iOS 7 ប្តូរឯកសណ្ឋានថ្មី កាន់តែស្រស់ស្អាតជាងមុន

ថ្មីៗនេះ Apple បានបើកកិច្ចជំនុំពិភាក្សាគ្នាមួយជុំវិញ iOS ជំនាន់ថ្មីគឺ iOS 7។ ខណៈនោះលោក Jony Ive ត្រូវជាអនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកឌីហ្សាញរបស់ Apple បានបង្ហើបឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ iOS 7 នឹងមានកំណែប្រែរូបសណ្ឋាន interface ថ្មីកាន់តែស្រស់ស្អាតជាង iOS ដែលកំពុងបំពាក់លើ iDevice ទាំងអស់ដូចសព្វថ្ងៃនេះ។
ការពិភាក្សាគ្នាមួយស្ដីអំពីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មី ដែលពុំទាន់បានលេចមុខនៅនៅលើ iDevice នោះលោក John Gruber ដែលជាអ្នកតាមដានព័ត៌មានពី Apple យ៉ាងប្រកិតនោះ បានឱ្យដឹងថា iOS 7 នឹងមានរូបសណ្ឋាន (interface) ល្អ កាន់ស្រស់ស្អាតជាងមុនថែមទៀត។
iPhone របស់ Apple តាំងពីជំនាន់ដំបូង iPhone Original ឃើញមាន User Interface នៅដដែលៗរហូតមកដល់ជំនាន់ iPhone 5 ដែលជាជំនាន់ទី៦ ចុងក្រោយហើយក៏ដោយ។ តែបើទោះបី Interface នៅលើ iDevice ដូចជា iPhone និង iPad ពុំមានការផ្លាស់ប្ដូរពីមួយជំនាន់ទៅមួយជំនាន់ក៏ដោយ ក៏ឃើញផលិតផលទាំងនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ពោលគឺបានទទួលស្គាល់ពីបណ្ដាសាធារណជនទូទាំងពិភពលោក។
Apple បានចេញលក់ iPhone Originalដែលជា smartphone ដំបូងបង្អស់របស់ខ្លួនតាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧ម្ល៉េះ ដែលពេលនោះ OS បំពាក់នៅលើទូរសព្ទទំនើបមួយនេះចេញត្រឹម version iOS 3.1.3 ប៉ុណ្ណោះ។ ចំណែកឯ iPad វិញគឺនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១០ ដែលពេលនោះបានបំពាក់ iOS 5.1.1។
គេរំពឹងថា Apple នឹងដាក់ចេញឱ្យប្រើ iOS 7 ក្នុងសន្និសីទប្រចាំឆ្នាំ WWDC ដែលនឹងប្រារព្ធធ្វើនៅអំឡុងចុងត្រីមាសទី២ឬដើមត្រីមាសទី៣ (ខែឧសភា – ខែសីហា) ខាងមុខ។
រង់ចាំមើលទាំងអស់គ្នា តើ iOS version ថ្មីមាន interface ល្អស្អាតកម្រិតណា? តើកំណែរូបសណ្ឋានថ្មីនឹងជួយឱ្យ Apple ទទួលបានជោគជ័យកម្រិតណាទៀត?