Justin Bieber ​ទាត់​​ធាក់​​​អ្នក​ប្រមាញ់​រូបថត​​តារា ​​​ឥឡូវ​ត្រូវ​គេ​ប្ដឹង​​

6/27/2013 0 Comments A+ a-



តារា​ចម្រៀង​កាណាដា​ Justin Bieber ត្រូវ​បាន​អ្នក​ប្រមាញ់​រូបថត​តារា​ប្តឹង​ដោយ​អះអាង​ថា ​តារាវ័យ​ ១៩​ឆ្នាំ​រូប​នេះ​បាន​ទាត់ ​និង​ធាក់​គេ​នៅ​មជ្ឈមណ្ឌល​លក់ទំនិញ​ ​ភាគ​ខាង​ត្បូង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាល​ពី​ឆ្នាំ​មុន​។
អ្នក​ប្រមាញ់​រូបថត​តារា ​Jose Osmin Hernandez Duran បាន​ដាក់​ពាក្យ​បណ្តឹង​ថា​ Justin Bieber បាន​ទាត់ ​និង​វាយ​មុខ​ផ្នែក​ខាង​ស្តាំ​គេ។ ​ហេតុ​ការណ៍​​នេះ​​ បាន​​កើត​ឡើង​​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ឆ្នាំ​មុន។


មុន​ពេល​កើតហេតុ ​Justin និង​ Selena Gomez ​បាន​ព្យាយាម​ចេញ​ពី​ហាង​ទំនិញ​មួយ​​តាម​​ឡាន​ Mercedes ប៉ុន្តែ​ត្រូវ​​ឡោម​ព័ទ្ធ​ជាប់​ដោយ​ក្រុម​អ្នក​ប្រមាញ់​រូប​ថត ​និង​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​។ ខណៈ​នោះ​ Justin ទំនង​ជា​ចង់​បើក​ឡាន​ចេញ​ពី​កន្លែង​នោះ​ តែ​ធ្វើ​មិន​បាន​សម្រេច​ដោយ​សារ​តែ​ទំហំ​ឡាន​ធំ​ និង​មនុស្ស​កកកុញ​ទៀត​។
ក្រោយ​មក​ Justin បាន​បើក​ទ្វារ​ឡាន​ហើយ​ស្រែក​​ឱ្យ​មនុស្ស​ទាំងអស់​ចេញ​ពី​ផ្លូវ​ឡាន​​ បន្ទាប់​មក​ Justin ក៏​រត់​ចុះ​ពី​លើ​ឡាន​រត់​សំដៅ​ទៅ​រក​ Duran ​ហើយ​ក៏​វាយ​ប្រហារ​គេ​តែ​ម្តង​។ ទាក់ទង​នឹង​បញ្ហា​នេះ​ មិន​អាច​សុំ​ការ​បក​ស្រាយ​បំភ្លឺ​ពី​អ្នក​តំណាង​តារា​ចម្រៀង​ល្បី​រូប​នេះ​ទេ។
អ្នក​ប្រមាញ់​រូបថត​ខាង​លើ​ បាន​ដាក់​បណ្តឹង​ចោទ​ប្រកាន់​ Justin Bieber ពី​បទ​ធ្វើ​បាប​រាងកាយ​ និង​បង្កផល​ប៉ះពាល់​ដល់​សតិ​អារម្មណ៍ ​និង​ស្ថានភាព​សេដ្ឋកិច្ច​គ្រូសារ។
​មួយ​រយៈ​ចុង​ក្រោយ​នេះ​​​ ​Justin ​​​ហាក់​មិន​សូវ​មាន​រឿង​ល្អ​ប៉ុន្មាន​នោះ​ទេ​នៅ​លើ​ទំព័រ​សារព័ត៌មាន ​ជាក់​ស្ដែង​កាល​ពី​សប្ដាហ៍​មុន​​ មាន​ប្រភព​មួយ​បាន​លើក​ឡើង​ថា ​​​អ្នក​​គ្រប់​គ្រង​​​តារា​​រូប​នេះ​គឺ​​លោក​ Scooter ចង់​ឲ្យ​តារា​ចម្រៀង​វ័យ​ក្មេង​​ម្នាក់​នេះ​​​ចូល​​មណ្ឌល​កែប្រែ​​។