ពិធី​ភ្ជាប់​ពាក្យ​ បន្លំ​រៀប​ការ​ កូន​កំលោះ​ចិន​ និង​ម្លិះ​លា​ច្បារ​មន

7/12/2013 0 Comments A+ a-

ខេត្តកំពង់ស្ពឺ ៖ បុរសជនជាតិចិនម្នាក់ បានលួចរៀបអាពាហ៍ពិពាហ៍ជាមួយនារីខ្មែរម្នាក់ក្រោម រូបភាពភ្ជាប់ពាក្យដោយ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺរៀបការឆៅ ដែលពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ កក្កដា នៅផ្ទះកូនក្រមុំ ស្ថិតក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ។ ប្រភពព័ត៌មានមួយបានឱ្យដឹងថា កូនកំលោះជាជនជាតិចិន នោះឈ្មោះ សុឹង តុងហ័រ អាយុ៤៤ឆ្នាំ ។ ចំណែកកូនស្រីឈ្មោះ កែវ ណារិន រស់នៅក្នុងភូមិ-សង្កាត់ខាង
លើ ។
ប្រភពដដែលបានបង្ហើបឱ្យដឹងទៀតថា ការស្នើសុំរៀបអាពាហ៍ពិពាហ៍នេះ ធ្វើឡើងដោយមានការសូកប៉ាន់ មន្ត្រីសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋានខេត្ត ដោយចំណាយទឹកប្រាក់រាប់ពាន់ដុល្លារ និងគ្មានឯកសារអ្វីទាំងអស់ ។ យោងតាមមន្ត្រីក្រសួងការបរទេសបានឱ្យដឹងថា សម្រាប់ជនជាតិចិន មិនថាចិនតៃវ៉ាន់ ឬចិនដីគោកទេ មិនអាចរៀបអាពាហ៍ពិពាហ៍ ឬធ្វើពិធីភ្ជាប់ពាក្យជាមួយនារីខ្មែរបានឡើយ ហើយបើធ្វើបានដរាបណាមានកំណត់ទូត បញ្ជាក់ពីអត្តសញ្ញាណកូនប្រុសនោះ (ជនជាតិចិន) ទើបក្រសួងការបរទេសធ្វើការពិនិត្យ និងពិចារណា ហើយបញ្ជូនទៅក្រសួងមហាផ្ទៃ ។
ប្រភពខាងលើបន្តថា បើគ្មានលិខិតស្នាមតាមផ្លូវការខាងលើទេ ហើយពួកគេនៅតែធ្វើបានបែបនេះ អ្នកដែលមានកំហុសជាងគេគឺអាជ្ញាធរតែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ៊ុយ ស៊ីធឿន អភិបាលក្រុងច្បារមននិយាយថា លោកបានឱ្យលោក ព្រំ សារ៉ន ចៅសង្កាត់រកាធំ ចុះទៅឃាត់មិនឱ្យបន្តពិធីនេះទៀតទេ ។ ចំណែកលោក ព្រំ សារ៉ន ក៏បានឱ្យដឹងដែរថា លោកបានចុះទៅឃាត់ និងស្នើសុំពិនិត្យឯកសារហើយដែរ ប៉ុន្តែមិនឃើញមានឯកសារណា ដែលចេញដោយស្ថានទូត និងក្រសួងការបរទេសនោះទេ ជាពិសេសពីក្រសួងមហាផ្ទៃ ។
លោកចៅសង្កាត់បន្តថា កូនកំលោះចិនដែលមករៀបពិធីនេះ មានតែម្នាក់ឯងគត់ គ្មានសាច់ញាតិបងប្អូនមកចូលរួមទេ គឺគេបានយកបងកូនក្រមុំ និងបងថ្លៃធ្វើជាឪពុកកូនកំលោះចិននោះ ។ ពេលនេះសូម្បីតែលិខិតដែលសាមីខ្លួនស្នើសុំធ្វើរោង ក៏ត្រូវបានលោកអភិបាលក្រុងបញ្ជាឱ្យ ដកយកមកវិញទាំងអស់ដែរ ។ ក្រោយពីអាជ្ញាធរចុះទៅឃាត់មិនឱ្យបន្ត ពិធីទាំងកូនកំលោះចិន និងកូនក្រមុំខ្មែរបាននាំគ្នារត់គេចអស់ ដែលទំនងជាខ្លាចអាជ្ញាធរឃាត់ខ្លួនកូន កំលោះចិននោះហើយមើលទៅ ។
ភ្ញៀវដែលទៅចូលរួមពិធី ម្នាក់ៗមានការស្រងាកចិត្តគ្រប់គ្ នានៅពេលមិនឃើញវត្តមានកូនកំលោះ និងកូនក្រមុំនៅចាំទទួលភ្ញៀវ ហើយភ្ញៀវក៏បានហូបអាហារហ្វ្រ៊ីតែម្តង ដោយមិនចាំបាច់ចងដៃឡើយ។ ភ្ញៀវខ្លះបានលើកឡើងថា ការដែលជនជាតិចិននេះមកលួចរៀបការក្រោមរូបភាព ភ្ជាប់ពាក្យបែបនេះ ទំនងជាភាគីខាងចិនមានបំណងចង់យកនារីខ្មែរ យើងគ្រាន់ទុកជាការកំដរអារម្មណ៍តែប៉ុណ្ណោះ ។ ម្យ៉ាងទៀត បើគេមកដោយគ្មានលិខិតស្នាមបែបនេះ មិនប្រាកដថាគេគ្មានប្រពន្ធនោះទេ ព្រោះអាយុច្រើនគួរសមដែរហើយ ។
បើគេគ្មានប្រពន្ធកូន គេច្បាស់ជានាំកូនក្រមុំទៅកាន់ស្ថាន ទូតចិនដើម្បីឱ្យទទួលស្គាល់ និងសុំលិខិតរៀបអាពាហ៍ពិពាហ៍ និងបំពេញបែបបទគ្រប់បែបយ៉ាង ដែលស្ថានទូតទទួលស្គាល់ទើបអាចរៀបការបាន ។ បើតាមមន្ត្រីនគរបាលប៉ុស្តិ៍រកាធំមួយរូបនិយាយថា រូបលោកមិនហ៊ានទៅក្បែរនោះទេ ព្រោះរឿងនេះគេបានទាក់ ទងមេៗអស់ហើយ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ការព្យាយាមទាក់ទងទៅមន្ត្រីនគរបាល សន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាល ខេត្តដើម្បីសុំការបំភ្លឺ មិនអាចទាក់ទងបានទេ ។
គួរបញ្ជាក់ថា រយៈពេលកន្លងមកមានជនជាតិ ចិនច្រើននាក់ហើយ បានមករៀបការជាមួយនារីខ្មែរ ក្រោមលេសថាយកធ្វើជាភរិយា ប៉ុន្តែនៅពេលទៅដល់ស្រុកគេ (ស្រុកចិន) នារីខ្មែរទាំងនោះក៏ក្លាយជាទាសករផ្លូវភេទ ហើយក៏មានអ្នកខ្លះទៀតក្លាយខ្លួនជា ស្រីពេស្យាផងដែរ ។ ដោយមើលឃើញបញ្ហានេះ ទើបរាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យជនជាតិចិនរៀបការ ជាមួយនារីខ្មែរណាម្នាក់ដោយគ្មានលិខិតស្នាមឡើយ ដើម្បីធានាភាពស្របច្បាប់នៃការរៀបអាពាហ៍ពិពាហ៍៕
ប្រភព : កោះសន្តិភាព