ការសាងសង់ទំនប់ វារីអគ្គីសនីអាច ជាទីបញ្ចប់នៃត្រីរាជ
ភ្នំពេញៈ ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គក្រោម ដូចជាគម្រោងសាយ៉ាប៊ូរីដ៏ចម្រូងចម្រាស នៅភាគខាងជើងប្រទេសឡាវ អាចជាទីបញ្ចប់នៃប្រភេទត្រីរាជគ្មានស្រកានៅទន្លេមេគង្គ ដែលកំពុងជិតផុតពូជ។ នេះបើយោងតាមការសិក្សាមួយដែលចាត់ឲ្យសិក្សាដោយអង្គការសត្វព្រៃពិភពលោក WWF បានឲ្យដឹង។
លោក Zeb Hogan អ្នកនិពន្ធរបាយការណ៍ និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Nevada ក្នុងសហរដ្ឋអាមេរិក បានថ្លែងថា ប្រភេទត្រីធំគ្មានស្រកានៅទន្លេមេគង្គអាចនឹងពងតាមទន្លេ ដែលជាកន្លែងកំពុងសាងសង់ទំនប់សាយ៉ាប៊ូរីតម្លៃ ៣,៥ ពាន់លានដុល្លារ។ របាយការណ៍បានឲ្យដឹងទៀតថា ផលនៃទំនប់នេះអាចផ្លាស់ប្តូរលំហូរទឹកទន្លេ និងបង្អាក់ការបង្កកំណើតពងត្រីនេះ។ លោកបានបន្តថា៖«ត្រីអាចនឹងងាប់ បើវាឆ្លងកាត់ទួរប៊ីនទំបន់ ហើយ ផលប៉ះពាល់កើនឡើងនៃទំនប់នេះគឺជាការគំរាមកំហែងធ្ងន់ធ្ងរ»។ លោក Hogan បន្ថែមថា ត្រីរាជគ្មានស្រកានៅទន្លេមេគង្គដែលអាចធំបានប្រវែង ៣ ម៉ែត្រ និងទង្ងន់ ៣០០ គីឡូក្រាម ត្រូវការខ្សែទឹកធំវែងគ្មានបង្អាក់ដើម្បីធ្វើបន្លាស់ទី។លោកបញ្ជាក់ថា៖«ត្រីរាជគ្មានស្រកានៅទន្លេមេគង្គមិនអាចហែលឆ្លងកាត់រនាំងធំ ដូចជាទំនប់ ទៅកាន់កន្លែងពងកូននៅខ្សែទឹកខាងលើបានឡើយ»។
ក្រុមអង្គការអភិរក្សបានសម្តែងក្តីបារម្ភខ្លាំងលើផលប៉ះពាល់ដែលអាចមានពីទំនប់សាយ៉ាប៊ូរី និងទំនប់ដទៃទៀតមកលើប្រជាជននៅខ្សែទឹកខាងក្រោម ដែលពឹងផ្អែកលើត្រីជាអាហារ និងលំហូរដីល្បាប់សម្រាប់កសិកម្ម។
ក្រុមអង្គការដដែលនេះ បានថ្កោលទោសប្រទេសឡាវ នៅពេលឡាវ ចាប់ផ្តើមសាងសង់ទំនប់សាយ៉ាប៊ូរីកាលពីខែវិច្ឆិកា ឆ្នាំមុន ដោយចោទប្រកាន់ឡាវថា មិនអើពើចំពោះសំណើពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ គឺកម្ពុជា និងវៀតណាម ដែលស្នើសុំឲ្យពិនិត្យផលប៉ះពាល់ឆ្លងកាត់ព្រំដែនដែលអាចកើតឡើង។
ក្រោមកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ប្រទេសសមាជិកត្រូវទទួលការព្រមព្រៀងពីប្រទេសសមាជិកដទៃទៀតមុនពេលចាប់ផ្តើមគម្រោងដែលមានទំហំធំបែបនេះ នៅលើទន្លេ។ ឡាវបានការពារខ្លួនឯង នៅពេលនោះ ដោយថ្លែងថា ខ្លួនបានចាត់ឲ្យធ្វើការសិក្សារួចហើយ ដែលបញ្ជាក់ថា គម្រោងមានសុវត្ថិភាព។
ប៉ុន្តែ លោក Eric Baran មកពីមជ្ឈមណ្ឌលមច្ឆាពិភពលោក បានថ្លែងថា ការសិក្សាស្រាវជ្រាវថែមទៀត គឺចាំបាច់ ដើម្បីធានាថា ការរៀបចំសម្រាប់ការបន្លាស់ទីរបស់ត្រីដែលស្នើដោយក្រុមហ៊ុន Poyry នៃប្រទេសហ្វាំងឡង់ ដែលជាទីប្រឹក្សាសំណង់របស់ឡាវ នឹងមានប្រសិទ្ធភាព។លោកបានឲ្យដឹងក្នុងសេចក្តីថ្លែងមួយថា៖ «អ្នកមិនអាចរំពឹងថា ជណ្តើរត្រីនឹងមានប្រសិទ្ធភាព ដោយមិនយល់ដឹងអំពីប្រភេទត្រីជាគោលដៅរបស់អ្នកនៃលទ្ធភាពហែល ទឹកនិងចរន្តទឹក ដែលនឹងទាក់ទាញត្រីមកកាន់ច្រកឆ្លងកាត់នេះ»។
ទំនប់សាយ៉ាប៊ូរី ដែលសាងសង់ដោយក្រុមហ៊ុន CH. Karnchang របស់ថៃ ត្រូវបានរាយការណ៍ថា បានដំណើរការសាងសង់បាន ១០ ភាគរយហើយ ហើយវានឹងផ្តល់ថាមពលភាគច្រើន ទៅប្រទេសថៃ នៅពេលបញ្ចប់ការសាងសង់។
អង្គការទន្លេអន្តរជាតិ បានថ្លែងថា កម្ពុជា វៀតណាម និងថៃ មានសិទិ្ធស្នើសុំសំណងចំពោះការខូចខាត ដែលបង្កឡើងដោយទំនប់សាយ៉ាប៊ូរីដ៏ចម្រូងចម្រាសនេះ។
ប៉ុន្តែ ទោះជាយ៉ាងណា រដ្ឋាភិបាលប្រទេសទាំងបីនៅស្ងាត់ស្ងៀមចាប់តាំងពីឡាវបានចាប់ផ្តើមការសាងសង់ទំនប់នេះមកគឺអាចដោយសារតែផលប្រយោជន៍វារីអគ្គិសនីរៀងៗខ្លួនរបស់ រដ្ឋាភិបាលទាំងនេះនៅលើទន្លេមេគង្គ។
អង្គការទន្លេអន្តរជាតិ បានឲ្យដឹងកាលពីខែមីនាថា៖ «រដ្ឋាភិបាលឡាវ កម្ពុជា ថៃ និងវៀតណាម កំពុងគ្រោងសាងសង់ទំនប់វារីអគ្គិសនីកាន់តែច្រើន នៅតាមទន្លេមេគង្គក្រោម ដែលការសាងសង់ ទំនប់ទាំងនេះនឹងបំផ្លាញជីវជម្រុះនៃទន្លេ និងគំរាមកំហែងដល់សន្តិសុខស្បៀង របស់មនុស្សរាប់លាននាក់»។
លោកតែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការទន្លេមេគង្គកម្ពុជា បានថ្លែងកាលពីថ្ងៃពុធថា លោកពុំបានដឹងអំពីការរកឃើញរបស់អង្គការ WWF ទេ។លោកនិយាយថា៖ «គណៈកម្មការទន្លេមេគង្គមានកម្មវិធីជលផល ប៉ុន្តែខ្ញុំគ្មានការអត្ថាធិប្បាយអំពីត្រីរាជគ្មានស្រកាទន្លេមេគង្គនោះទេ»។ លោកតែ ណាវុធ ក៏បានបដិសេធមិនធ្វើការអត្ថាធិប្បាយអំពីជំហររបស់លោក ឬគណៈកម្មាធិការទន្លេមេគង្គកម្ពុជា លើទំនប់វារីអគ្គិសនី សាយ៉ាប៊ូរីនោះទេ ដោយបានបញ្ជាក់ថា៖ «ឡាវបានធ្វើដំណើរឆ្ពោះទៅមុខហើយ។ ខ្ញុំគ្មានអ្វីត្រូវនិយាយទៀតទេ»។
មន្រ្តីមកពីនាយកដ្ឋានជលផលនៃក្រសួងកសិកម្មនៅភ្នំពេញ ពុំអាចទាក់ទងបានទេ ប៉ុន្តែលោក សៀន គីន ប្រធានជលផលក្នុងខេត្តក្រចេះ ជាខេត្តមួយដែលមានទន្លេមេគង្គហូរកាត់ បានថ្លែងថា លោកបានមើលឃើញភ័ស្តុតាងនៃការធ្លាក់ចុះត្រីកម្ររួចជាស្រេចទៅហើយ។
លោកបានបញ្ជាក់ថា៖«របាយការណ៍ធ្វើឡើងដោយអ្នកជំនាញបរទេស។ ខ្ញុំយល់ស្រប នឹងពួកគេដែលថា ការសាងសង់ទំនប់សាយ៉ាប៊ូរីនឹងប៉ះពាល់ដល់ត្រី»។
លោក គីន បន្ថែមថា លោកមិនបានជួបត្រីរាជគ្មានស្រកាអស់ជាច្រើនឆ្នាំមកហើយ។ «អ្នកនេសាទយើងកម្រឃើញត្រីនេះណាស់។ នៅសល់តែពីរឬបីក្បាលប៉ុណ្ណោះក្នុងខេត្តក្រចេះ»។
របាយការណ៍បានបញ្ជាក់ថា បើទោះបីជាត្រីរាជគ្មានស្រកាត្រូវបានបំផ្លាញដោយសារតែការនេសាទជ្រុល ការបំផ្លាញទីជម្រក និងការសាងសង់ទំនប់នៅតាមដៃទន្លេមេគង្គក៏ដោយ ក៏ប៉ុន្តែត្រីនេះនៅតែអាចជួយសង្គ្រោះបានដដែល។ របាយការណ៍បានផ្តល់អនុសាសន៍ថា៖«វិធានការត្រូវកំណត់និងការពារច្រកបន្លាស់ទីរបស់ត្រីនិងទីជម្រកសំខាន់របស់វា ត្រូវអនុវត្តជាបន្ទាន់។ ត្រីរាជទន្លេមេគង្គនេះ នឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបតិ្តការអន្តរជាតិរាប់ទាំងផែនការគ្រប់គ្រងអាងទន្លេផងដែរ»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍