បុរសចម្លែក ចូលចិត្តយកកៅ ស៊ូរឹតមុខបន្ធូរ អារម្មណ៍ខ្លួនឯង
លោក សាយហ័ររ៉ាយ ជាជនជាតិនូវែលសេឡង់វ័យ៣៤ឆ្នាំដែលធំធាត់នៅក្នុងផ្ទះសម្បូរទៅដោយកៅស៊ូកង ព្រោះតែឪពុករបស់លោកប្រកបមុខរបរនេះ។ លោកបានចាប់ផ្ដើមយកវាមកចងរឹតមុខ ទាញជារូបរាងផ្សេងៗគួរឲ្យអស់សំណើច។ នៅវ័យ១២ឆ្នាំនោះ លោកបានក្លាយជាតារាសម្ដែងនៅលើវេទិកាកំប្លែង ដោយសារតែសមត្ថភាពចម្លែកនេះ ធ្វើឲ្យលោកទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកទស្សនា។
សមត្ថភាពយកជ័រកៅស៊ូកងមករុំព័ទ្ធលើផ្ទៃមុខខ្លួនហើយទាញចេញជារូបរាងសត្វចម្លែកផ្សេងៗនោះ បានធ្វើឲ្យលោកមានឱកាសទៅសម្ដែងនៅ២៥ប្រទេស បង្កើតកេរ្តិ៍ឈ្មោះដ៏អស្ចារ្យគ្មានពីរក្នុងលោក។ លោកនិយាយថា៖ «ការងាររបស់ខ្ញុំគឺការបង្កើតនូវភាពសប្បាយរីករាយឲ្យមនុស្សសើចនិងមានអារម្មណ៍សប្បាយគ្រប់ពេល។
គ្រប់គ្នាពិតជាត្រូវការនូវសំណើចដើម្បីមានជីវិតរស់រានជារៀងរាល់ថ្ងៃ»។ ទេពកោសល្យយកជ័រកៅស៊ូកងមករុំមុខបានធ្វើឲ្យកំណត់ត្រាហ្គីនណេសពិភពលោកទទួលស្គាល់លោកកាលពីឆ្នាំ២០១១ដោយលោកបានសម្តែងយកជ័រកៅស៊ូកង៧៨ដុំមករុំពាសពេញផ្ទៃមុខក្នុងរយៈពេលតែ១នាទីប៉ុណ្ណោះ។
ក្មេងៗមានការពេញចិត្តនឹងការសម្តែងសមត្ថភាពរុំជ័រកៅស៊ូលើផ្ទៃមុខរបស់លោកណាស់ តែរូបលោកក៏បានហាមដល់ក្រុមក្មេងៗទាំងនោះដែរថាសុំកុំព្យាយាមធ្វើត្រាប់តាមលោកពេលនៅឯផ្ទះព្រោះវាអាចបង្កគ្រោះថ្នាក់បាន៕