អឹុង ប៊ុនលាភ ៖ រឿងខ្ញុំចប់ហើយ ភរិយាខ្ញុំទៅ រកអនាគតថ្មី
រាជធានីភ្នំពេញ ៖ រឿងរ៉ាវរបស់ម្ចាស់បទរំដួលដូរដី លោកអឹុង ប៊ុនលាភ និងភរិយាអ្នកស្រី ម៉ុក ភក្តី បានបញ្ចប់ទៅហើយ បន្ទាប់ពីភរិយាអាណិកជនរូបនេះ បានប្តឹងឡើងតុលាការ ខណៈដឹងថា បុរសសំបូរស្នេហ៍ដែលជាស្វាមីរបស់ខ្លួនបានបែកឆ្វេងរត់ទៅរួមរស់ជាមួយនឹងសង្សារចាស់ធ្លាប់មានទំនាក់ទំនងជាមួយគ្នាមិនធម្មតា ។
អំឡុងពេលជំងឺស្នេហ៍ចាស់រើឡើងវិញ លោកអឹុង ប៊ុនលាភ បានព្យាយាមប្រើលេសគ្រប់ច្រកល្ហក ដើម្បីបញ្ចៀសការពិតពីភរិយារបស់ខ្លួន គឺអ្នកស្រី ម៉ុក ភក្តី ដើម្បីផ្គាប់ចិត្តសង្សារចាស់ ពេលនោះ ហើយដែលគេសង្ស័យថា គឺជាជំទាវ ឬស្ត្រីចំណាស់មួយរូបធ្លាប់មានទំនាក់ទំនងស៊ីជម្រៅឆក់យករូបលោកទៅបាត់ ។ មុនដំបូងអ្នកស្រី ម៉ុក ភក្តី ស្មានថា លោកអឹុង ប៊ុនលាភ បាត់ខ្លួន ព្រោះជាងមួយខែមកហើយដែលស្វាមីរបស់អ្នកស្រីមិនបានចូលផ្ទះ សូម្បីតែទូរស័ព្ទក៏ហៅមិនចូល ។ ក្រោយមកទើបដឹងថា ការបាត់ខ្លួនលោកប្តីរបស់អ្នកស្រី គឺទៅរួមរស់ជាមួយសង្សារចាស់យ៉ាងសុខសាន្តឯណាឯណោះឆ្កុយទៅវិញ ហើយពេលនោះអ្នកស្រី ម៉ុក ភក្តី បានធ្វើពាក្យបណ្តឹងលែងលះគ្នាទៅតុលាការតែម្តង ។ ក្រោយមករឿងរ៉ាវទាំងនេះបានស្ងប់ស្ងាត់ មកដលពេលនេះមិនដឹងក្លាយទៅជាយ៉ាងណាឡើយក៏ធ្វើឱ្យទស្សនិកជនចង់ដឹងពីបញ្ហានេះ ។
ចំពោះករណីនេះ លោកអឹុង ប៊ុនលាភ បានប្រាប់ទស្សនាវដ្តីមហាគ្រួសារថា រឿងរ៉ាវរបស់លោកត្រូវបានរំលត់នៅតុលាការរួចរាល់ហើយ គេរស់ដោយគេ ខ្ញុំរស់ដោយខ្ញុំ ហើយអតីតគូស្នេហ៍បានក្រាបក្បាលដល់កន្ទេលកាលពីឆ្នាំ២០០៦ រូបនេះ បានទៅរកអនាគត (ប្តី) ថ្មីទៀតហើយ ។ លោកបញ្ជាក់ថា គ្មានអ្វីត្រូវជំពាក់គ្នាទៀតទេ ។ រីឯការស្នាក់នៅវិញ លោកអឹុង ប៊ុនលាភ បានបញ្ជាក់ថា សព្វថ្ងៃនេះលោករស់នៅក្នុងបន្ទាយកងអង្គរក្ស មិនបានរស់នៅជាមួយស្ត្រីណានោះឡើយ។
លោកអឹុង ប៊ុនលាភ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ ឧសភា ២០១២ អំពីការបាត់ខ្លួន ដោយត្រូវគេភ្ជាប់ទៅនឹងជំទាវម្នាក់ ឬស្ត្រីចំណាស់ម្នាក់មានទាំងអំណាច និងទ្រព្យសម្បត្តិថា ជាអ្នកមានទំនាក់ទំនងស្នេហាដុះស្លែជាមួយនឹងលោក មុនពេលលោករៀបការជាមួយអ្នកស្រី ម៉ុក ភក្តី ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ហើយហួងហែងរូបលោកឱ្យរស់នៅជាមួយដកប្រាណមិនរួច ។ រហូតមានព័ត៌មានអកុសលថា លោកត្រូវបានគេសម្លាប់ ហើយច្រកបាវបោះចោលនៅតាមផ្លូវជាតិលេខ៥ ទៀតផង ។
ពាក្យចចាមអារ៉ាមទាំងនោះ ត្រូវបានបញ្ចប់ បន្ទាប់ពីលោកអឹុង ប៊ុនលាភ បានបង្ហាញវត្តមានឡើងច្រៀងក្នុងកម្មវិធី «ប្រជុំតារាតន្ត្រី» របស់ស្ថានីយទូរទស្សន៍បាយ័ន ក្រោយបាត់ខ្លួនច្រើនថ្ងៃ ហើយលោកបានបញ្ជាក់អំពីមូលហេតុនៃការបាត់ខ្លួននោះថា មិនមានជំទាវណាម្នាក់ចិញ្ចឹមលោកគំរាមកំហែងឃាត់ខ្លួនលោកនោះទេ មូលហេតុចម្បងនោះមកពីភរិយារបស់លោកបានគាបសង្កត់ផ្លូវចិត្តលោកខ្លាំងពេក រហូតធ្វើឱ្យទំនាក់ទំនងលោក និងម្តាយ ព្រមទាំងបងប្អូនសាច់ញាតិកាត់កាលលោកចោល ដូច្នេះហើយទើបលោករត់រកកន្លែងស្ងប់អារម្មណ៍មួយរយៈ។
ប៉ុន្តែបំណកស្រាយលើប្រធានបទតែមួយនេះ ត្រូវបានលេចឡើងផ្ទុយគ្នាពីអ្នកស្រី ម៉ុក ភក្តី ភរិយាវ័យ៤២ឆ្នាំរបស់លោកអឹុង ប៊ុនលាភ ខណៈអ្នកស្រីបានពន្យល់តាមទូរស័ព្ទថា ការកាត់កាលគ្នារវាងបងប្អូនសាច់ញាតិ និងម្តាយក្មេកអ្នកស្រី (ម្តាយបង្កើតអឹុង ប៊ុនលាភ) ជាមួយលោកអឹុង ប៊ុនលាភ គឺមិនមានជាប់ពាក់ព័ន្ធនឹងអ្នកស្រីទេ ។ អ្នកស្រី ម៉ុក ភក្តី បានលើកឡើងថា កាលពីប៉ុន្មានឆ្នាំមុន អ្នកស្រី និងម្តាយរបស់លោកអឹុង ប៊ុនលាភ បានទិញដីចូលហ៊ុនគ្នាពាក់កណ្តាលម្នាក់នៅឯខេត្តស្វាយរៀង ដែលជាស្រុកកំណើតរបស់លោកអឹុង ប៊ុនលាភ ក្នុងតម្លៃជិត២ម៉ឺនដុល្លារ ។
ក្រោយពីឃើញដីឡើងថ្លៃ លោកអឹុង ប៊ុនលាភ មានបំណងលក់ដីនេះចេញ ប៉ុន្តែត្រូវបានម្តាយរបស់លោកហាមឃាត់ដាច់ខាតមិនឱ្យលក់ ។ ដូច្នេះដោយសាររឿងនេះ គឺទំនាស់បានឈានដល់ការប្តឹងប្តល់គ្នារវាងាលោកអឹុង ប៊ុនលាភ និងម្តាយបង្កើតទៅសាលាដំបូងខេត្តស្វាយរៀង។ ចុងក្រោយគឺម្តាយ និងបងប្អូនសាច់ញាតិរបស់លោកអឹុង ប៊ុនលាភ បានកាត់កាលលោកអឹុង ប៊ុនលាភ តែម្តង ។ ដោយសារតែបញ្ហានេះហើយ ទើបលោកអឹុង ប៊ុនលាភ បានចុះចេញពីអ្នកស្រី ម៉ុក ភក្តី មិនទៅសើយសុខជាមួយជំទាវ ឬសង្សារចាស់ឡើយ ។
លោកអឹុង ប៊ុនលាភ បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ម៉ុក ភក្តី កាលពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះអ្នកទាំងពីរមិនទាន់ទទួលបានចំណងដៃកូនប្រុសស្រីណាមួយនៅឡើយ។ ក្រៅពីមានអាជីពជាតារាចម្រៀង លោកអឹុង ប៊ុនលាភ ក៏មានឋានៈជាមន្ត្រីយោធាក្នុងក្រសួងការពារជាតិជាវរៈសេនីយ៍ឯក (ស័ក្តិ៥) ស្ថិតក្នុងអង្គភាព អគ្គបញ្ជាការដ្ឋាន កងអង្គរក្ស ៕via: kohsantepheap