សំងំគាស់ដំបូល ហាងខារ៉ាអូខេ ធ្លាក់ពីលើមក ដល់ដីម្ចាស់ចាប់ជាប់
ខេត្ដព្រះសីហនុ ៖ យុវជនម្នាក់ដែល គេសង្ស័យជាចោរគាស់ដំបូលផ្ទះបានភ្លាត់ ស្នៀតធ្លាក់ចូលក្នុងហាងខារ៉ាអូខេមួយត្រូវ បានម្ចាស់ហាងចាប់ឃាត់ខ្លួនបញ្ជូនទៅ ឱ្យនគរបាលចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង០០និង១០នាទីយប់ឈាន ចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ ។
សមត្ថកិច្ចនគរបាលបានប្រាប់ថា យុវជនសង្ស័យឈ្មោះដូង នី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ខេត្ដកែប មុខរបរ មិនពិតប្រាកដបានឡើងលើដំបូងផ្ទះនៃ ហាងខារ៉ាអូខេមួយកន្លែងយីហោស្រីវិន ដែលមានថៅកែឈ្មោះគី ចិន្ដា ភេទស្រី អាយុ៣៩ឆ្នាំ ។ នគរបាលបានបន្ដទៀតថា មូលហេតុដែលឈានដល់ការចាប់ឃាត់ ខ្លួននេះក៏ដោយសារតែយុវជនសង្ស័យ បានធ្វើសកម្មភាពឡើងលើដំបូលផ្ទះ សង្ស័យក្នុងគោលបំណងគាស់ដំបូល ចូលក្នុងផ្ទះដើម្បីរង់ចាំលួចទ្រព្យសម្បត្ដិ ម្ចាស់ផ្ទះ តែដោយសំណាងអាក្រក់ក៏បាន ផុងដំបូលធ្លាក់មកដល់ក្រោមទើបមាន ការភ្ញាក់ផ្អើលដល់ម្ចាស់ហាង ។
តាមការឱ្យដឹងពីម្ចាស់ហាងបាន និយាយថា នៅវេលាយប់នេះនៅពេល ដែលរូបគាត់បិទហាងទៅហើយ ក៏បាន ឬសំឡេងធ្លាក់ក្ដុក ពេលដែលប្អូនស្រី របស់គាត់កំពុងដើរបិទភ្លើងដើម្បីចូលសម្រាក ។ នៅពេលនោះបុគ្គលិគរបស់ គាត់៣នាក់បានស្ទុះទៅកាន់ប្រភពសំឡេង ក៏បានឃើញបុរសម្នាក់ដេកឆ្អល់នៅលើ កម្រាលឥដ្ឋ បន្ទាប់មកគាត់ក៏បានទូរស័ព្ទ ទៅហៅនគរបាលដើម្បីមកទទួលយក ទៅចាត់ការតាមផ្លូវច្បាប់ ។
ដោយឡែកយុវជនសង្ស័យបានឆ្លើយ បំភ្លឺទាំងអាការវង្វេងវង្វន់ប្រៀបដូចជា អ្នកស្រវឹងឈរទ្រេតទ្រេត ដោយអះអាង ថា រូបគេពុំមែនជាចោរដូចការចោទ ប្រកាន់នោះទេ ។ រូបគេជាតៃកុងទូកនៅ ម្ដុំអ៊ូវៀតណាម(ទំនប់រលក)ហើយការ ឡើងលើដំបូលផ្ទះនេះក៏ដោយសារមាន គេដេញវ៉ៃហើយដោយខ្លួនស្រវឹងខ្លាំងផង នោះទើបពុំដឹងថាទៅទីណានោះទេ ចេះតែ រត់ទៅនិងបានឡើងលើដើមឈើក្នុងន័យ គេចខ្លួនអំពីពួកអ្នកដេញវ៉ៃខ្លួនក៏បានផុង ដំបូលធ្លាក់តែម្ដង ។
គួរបញ្ជាក់ផងដែរថា ទាក់ទិនទៅនឹងករណីចោរហែកដំបូលចូលលួចទ្រព្យសម្បត្ដិនេះ កាលពីកំឡុងកន្លះខែមុន ករណីបែបនេះក៏បានកើតឡើងមួយ ករណីផងដែរ ដែលបានបង្កភាគីម្ចាស់ បន្ទប់ជួលរងរបួសរហូតដល់ស្លាប់បន្ទាប់ ពីបញ្ជូនមកដល់មន្ទីពេទ្យ ៕
- ប្រភពពីនគរវត្ត