លោក ហ៊ុន សែន៖ កម្ពុជា​នៅ​មាន​លទ្ធភាព​ខ្ចី​បុល​លុយ

3/11/2015 0 Comments A+ a-

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​ខ្ចីបុល​ពី​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​នានា​ ដើម្បី​យក​មក​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស។
ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​ សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាល​ពី​ម្សិល​មិញ​ថា បំណុល​កម្ពុជា​មិន​ទាន់​មាន​កម្រិត​ខ្ពស់​ដូច​បណ្តា​ប្រទេស​លោក​ខាង​លិច​មួយ ​ចំនួន​ឡើយ ហើយ​ការណ៍​នេះ​នៅ​តែ​ផ្តល់​លទ្ធភាព​ឲ្យ​កម្ពុជា​ខ្ចី​បុល​បន្ត​ទៀត។
20150311_12លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ហេង ជីវ័ន
លោក​ថ្លែង​ថា៖ «យើង​ត្រូវ​ទប់​សភាព​ការណ៍​កុំ​ឲ្យ​ដូច​ក្រិក កម្រិត​បំណុល ១៧៥ ភាគរយ​នៃ GDP [ផលិត​ក្នុង​ស្រុក​សរុប]។ ឯ​យើង​ទើប​តែ ២៣ ភាគរយ​នៃ GDP តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​ពិតាន​សម្រាប់​ការ​ខ្ចី​គឺ ៤០ ភាគរយ អ៊ីចឹង​ត្រូវ​គ្រប់​គ្រង​ទាំង​អស់»។
យោង​តាម​ច្បាប់​ថវិកា ឆ្នាំ​២០១៤ ដែល​រដ្ឋសភា​បាន​អនុម័ត​ឲ្យ​រដ្ឋាភិបាល​មាន​លទ្ធភាព​ក្នុង​ការ​ខ្ចី​បុល​ពី​ ប្រទេស​ជា​ដៃគូ​ដើម្បី​បង្គ្រប់​ខ្ទង់​ចំណាយ​គឺ​ប្រមាណ​ជាង ៤០០ លាន​ដុល្លារ​អាមេរិក។ គិត​មក​ត្រឹម ខែ​កញ្ញា ឆ្នាំ​ទៅ កម្ពុជា​ជំពាក់​បំណុល​បរទេស ៥០០០ លាន​ដុល្លារ។
លោក​ក៏​បាន​ធ្វើ​ការ​ដាស់​តឿន​ដល់​មន្ត្រី​ក្រោម​ឱវាទ បន្ត​ខិតខំ​កៀរគរ​ចំណូល​ដើម្បី​ទប់​ស្កាត់​ការ​ខ្ចី​បុល​ពី​បរទេស​នេះ​ផង​ដែរ។
លោក​បាន​បន្ត​ថា៖ «[យើង] ជំរុញ​បង្កើន​ចំណូល​ក្នុង​ស្រុក កាត់​បន្ថយ​ការ​ពឹង​ពាក់​ពី​ខាង​ក្រៅ។ យើង​ប្រឹង​ខ្លួន​ឯង ហើយ​យើង​ក៏​មិន​ចង់​ស្ថិត​នៅ​ក្នុង​អន្ទាក់​នៃ​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ នោះ​ទេ​យើង​ចង់​ឲ្យ​ប្រទេស​របស់​យើង​ឈាន​ពី​ចំណូល​មធ្យម​កម្រិត​ទាប​ទៅ​កាន់ ​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឈាន​ទៅ​ប្រទេស​អភិវឌ្ឍន៍​ដូច​គេ​ដូច​ឯង​ដែរ»។
នៅ ឆ្នាំ​២០១៤ ផលិត​ផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​បាន​កើន​ឡើង​ដល់ ១១៣៩ ដុល្លារ​អាមេរិក ដែល​បង្ក​លក្ខណៈ​ដល់​កម្ពុជា​អាច​ចេញ​ផុត​ពី​ចំណាត់​ថ្នាក់​ប្រទេស​ដែល​មាន​ ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ច្បាប់​ថវិកា ឆ្នាំ​២០១៤។
ទិន្នន័យ​ពី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​នៃ​ទីស្តីការ​គណៈ​ រដ្ឋ​មន្ត្រី​កាលពី​សប្តាហ៍​មុន កម្ពុជា​ប្រមូល​ចំណូល​ថវិកា​ជាតិ​សរុប ១០ ៥៣៦,៤ ពាន់​លាន​រៀល (២,៦៣ ពាន់​លាន​ដុល្លារ) កាល​ពី ឆ្នាំ​២០១៤ កើន​ឡើង ២២ ភាគរយ​ធៀប​នឹង ឆ្នាំ​២០១៣។ កំណើន​នេះ​បាន​ធ្វើ​ឲ្យ​ការ​រួម​ចំណែក​នៃ​ចំណូល​ថវិកា​ជាតិ​សម្រាប់​កំណើន​ សេដ្ឋកិច្ច​ជាតិ​ច្រើន​ជាង​មុន​គឺ​ស្មើ​នឹង ១៥ ភាគរយ​នៃ GDP ខណៈ​កាលពី ឆ្នាំ​២០១៣ បាន​រួម​ចំណែក​ក្រោម ១១ ភាគរយ​ប៉ុណ្ណោះ។
លោក សុន ឆ័យ អនុ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី​សប្តាហ៍​មុន​ថា ការ​កើន​ឡើង​នៃ​ការ​ទទួល​បាន​ចំណូល​ជាតិ​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ខ្លះៗ បន្ទាប់​ពី​ការ​ធ្វើ​កំណែ​ទម្រង់​លើ​ការ​ប្រមូល​ពន្ធ ប៉ុន្តែ​លោក​អះអាង​ថា នីតិវិធី​នៃ​ការ​ប្រមូល​ពន្ធ​នៅ​មិន​ទាន់​បាន​ពង្រឹង​តម្លាភាព​ទាំង​ស្រុង​ នោះ​ទេ ដោយ​សារ​ថា ការ​បាត់​បង់​ចំណូល​ពន្ធ​ពី​ការ​គេចវេះ​របស់​ឈ្មួញ​ធំៗ​នៅ​តែ​បន្ត​មាន។
លោក​បន្ត​ថា នៅ​ថៃ​និង​វៀតណាម មាន ១៨ ទៅ ២០ ភាគរយ ហើយ​សិង្ហបុរី មាន​ជាង ៤០ ភាគរយ​នៃ GDP។ លោក​ថ្លែង​ថា៖ «បើ​ការ​ប្រមូល​ពន្ធ​ធ្វើ​បាន​ល្អ​តាម​ច្បាប់ និង​នីតិវិធី​ត្រឹម​ត្រូវ យើង​នឹង​បន្ថែម​ចំណូល​ពន្ធ​ពី ១ ០០០ លាន​ទៅ ១ ២០០ លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​មួយ​ឆ្នាំ»។

ទិន្នន័យ​ដដែល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ចំណូល​ថវិកា​ជាតិ​សរុប ចំណូល​ដែល​បាន​ពី​ចំណូល​ចរន្ត [ពី​ពន្ធដារ ពន្ធគយ និង​ពន្ធ​ផ្សេង] មាន ៩២៣៩,៣ ពាន់​លាន​រៀល (២,៣ ពាន់​លាន​ដុល្លារ) និង​ចំណូល​បាន​មក​ពី​មូលធន [ចំណូល​បាន​ពី​ការ​វិនិយោគ​ជា គម្រោង​របស់​រដ្ឋាភិបាល] មាន ២០០,៨ ពាន់​លាន​រៀល (៥០ លាន​ដុល្លារ)៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍