ឡើងពីស្ទូង ជាមួយម្តាយ ដល់ផ្ទះ ស្រវ៉ាខ្សែ ភ្លើងឆក់ស្លាប់
ពោធិ៍សាត់ ៖ កូនស្រីក្រមុំកសិករម្នាក់បានត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅក្រោមផ្ទះភ្លាមៗមួយរំពេច ខណៈពេលឡើងពីស្ទូងស្រូវជាមួយម្តាយ។ ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៥ និង ១០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ ក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមលោក ម៉ោល សុទ្ធ អធិការរងទៅទីតាំងកើតហេតុដើម្បីត្រួតពិនិត្យបានអោយដឹងថា ជងរងគ្រោះឈ្មោះ សុខ ស៊ីណាត អាយុ២២ឆ្នាំ នៅភូមិខាងលើបានឡើងពីស្ទូងស្រូវជាមួយម្តាយ ឈ្មោះ សាញ់ វណ្ណា អាយុ៥០ឆ្នាំ មកផ្ទះវិញដោយម្តាយដើរទៅខាងកើតផ្ទះប្រហែល២០ម៉ែត្រ ពេលនោះមេឃធ្លាក់ភ្លៀងរលឹមស្រិចៗស៊ើមខ្លួនផងនោះ ជនរងគ្រោះដល់ក្រោមផ្ទះក៏ឃើញខ្សែ ភ្លើងមានមុខតំណទាំងពាក់ស្រោមដៃស៊ើម ក៏ឆក់ស្លាប់ផ្កាប់មុខមួយរំពេចតែម្តង។
លោកអធិការរងបានបន្តថា ករណីនេះគឺមកពីការធ្វេសប្រហែសរបស់ឪពុកឈ្មោះ ជា ប៊ុនស៊ី អាយុ៥៥ឆ្នាំ បានដោតព្រីខ្សែភ្លើងលើផ្ទះធ្វើកិច្ចការរួចមិនដកទុក ហើយខ្សែភ្លើងរាយប៉ាយពេញក្រោមផ្ទះ ហើយទៅធ្វើដំបូលរោងបាយ ពេលកូនស្រីមកពីស្រែ ក៏ស្រាយខ្សែភ្លើងប៉ះចំក៏ឆក់ស្លាប់តែម្តងទៅ៕
ប្រភព កម្ពុជាថ្មី