ថ្នាំសម្រាប់សម្លាប់មេរោគអេដស៏ ខ្លាំងមិនធម្មតា

2/21/2015 0 Comments A+ a-


ឱសថ​ទ្រូវ៉ាដា (Truvada) ​ជា​ប្រភេទ​ថ្នាំ​គ្រាប់​ មួយ​កំប៉ុង​មាន​ ៣០ គ្រាប់​ប្រភព៖​ huffingtonpost.com
ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ឈ្មោះ «ទ្រូវ៉ាដា – Truvada» ​ត្រូវ​បាន​ចាត់​ទុក​ជា​ឱសថ​សម្រាប់​បង្ការ និង​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​អេដស៍​ (HIV) ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​រហូត​ដល់​ទៅ ៩២% ឯណោះ។ ​កាលពី​ខែកក្កដា ឆ្នាំ២០១២ «គណៈកម្មការ​ជាតិ​ត្រួត​ពិនិត្យ​គុណភាព​ចំណី​អាហារ​និង​ឱសថ – Food and Drugs Administration» នៅ​សហរដ្ឋ​អាមេរិក ក៏​ដូចជា «អង្គការ​សុខភាព​ពិភពលោក – World Health Organization» បាន​អនុម័ត​ (approve) ឲ្យ​ប្រើ​ប្រាស់ Truvada ជា​ផ្លូវ​ការ​ជា​៖ ១- ឱសថ​សម្រាប់​បង្ការ​ការ​ឆ្លង​មេរោគ​អេដស៍ (ចំពោះ​អ្នក​ដែល​មិន​ទាន់​មាន​មេរោគ​អេដស៍​នៅ​ក្នុង​ខ្លួន) និង​ ២- ជា​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ (anti-retroviral) ចំពោះ​អ្នក​ដែល​មាន​មេរោគ​អេដស៍​នៅ​ក្នុង​ខ្លួន។

​តើ​ឱសថ​ Truvada មាន​ប្រវត្តិ​សាវតារ​យ៉ាង​ដូចម្ដេច​ខ្លះ?
​ឱសថ Truvada ​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន Gilead ដែល​មាន​ជំនាញ​ខាង​ផលិត​ឱសថ​ពូកែ​សក្ដិសិទ្ធិ ប៉ុន្តែ​តម្លៃ​ឱសថ​មួយ​មុខ​របស់​ Gilead ក៏​មិន​ធម្មតា​ដែរ។ តម្លៃ​សម្រាប់​ការ​ទៅ​ទិញ​ដល់​កន្លែង​ពី​ក្រុមហ៊ុន Gilead ផ្ទាល់​តែ​ម្ដង​គឺ​មាន​ពីរ​ប្រភេទ មាន​តម្លៃ ៨០០០ ដុល្លារ និង ១៤០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ទៅ​តាម​ប្រភេទ​ឱសថ​មាន​ការ​ធានា​រ៉ាប់រង និង​គ្មានការ​ធានា។ ចំពោះ​ការ​ទិញ​នៅ​តាម​​ឱសថស្ថាន​ តម្លៃ​ក្នុង​មួយ​កំប៉ុង (៣០ គ្រាប់) ចន្លោះ​ពី​ជាង ១៣០០ – ជាង ១៥០០ ដុល្លារ។ នេះ​ជា​តម្លៃ​ប្រហាក់​ប្រហែល និង​អាស្រ័យ​ទៅ​តាម​តំបន់។

Truvada ជា​ប្រភេទ​ថ្នាំ​គ្រាប់មូល​ និង​គ្រាប់​ទ្រវែង មួយ​កំប៉ុង​មាន ៣០ គ្រាប់ មាន​ប្រភេទ ២០០ មិល្លីក្រាម និង ៣០០ មិល្លីក្រាម។ ក្នុង​មួយ​ថ្ងៃ គេ​អាច​លេប Truvada តែ​មួយ​គ្រាប់​គត់ ហើយ​ត្រូវ​លេប​ទៀង​ម៉ោង។  តាម​រយៈ​ការ​ពិសោធ​គុណភាព​ឱសថ​នេះ​ចំពោះ​ការ​ឆ្លង​មេរោគ​អេដស៍ បង្ហាញ​ថា​វា​មាន​ប្រសិទ្ធភាព​បង្ការ​មិន​ឲ្យ​ឆ្លង​មេរោគ​អេដស៍​រហូត​ដល់ ៩២% (ចំពោះ​អ្នក​មិន​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន ហើយ​លេប​ឱសថ Truvada ប្រចាំ​ថ្ងៃ)។


ហេតុ​អ្វី​បាន​ជា Truvada អាច​ទប់​ស្កាត់​មិន​ឲ្យ​ឆ្លង​មេរោគ​អេដស៍?
តាមពិត ក្រោយ​ពេល​លេប​ថ្នាំ Truvada មិន​មែន​មានន័យ​ថា​មេរោគ​អេដស៍​មិន​ចូល​ក្នុង​ខ្លួន​មនុស្ស​ទេ គឺ​ចូល​ក្នុង​សរសៃ​ឈាម។ ប៉ុន្តែ​ឥទ្ធិពល​របស់​ថ្នាំ វា​ទប់​ស្កាត់​មេរោគ​អេដស៍ មិន​ឲ្យ​ចាប់​តោង​កោសិកា​នៅ​ក្នុង​ឈាម​ដើម្បី​រស់​បាន ព្រោះ​មេរោគ​អេដស៍​រស់​ដោយសារ​ស៊ី​កោសិកា​នៅ​ក្នុង​សរសៃ​ឈាម​របស់​មនុស្ស។ ឱសថ​នេះ​អាច​គ្រប់​គ្រង​អង់ហ្ស៊ីម (Enzyme) នៅ​ក្នុង​ឈាម មិន​ឲ្យ​មេរោគ​អេដស៍​ទៅ​ក្បែរ​អង់ហ្ស៊ីម​។ ដូចនេះ មុន​និង​ក្រោយ មេរោគ​អេដស៍​ដែល​ចូល​ក្នុង​ខ្លួន​មនុស្ស​ គង់​តែ​ស្លាប់​ដដែល ព្រោះ​រក​អ្វី​ចិញ្ចឹម​ជីវិត​ និង​បំបែក​ខ្លួន​​មិន​បាន។

ម្យ៉ាងទៀត មូលហេតុ​ដែល​អ្នក​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន កាន់តែ​ទ្រុឌទ្រោម​ខ្លាំង មក​ពី​កោសិកាសេដេកាត់ (CD4) ត្រូវ​មេរោគ​អេដស៍​បំផ្លាញ​អស់​ច្រើន។ ពេល​លេប​ឱសថ Truvada អ្នក​ជំងឺ​អាច​កើន​ចំនួន​កោសិកា​សេដេកាត់​ឡើង​វិញ ចំណែក​ចំនួន​មេរោគ​អេដស៍​មិន​អាច​កើត​ថ្មី​ទេ មាន​តែ​ថយ​ចុះ​ជា​លំដាប់។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​ Gilead ដែល​ផលិត​ឱសថ Truvada។


ថ្វីត្បិត Truvada មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​អេដស៍​ខ្ពស់ ប៉ុន្តែ​វា​ទប់​ស្កាត់​បាន​តែ​មេរោគ​អេដស៍​ទេ ចំណែក​មេរោគ​ដទៃ​ទៀត ដែល​ឆ្លង​តាម​ការ​រួមរ័ក ឬ​ហៅ​ម្យ៉ាងទៀត​ថា «ជំងឺ​កាមរោគ – Sexually Transmitted Diseases» គឺ​ឱសថ​ Truvada មិន​អាច​ទប់​ស្កាត់​បាន​ទេ។ ហេតុនេះ​ហើយ បាន​ជា​អ្នក​ជំនាញ​ខ្លះ​យល់​ថា ​យ៉ាង​ហោច​ណាស់​ស្រោម​អនាម័យ​នៅ​តែ​ជា​ជំរើស​ល្អ​ប្រសើរ ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​តាម​ការ​រួម​រ័ក​គ្នា បាន​មួយ​គ្រប់​គ្រឿង។ អ្វី​ដែល​សំខាន​នៅ​ត្រង់​ថា​ អស់​លោក​ខ្លះ​មិន​ចង់​ប្រើ​ស្រោមអនាម័យ ឬ​មិន​ដែល​ប្រើ​។ ដូចនេះ Truvada ជា​ដំណោះ​ស្រាយ​ថ្មី​ចំពោះ​ការ​មិន​ប្រើ​ស្រោម​អនាម័យ៕

កំណត់​សម្គាល់ ៖ ឱសថ​ Truvada ក៏​ប៉ះពាល់​សុខភាព​មិន​តិច​ទេ ដូចនេះ មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ឱសថ​នេះ ត្រូវ​អស់​លោក​អ្នក ពិភាក្សា​ឲ្យ​បាន​ម៉ត់​ចត់​បំផុត ជាមួយ​អ្នក​ជំនាញ​ខាង​មេរោគ​អេដស៍/ជំងឺ​អេដស៍។ Truvada មិន​មែន​ជា​ឱសថ​ព្យាបាល​ជំងឺ​អេដស៍ ឲ្យ​ជាសះស្បើយ​ទាំង​ស្រុង (cure) ទេ (ចំពោះ​អ្នក​ដែល​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន​ មុន​ពេល​លេប​ថ្នាំ​នេះ) ប៉ុន្តែ​វា​ជួយ​កាត់​បន្ថយ​ចំនួន​មេរោគ​​ឲ្យ​ស្ថិត​ក្នុង​អត្រា​ទាប​ជា​និច្ច។ ចំណែក​អ្នក​ដែល​មិន​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន ប្រសិនបើ​លេប​ឱសថ​នេះ​ប្រចាំ​ថ្ងៃ អាច​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​មេរោគ​អេដស៍ (prevent) ៩២% ក្នុង​ករណី​មិន​ប្រើ​ស្រោម​អនាម័យ​ពេល​រួមរ័ក។ នេះ​ជា​ការ​អះអាង​របស់​អ្នក​ជំនាញ។

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ theguardian.com , Los Angeles Times , newsweek.com និង Bloomberg.com