ឱសថ​ដ៏​ថ្មី​សន្លាង​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ មួយ​គ្រាប់​ថ្លៃ​​ជាង​មួយ​ពាន់​ដុល្លារ !

2/14/2015 0 Comments A+ a-

ឱសថ​ Harvoni ដែល​ផលិត​ដោយ​ក្រុមហ៊ុន Gilead Sciencesប្រភព៖​ gilead , medscape
គណៈកម្មការ​ត្រួតពិនិត្យ​ឱសថ​នៅ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ឲ្យ​ដាក់​លក់​នូវ​ឱសថ​ព្យាបាល​ជំងឺ​រលាក និង​ក្រិន​ថ្លើម​ប្រភេទ​សេ​ហើយ ហើយ​ឱសថ​នេះ​អាច​ព្យាបាល​ជំងឺ​ក្រិន​ថ្លើម​នេះ​ឲ្យ​ជា​សះស្បើយ​តែ​ម្ដង ដោយ​មិន​បាច់​ចំណាយ​ពេល​ព្យាបាល​យូរ​អង្វែង និង​មិន​បាច់​ប្រើ​វិធី​ចាក់​អ្វី​ទាំង​អស់ គឺ​លេប​ជា​រៀង​រាល់​ថ្ងៃ។

ប៉ុន្តែ​បញ្ហា​ចោទ​នៅ​ត្រង់​ថា​ឱសថ​នេះ ក្នុង​ដំណាក់​កាល​ចេញ​លក់​ដំបូង​នេះ គឺ​តម្លៃ​របស់​វា​មិន​ធម្មតា​ទេ មួយ​គ្រាប់​ថ្លៃ​រហូត​ដល់​ទៅ ១១២៥ ដុល្លារ​ ហើយ​ក្រុម​ហ៊ុន​ផលិត​ឱសថ​នេះ ​ត្រូវ​មជ្ឈដ្ឋាន​ទូទៅ​រិះ​គន់​ចំពោះ​តម្លៃ​ដែល​ថ្លៃ​ហួស​ហេតុ។

គណៈ​កម្មការ​ត្រួតពិនិត្យ​ចំណីអាហារ​និង​ឱសថ ឲ្យ​ដឹង​កាល​ពី​យប់​មិញ​ថាគណៈ​កម្មការ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Gilead Sciences ដាក់​លក់​ឱសថ​ឈ្មោះ Harvoni នៅ​លើ​ទីផ្សារ ហើយ។ វិធី​ព្យាបាល​ដោយ​ប្រើ​ឱសថ​នេះ គឺ​អ្នក​ជំងឺ​ត្រូវ​លេប​ឱសថ​នេះ​ប្រចាំ​ថ្ងៃ​ ហើយ​ចែក​ចេញ​ជា​វិធី​ព្យាបាល​ពីរ​ប្រភេទ គឺ ១-ប្រើ​វិធី​ព្យាបាល​រយៈ​ពេល ១២ សប្ដាហ៍ អស់​តម្លៃ ៩៤៥០០ ដុល្លារ (ជាង​ប្រាំបួន​ម៉ឺន​បួន​ពាន់) និង​ ២-ព្យាបាល​ដោយ​លេប​ឱសថ​នេះ​រយៈពេល ៨សប្ដាហ៍ ត្រូវ​ចំណាយ​ប្រាក់​អស់ ៦៣០០០ ដុល្លារ (ប្រាំ​មួយ​ម៉ឺន​បី​ពាន់​ដុល្លារ) (នេះ​ជា​តម្លៃ​លក់​នៅ​សហរដ្ឋ​អាមេរិក)

សូម​បញ្ជាក់​ថា​ឱសថ​របស់​ក្រុមហ៊ុន Gilead Sciences ពិត​ជា​ពូកែ​ណាស់​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ថ្លើម ឬ​ក្រិន​ថ្លើម​ប្រភេទ​សេ (C) ប៉ុន្តែ​អ្នក​ព្យាបាល​កន្លង​មក​ខ្លាច​រអា​រឿង​តម្លៃ ព្រោះ​វា​ថ្លៃ​ជ្រុល​ពេក សុទ្ធតែ​មួយ​គ្រាប់ៗ ជាង​មួយ​ពាន់​ដុល្លារ។ កាល​ពី​ឆ្នាំ២០១៣ ក្រុមហ៊ុន​ក៏​បាន​ផលិត​និង​ដាក់​លក់​ឱសថ  Sovaldi ម្ដង​ហើយ ហើយ​ថ្លៃ​ព្យាបាល​រយៈ​ពេល ១២ សប្ដាហ៍​រហូត​ដល់​ទៅ ៨៤០០០ ដុល្លារ (ប្រាំបី​ម៉ឺន​បួន​ពាន់)៕

ប្រែ​សម្រួលៈ អន សំអាង
ប្រភព៖​ Associated Press - CBS News – Fox News – USA Today