ក្រុមគ្រួសារ ប្រហោងពោះ ពេលលឺថា មានខ្មាន់កាំភ្លើង បាញ់កញ្ញា សុន ស្រីពេជ្រ
មុននេះបន្តិចកញ្ញាសុន ស្រីពេជ្រ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចេញផ្សាយថា នាងត្រូវជនមិនស្គាល់មុខបាញ់ប្រហារនៅខេត្តក្រចេះ។ គ្រាន់តែទទួលដំណឹងនេះភ្លាម ក្រុមគ្រួសាររបស់នាង ភ័យប្រហោងពោះគ្រប់គ្នា ខណៈដែលកញ្ញាស៊ុន ស្រីពេជ្រ កំពុងតែនៅផ្ទះនៅឡើយ។
កញ្ញាស៊ុន ស្រីពេជ្រ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចេញផ្សាយដោយដាក់ចំណងជើងថា”ស៊ុន ស្រីពេជ្រ ពុំមាន គ្រោះថ្នាក់អ្វីទេ ខណៈដែលមានពាក្យចចាមអារ៉ាមថា នាងត្រូវជនមិនស្គាល់មុខ បាញ់ប្រហារនៅខេត្តក្រចេះ”។
សារព័ត៌មាននោះបានលើកឡើងថា “នាងត្រូវជនមិនស្គាល់មុខបាញ់ប្រហារនៅក្នុងខេត្តក្រចេះ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៦ មិថុនា ២០១៣ ដោយដំណឹងនេះបានធ្វើឲ្យមាន ការភ្ញាក់ផ្អើលក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនេះសារព័ត៌មានដដែលបាន ទាក់ទង់ទៅអាជ្ញាធរខេត្តក្រចេះ ដោយអាជ្ញាធរ បានរាយការណ៍ថា មិនមានករណីបាញ់ប្រហារតារាចម្រៀង ស៊ុន ស្រីពេជ្រឡើយ ហើយសូម្បីតែស្នូរផ្ទុះអាវុធ ១គ្រាប់ ក៏ពុំបានកើតឡើងដែរនៅក្នុងខេត្តក្រចេះ។ ចំពោះក្រុមគ្រួសារ វិញ បានអះអាងថាកញ្ញា សុន ស្រីពេជ្រ មិនមានខ្មាន់កាំភ្លើងបាញ់ប្រហារមកលើនាងនោះឡើយ។
ក្នុងជំនួបបន្ថែមជាមួយ Sabay តាមទូរសព្ទមុននេះបន្តិច នាយសេត ដែលជាបងបង្កើតរបស់កញ្ញាសុន ស្រីពេជ្រ បានចេញមុខបដិសេធន៍ថា ប្អូនស្រីរបស់លោក មិនមានខ្មាន់កាំភ្លើងបាញ់ប្រហារមកលើកនាងនោះឡើយ បច្ចុប្បន្ននាងមានសុវត្ថិភាពធម្មតាទេ។
នាយសេតបានឲ្យដឹងថា “មានឯណាប្អូនម្សិលមិញ អាពេជ្រ ទៅច្រៀងនៅ ខេត្តកំពង់ធំ ជាក្រុមតន្ត្រីទេសចរណ៍ ប្ងូនខ្ញុំទើបត្រឡប់មកដល់ភ្នំពេញប្រហែលជាម៉ោង៣ ខ្ញុំទើបតែឲ្យប្អូនទៅយកវាពីក្រុមហ៊ុនមកផ្ទះវិញ។ ប្អូននិយាយបែបនេះខ្ញុំភ័យបុកពោះខ្លាំងណាស់ គេចេះតែចុះផ្សាយ កុំជឿគេអី អាពេជ្រសុខសប្បាយទេ អត់មានអ្នកណាធ្វើអីវាទេ”។
ជាមួយគ្នានោះដែរ តាសង់ស៊ីស ដែលជាឪពុក កញ្ញាសុន ស្រីពេជ្រ បានលើកឡើងថា កន្លងមកកូនស្រីរបស់លោកមិនដែរមានទំនាស់ជាមួយនឹងអ្នកណានោះឡើយ។ តា សីសលើកឡើងថា កូនស្រីរបស់លោកស្លូតខ្លាំងណាស់ កន្លងមកនាងក៏មិនដែលជាប់ពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណនោះទេ។
តាស៊ីសបានចាត់ទុកថា ពាក្យចចាមអារ៉ាមខាងលើ គឺជារឿងអកុសលមួយសម្រាប់ក្រុមគ្រួសាររបស់លោក ខណៈដែលក្រុមគ្រួសាររបស់លោកកំពុងមានក្ដីសុខ តែទោះបីជាយ៉ាងណាក្ដី លោកចាត់ទុកជារឿងមួយ ដែលជួយបណ្ដោះគ្រោះ មកលើកកញ្ញា ស៊ុន ស្រីពេជ្រទៅវិញចុះ៕
ប្រភព : សប្បាយ