃ​របស់​សមត្ថកិច្ច​ទេ​តែ​វា​គ្រាន់​តែ​យូរ​និង​ឆាប់​តែ​ប៉ុណ្ណោះ​ ដូច​ជា​ករណី​បុរស​ជា​ជន​ល្មើស​បាន​យក​កាំបិត​ទៅ​អារក​ស្រី​ស្នេហ៍​របស់​ខ្លួន​រួច​ប្លន់​យក​ម៉ូតូ​ស្កុប​ពី​ពណ៌​ស​ទៅ​លក់​បាត់​ ហើយ​គេច​ខ្លួន​ទៅ​ស្រុក​កំណើត​ទី​បំផុត​ចូល​អន្ទាក់​ប៉ូលិស​តែ​ម្ដង​។​
​លោក​ អុំ​ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បញ្ជាក់​ថា​ ជន​សង្ស័យ​ឈ្មោះ​ ងិង​ លុន ​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់​នៅ​ភូមិ​រកា​ ឃុំ​មេបុណ្យ ​ស្រុក​ស្វាយ​អន្ទរ ​ខេត្ត​ព្រៃវែង ​មុខ​របរ​ជា​សន្ដិសុខ​យាម​ការ​នៅ​ខារ៉ាអូខេ​នាគ​ទិព្វ​១ ក្រោយមក​ក៏​រត់​ម៉ូតូឌុប​ប្រចាំ​នៅ​នាគ​ទិព្វ​២​ក្រុង​ប៉ោយប៉ែត​។ ​លោក​ អុំ សុផល ​បន្ដ​ទៀត​ថា​ មុន​ពេល​កើត​ហេតុ​ជន​សង្ស័យ​ខាង​លើ​បាន​ប្រើ​នាង​រង​គ្រោះ​ជា​សង្សារ​ឲ្យ​ទៅ​ខ្ចី​ម៉ូតូ​ឈ្មោះ​ ភឿ​ក ​ពេល​នាង​ខ្ចី​ម៉ូតូ​បាន​ហើយ​ កាល​ពី​ព្រឹក​ថ្ងៃទី​១២ ​ខែ​កក្កដា ​ឆ្នាំ​២០១៣ ​រួច​ជន​សង្ស័យ​បាន​ដឹក​នាង​តាម​ម៉ូតូ​ដែល​ខ្ចី​គេ​យក​មក​ជិះ​រួច​យក​នាង​ទៅ​សម្លាប់​ចោល​ក្នុង​គំនរ​ក្រណាត់​តែ​ម្ដង​ ហើយ​រត់​គេច​ខ្លួន​ទៅ​ស្រុកកំណើត​ខាង​លើ​នោះ​។ ​លោក​ អុំ ​សុផល​ បន្ដ​ទៀត​ថា ​ដោយ​មាន​ការ​សហការ​ជា​មួយ​ប៉ូលិស​ស្រុក​ខេត្ត​ព្រៃវែង​ទើប​អាច​ចាប់​ជនល្មើស​បាន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ ឆ្នាំ​២០១៣ ​រួច​ដឹក​យក​មក​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​តែ​ម្ដង​ទៅ​៕​
ប្រភព កម្ពុជាថ្មី