Galaxy S6 មាន​ចំណុច​ខ្លាំង​ទាំង១០ នេះ ល្មម​អាចឱ្យ Apple ញញើត​បាន

3/08/2015 0 Comments A+ a-

មក​ដល់​ពេល​នេះ នៅតែ​មាន​ភាព​ចម្រូងចម្រាស​នៅឡើយ​ចំពោះ​មតិ​លើកឡើង​ជុំវិញ ការ​វាយ​តម្លៃ​លើ Galaxy S6 ប្រៀបធៀប​នឹង iPhone 6 ថា​តើ​កំពូល​ស្មាតហ្វូន​ទាំងពីរ​នេះ មួយ​ណា​ល្អ​ជាង​មួយ​ណា?

samsung-galaxy-s6-camera-features-11



យ៉ាងណា TheBNEWS សុំ​មិន​ធ្វើការ​វាយតម្លៃ​នោះ​ទេ គឺ​ទុក​ឱ្យ​ប្រិយមិត្ត​ជា​អ្នក​សម្រេច​ចាញ់​ឈ្នះ​ផ្ទាល់ តែ​គួរ​ណាស់​តែ​បាន​សាកល្បង​ប្រើ​ជា​មុន​សិន សឹម​វាយ​តម្លៃ​ចាញ់​ឈ្នះ​តាម​ក្រោយ ព្រោះ​ឮ​គេ​ថា​១ពាន់​ដង មិន​ស្មើ​នឹង​បាន​ដឹង​ដោយ​ការ​ប្រើ​ផ្ទាល់​ម្ដង​ឡើយ។ ខាង​ក្រោម​នេះ គឺ​ជា​លក្ខណៈ សម្បត្តិ​ថ្មី ១០យ៉ាង​ដែល Samsung ទើប​បញ្ចូល​ទៅ​លើ​ស្មាតហ្វូន Galaxy S ជំនាន់​ក្រោយ​គឺ Galaxy S6។

១) ការ​រចនារូបរាង

1

បើ​មើល​តាម​ការ​​ឌីហ្សាញ​តួ​ខ្លួន​របស់​ Galaxy S6 គឺ​ពុំ​សូវ​មាន​លក្ខណៈ​ខុស​ប្លែក​នឹង Galaxy S5 នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន Samsung បាន​ដក​ចោល​ទម្លាប់​ប្រើ​សារធាតុ​ប្លាស្ទិក ដោយ​រចនា​ឱ្យ​មាន​រឹងមាំ​ ស្អាត​ទាន់សម័យ​ជាង​មុន គឺ​ផលិត​ពី​លោហធាតុ​លាយ​កញ្ចក់​ទំនើប (modern metal-and-glass phone)។ ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​នេះ​មាន​ប្រវែង​ទទឹង​មិន​ដល់ ២,៨អ៊ីញ​ទេ ដូច្នេះ​ផ្ដល់​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​កាន់​ប្រើ​ដៃ​ម្ខាង ព្រមទាំង​សម្បក​ក្រោយ​មាន​នូវ​ពណ៌​ខៀវ​ស្អាត​ផ្ដល់​ភាព​ស៊ីវិល័យ​នៅ​ពេល​ចាប់​កាន់​ក្នុង​ដៃ។

២) LoopPay

2

ស្មាតហ្វូន​នេះ​ត្រូវ​បាន Samsung បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប គឺ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ ដែល​ផ្ដល់​ភាព​ងាយស្រួល និង​សុវត្ថិភាព​ក្នុង​ការ​ចាយវាយ​ដល់​អ្នក​ប្រើ ព្រោះ​ពុំ​ចាំបាច់​កាន់​កាត​ឥណទាន ឬ​ឥណពន្ធ​តាម​ខ្លួន​ឡើយ ពោល​គឺ​យក​តែ​ទូរស័ព្ទ​គឺ​គ្រប់គ្រាន់។

៣) បច្ចេកវិទ្យា​ធ្វើឲ្យ​អេក្រង់​ច្បាស់​ល្អ HD Screen និង​ស្រោប​ដោយ​កញ្ចក់​ការពារ​បច្ចេកវិទ្យា​ចុងក្រោយ Corning Gorilla Glass 3 មិន​ងាយ​ឆ្កូត និង​មិន​ងាយ​ធ្លាក់​បែក

3

Galaxy S6 មាន​អេក្រង់ ៥,‌១អ៊ីញ ប្រភេទ Quad-HD screen និង​មាន​ដង់ស៊ីតេ​អេក្រង់​ធំ​រហូត​ដល់ ៥៧៧ភិចហ្សែល​ក្នុង​មួយ​អ៊ីញ (577ppi) ដែល​ផ្ដល់​ការ​បង្ហាញ​រូប​បាន​ម៉ត់​ច្បាស់​ល្អ។ កាន់តែ​ពិសេស​នោះ GS6 ត្រូវ​បាន​ស្រោប​ដោយ​កញ្ចក់​ការពារ Gorilla Glass 3 ដែល​ជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ក្រុមហ៊ុន​អាមេរិក Corning មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​ឱ្យ​មាន​ស្នាម​ឆ្កូត និង​មិន​ងាយ​បែក​អេក្រង់។

៤) ទំហំ​អង្គ​ចងចាំ​ត្រូវ​បាន​ពង្រីក​ដល់ 128GB UFS Flash Storage

4

ដោយសារ Galaxy S6 ត្រូវ​បាន​ផលិត​ឱ្យ​មាន​ទំហំ​អង្គ​ចងចាំ​ធំ​ដូច្នេះ ទើប Samsung មិន​បាន​ធ្វើ​រន្ធ​សម្រាប់​ប្រើ​កាត​មេម៉ូរី​ខាង​ក្រៅ​នោះ​ឡើយ។ ក្រុមហ៊ុន Samsung បាន​និយាយ​ថា​អង្គ​ចងចាំ​ម៉ាស៊ីន​ប្រភេទ built-in UFS flash memory នេះ​គឺ​មាន​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ​ក្នុង​ល្បឿន​លឿន​ជាង​កាត​មេម៉ូរី​បន្ថែម​ក្រៅ (external memory card)។ កត្តា​នេះ នឹង​ធ្វើ​ឱ្យ​ការ​ថត​វីដេអូ​កម្រិត 4K មាន​ដំណើរការ​បាន​រលូន។

៥) ដំណើរការ​របស់​កាមេរ៉ា Galaxy S6 មាន​ល្បឿន​លឿន​ជាង​មុន

5

សមត្ថភាព​នៅ​ត្រង់​ល្បឿន​កាមេរ៉ា កន្លង​មក​ក្រុមហ៊ុន Apple ហាក់​ដូច​ជា​មាន​ការ​ឈាន​មុខ​ក្រុមហ៊ុន Samsung បន្តិច ប៉ុន្តែ​នៅ​លើ Galaxy S6 វិញ គឺ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​យក​ចិត្ត​ទុកដាក់ និង​បាន​យក​ឈ្នះ​ល្បឿន​ក្នុង​ការ​បើក​កម្មវិធី​កាមេរ៉ា បាន​លឿន​ជាង​កាមេរ៉ា iPhone 6 ដោយ​ចំណាយ​រយៈពេល​ត្រឹមតែ ០,៦វិនាទី។

៦) គុណភាព​កាមេរ៉ា​ល្អ​ជាង​មុន

6

កាមេរ៉ា GS6 ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​កម្រិត​សមត្ថភាព​ថត​រូប​បាន​ភ្លឺ​ច្បាស់​ជាង​មុន brighter f/1.9 និង​ infrared white balance detection ដែល​ជួយ​បង្កើន​គុណភាព​រូប​ច្បាស់​ជាង​កាមេរ៉ា​នៅ​លើ Galaxy S5។ រូបថត​ដែល​ផ្ដិត​ចេញ​មក នឹង​ភ្លឺ​ច្បាស់​ជាង​មុន​លក្ខណៈ​ធម្មជាតិ ពុំ​សូវ​បែក និង​ពុំ​សូវ​លឿន (ពណ៌​លឿង)។

៧) បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ (Fast Charging)

7

Galaxy S6 ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា Qualcomm QuickCharge និង​បច្ចេកវិទ្យា Samsung Quick-charging ដូច្នេះ​ហើយ ធ្វើឲ្យ​ស្មាតហ្វូន​នេះ​សាក​ថ្ម​ឆាប់​ពេញ ពោល​គឺ​ចំណាយ​ពេល​សាក​តែ ១០នាទី អាច​ប្រើ​បាន​រហូត​ដល់ ២ម៉ោង​ក្នុង​ការ​ចាក់​វីដេអូ។

៨) Galaxy S6 បំពាក់​ឈីប​អង្គ​ប្រតិបត្តិ Exynos 7 Octa Processor

8

Galaxy S6 នឹង​ក្លាយ​ជា​ស្មាតហ្វូន​ដំបូង​ដែល​បំពាក់​ឈីប Samsung Exynos សម្រាប់​ទីផ្សារ​អាមេរិក។ Exynos 7 Octa មាន​ល្បឿន 2.1GHz មាន​ល្បឿន​លឿន​ជាង Snapdragon 810 របស់​ក្រុមហ៊ុន Qualcomm ទៅទៀត ហើយ​មាន​ទំហំ 14nm តូច​ជាង​ឈីប​របស់ Qualcomm។ តាម​រយៈ​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា Galaxy S6 នឹង​ជា​ស្មាតហ្វូន Android ល្បឿន​លឿន​ជាង​គេ​ក្នុង​ពេល​បច្ចុប្បន្ន។

៩) កម្មវិធី Software ‘TouchWiz’ មាន​ការ​រចនា​ស្អាត

9

Galaxy S6 ប្រើ​នូវ Software ‘TouchWiz’ ថ្មី​ដោយ​បាន​រចនា​រូបរាង interface រឹតតែ​ស្អាត ជាមួយ​ទំហំ​តូច​ជាង​មុន​ប្រហែល​តែ 700MB។ ដោយសារ​តែ​បែប​នេះ វា​នឹង​ជួយ​សន្សំសំចៃ​ទំហំ​អង្គ​ចងចាំ​ទំនេរ​បាន​ច្រើន។

១០) មាន​ម៉ោង (Clock) សម្រាប់​មើល នៅ​ចំហៀង​អេក្រង់ ត្រង់​អេក្រង់​កោង​បញ្ឆិត​របស់​Galaxy S6 Edge

10



ចំពោះ Galaxy S6 Edge ត្រូវ​បាន​រចនា​រូបរាង​ប្លែក​ពី​ស្មាតហ្វូន​មុន ដោយ​មាន​អេក្រង់​កោង​បញ្ឆិត​ចុះក្រោម​បន្តិច។ តាមរយៈ​អេក្រង់​កោង​នេះ នឹង​ផ្ដល់​ភាព​ងាយស្រួល​មើល​ម៉ោង​ដល់​អ្នក​ប្រើ ទោះបី​អ្នក​ចាក់​សោ (lock) អេក្រង់​ទូរស័ព្ទ​ឡើង​ងងឹត ក៏​ម៉ោង​នៅតែ​បង្ហាញ​នៅ​ផ្នែក​ជំហៀង​អេក្រង់​ដដែល។

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ pcmag