រថយន្តស្ទូច របស់កងវិស្វកម្ម ចុះស្ពានព្រះមុន្នីវង្សថ្មី ដាច់ហ្វ្រាំង រអិលបុកឡើង សួនច្បារ ត្រើយខាងកើតស្ពាន
ភ្នំពេញ៖ រថយន្តស្ទូចធុនធំ មួយគ្រឿង ដោយមានដឹកគ្រឿងចក្រ ប្រភេទ អេស្កាវ៉ាទ័រ បានដាច់ហ្វ្រាំងរអិល ទៅបុកខឿនសួនច្បារ គល់ស្ពាន ព្រះមុនីវង្ស ត្រើយខាងកើត ស្ថិតក្នុង សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣។ តាមសាក្សីនៅ កន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ ឃើញរថយន្ត បង្កនេះ ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ពោលគឺបើកចុះពី លើស្ពានព្រះមុនីវង្សថ្មី តាមផ្លូវជាតិលេខ១ សំដៅទៅវាលស្បូវ ។
សាក្សីបន្តថា ខណៈនោះឃើញបុរសម្នាក់ បានលោតចុះពីលើរថយន្ត ហើយស្រែកថា រថយន្តដាច់ ហ្រ្វាំង ៗ សូមអែបខាង ។ បុរសម្នាក់ដែល អះអាងថា ខ្លួនជាព្រូរថយន្ត ដែលបានលោតចុះពី លើរថយន្តនោះ ក៏បានទាញកំណល់ឈើ ដើម្បីកល់កង់ រថយន្តផងដែរ ប៉ុន្តែដោយសាររថយន្ត ដឹកធ្ងន់ពេក កល់មិនជាប់ ទើបអ្នកបើកបរ រថយន្ត កាច់ចង្កូតរថយន្ត បំបុកខឿនសួនច្បារ គល់ស្ពានតែម្តង បណ្តាលអោយ បាក់ខឿនសួនច្បារ អស់ជាច្រើនកំណាត់។
តាមសំដីរបស់ព្រូ រថយន្តបង្ក បាននិយាយថា ក្រុមខ្លួនដឹកគ្រឿងចក្រ របស់លោក ឈន សារ៉ាណេ ទៅការដ្ឋានគាត់ នៅម្តុំសង្កាត់វាលស្បូវ ប៉ុន្តែពេលដឹក អេស្កាវ៉ាទ័រ មិនទាន់ដល់គោលដៅផង ក៏ស្រាប់តែជួបហេតុការណ៍ រថយន្តដាច់ហ្រ្វាំង តែម្តងទៅ។ ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឲ្យ អ្នកបើករថយន្ត រងរបួសបែកថ្ងាស់ បន្តិចបន្តួច ប៉ុន្តែមិនមានមនុស្ស ណាម្នាក់ រងគ្រោះដល់ អាយុជីវិតនោះទេ។ ទោះជាយ៉ាងណាក្តី អ្នកដំណើរ និងប្រជាពលរដ្ឋ ដែល ឃើញហេតុការណ៍នេះ មានការភ័យរន្ធត់យ៉ាងខ្លាំង ដោយហេតុថា កន្លងមកធ្លាបើមានករណីបែបនេះកើតឡើង ហើយតែងតែបង្កឲ្យមានគ្រោះថា្នក់ដល់អាយុជីវិតអ្នកដំណើរ។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ពិសេសតាមបណ្តោយផ្លូវជាតិលេខ១ តែងតែមានគ្រោះថ្នាក់ចរាចរ ជាញឹកញាប់ បណ្តាលឧ្យមនុស្សស្លាប់ ជិត២០នាក់មកហើយ ក្នុងឆ្នាំ២០១៣នេះ រួមទាំងគ្រោះថា្នក់ រថយន្តបុកមនុស្សស្លាប់ ៣នាក់ កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ៕