Apple ​នឹង​​ស៊ើប​អង្កេត​​ ករណី​ស្លាប់​របស់​ អ្នក​ប្រើ iPhone 5

7/16/2013 0 Comments A+ a-

កាល​ពី​ពេល​ថ្មីៗនេះ​មាន​ព័ត៌មាន​ថា ​មាន​ស្ត្រី​ចិន​ម្នាក់​​ត្រូវ​បាន​ស្លាប់​​បន្ទាប់​ពី​​បាន​​លើក​(ទទួល​ការ​ហៅ​) ទូរស័ព្ទ​ក្នុង​ខណៈ​ពេល​ដែល​កំពុង​សាក​ថ្ម ​ដែល​ទូរស័ព្ទ​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​គឺ​ជា iPhone 5 ។ ​ដោយ​ឡែក​ទាក់​ទង​ទៅ​​នឹង​ករណី​ស្លាប់​របស់​ស្ត្រី​ចិន​ម្នាក់​នេះ ​ក្រុមហ៊ុន Apple នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់​​ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ក្រុមហ៊ុន​​​​​ដល់​ប្រភព Reuters កាល​ពី​ថ្ងៃ​ចន្ទ​​ម្សិល​មិញ ។
Ma Ailun :
​កាល​ពី​​សប្ដាហ៍​មុន​​​​​ស្ត្រី​ចិន​ម្នាក់​ឈ្មោះ Ma Ailun អាយុ ២៣​ឆ្នាំ ​រស់​នៅ​ក្នុង​តំបន់​ Xinjiang នៃ​ប្រទេស​ចិន ​ត្រូវ​បាន​គេ​​​សន្និដ្ឋាន​ថា​ ​​បាន​ស្លាប់​ដោយ​ឆក់​ខ្សែ​ភ្លើង​​នៅ​​ពេល​​លើក​​ទូរស័ព្ទ​ iPhone 5 មក​និយាយ​ក្នុង​ខណៈ​ពេល​កំពុង​សាក​ថ្ម ​នេះ​បើ​យោង​ទៅ​តាម​​​​ទីភ្នាក់ងារ​​ព័ត៌មាន​​​ចិន​ Xinhua (សិនហ៊ួ) ។
​​នៅ​ក្នុង​​លិខិត​ដែល​បាន e-mailed ទៅ​កាន់​ប្រភព Reuters កាល​ពី​ថ្ងៃ​ចន្ទ​ ម្សិល​មិញ​ អ្នក​នាំ​ពាក្យ​របស់​ Apple បាន​​និយាយ​ថា ក្រុមហ៊ុន​ ​​​មាន​​​​​​​ក្ដី​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង ហើយ​ក្រុមហ៊ុន​នឹង​​​​ស្វែង​យល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ ​និង​ចូលរួម​​រំលែក​មរណៈ​​ទុក​ដល់​ក្រុម​គ្រួសារ​នៃ​សព​ (Ma) ។ ក្រៅ​ពី​នេះ​ក្រុមហ៊ុន Apple នឹង​ធ្វើ​ការ​ស៊ើបអង្កេត​​ទាំង​ស្រុង​ទៅ​នឹង​ករណី​​នេះ ដោយ​សហការ​ជា​មួយ​នឹង​ អាជ្ញាធរ​​ដែល​ពាក់​ព័ន្ធ ​និងបញ្ហា​នេះ ។
​​សូម​បញ្ជាក់​ថា ​​​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ ​របាយការណ៍​ដែល​​​​​ចេញ​ផ្សាយ​ពី​ការ​​បង្ខូច​​​ទូរស័ព្ទ​ចេះ​តែ​លេច​ចេញ​មក​​អស់​​ពី​​មួយ​ ទៅ​ មួយ​ទៀត ។ ​ជា​ពិសេស​គឺ​ ​កាល​ពី​សប្ដាហ៍​មុន មាន​​អ្នក​​ធ្វើ​ការ​បង្ហោះ​រូប​ទូរស័ព្ទ iPhone 4 ​ដោយ​បញ្ជាក់​ថា​​​ត្រូវ​បាន​ផ្ទុះ​​ក្លាយ​ជា​ភ្លើង​ក្នុង​ពេល​កំពុង​គេង ។ យ៉ាង​ណា​មិញ​ជុំ​វិញ​ករណី​ទាំង​អស់​នោះ ​ករណី​ខ្លះ​គឺ ​មិន​មែន​ជា​​ហេតុផល​ដែល​កើត​ចេញ​ពី​ទូរស័ព្ទ​ដោយ​ផ្ទាល់​នោះ​ទេ ។ ដោយ​ឡែក​ចំពោះ​ករណី​​ស្លាប់​របស់​ស្ត្រី​ចិន​​ម្នាក់​នេះ គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​​បណ្ដាល​មក​ពី​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ ៕