Google នឹង​បិទ Google AdSense ព្រមទាំង​សេវាកម្ម​ជាច្រើន​ទៀត​

1/24/2015 0 Comments A+ a-

Google នឹង​បិទ Google AdSense ព្រមទាំង​សេវាកម្ម​ជាច្រើន​ទៀត​នៅ​តំបន់​ផ្ដាច់​ខ្លួន Crimea ប្រទេស​រុស្សីប្រភព៖​ onlineseofree
ដោយ​គោរព​តាម​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​តំបន់ Crimea ក្រុមហ៊ុន Google នឹង​បិទ​មិន​ឱ្យ​ប្រជាជន​រស់នៅ​លើ​ទឹកដី​ដែល​កំពុង​មាន​ភាព​ភាព​ចម្រូងចម្រាស​គ្នា​រវាង​អ៊ុយក្រែន និង​រុស្សី​នេះ អាច​ដំណើរការ​កម្មវិធី Google AdSense និង​សេវាកម្ម​ផ្សេងៗ​មួយ​ចំនួន​ទៀត​របស់​ខ្លួន​បាន​ទៀត​ឡើយ។  

កាលពី​ចុងឆ្នាំ​២០១៤ ​រដ្ឋាភិបាល​អាមេរិក បាន​បង្ហាញ​ជំហរ​ក្នុង​ការ​ជំទាស់​ថ្មី​ទាក់ទិន​នឹង​ការ​ដាក់​ទណ្ឌកម្ម ដើម្បី​ប្រឆាំង​នឹង​ការ​អត្តនោម័តិ​របស់​រុស្សី​ដែល​ដាក់​បញ្ចូល​ឧបទ្វីប Crimea ធ្វើជា​ទឹកដី (ឧបសម្ពន្ធ) របស់​ខ្លួន ខណៈ​ដែល​អង្គការ​សហប្រជាជាតិ​មិន​ទទួល​ស្គាល់ ព្រោះ​ដើមឡើយ​ជា​ទឹកដី​របស់​អ៊ុយក្រែន​នោះ ហើយ​នេះ​គឺជា​លទ្ធផល​ជាក់ស្ដែង​ស្រាប់។ សេវាកម្ម​ដែល​ក្រុមហ៊ុន Google នឹង​បិទ​មិន​ឱ្យ​ប្រជាជន​នៅ​ទីនោះ​ប្រើ​បាន​រួម​មាន៖ Play Store, AdWords និង AdSense។

ក្រុមហ៊ុន Google មិន​អាច​ប្រមូល​ប្រាក់​សម្រាប់​សេវាកម្ម​ពី​ឧបទ្វីប Crimea ហើយ​ក៏​មិន​អាច​ធ្វើការ​បង់ប្រាក់​ទៅ​ឱ្យ​នរណា​ម្នាក់​ដែល​រស់នៅ​ទីនោះ​ដែរ។ ដូច្នេះ ក្រុមហ៊ុន​នឹង​កាត់ផ្ដាច់ សេវាកម្ម​របស់​ខ្លួន​ទាំង​នេះ ដែល​នឹង​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​រក​ប្រាក់​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន ជាក់ស្ដែង​តាម AdWords និង AdSense ហើយ​សេវាកម្ម​សម្រាប់​ប្រើ​ជា​លក្ខណៈ​បុគ្គលិក​ដូចជា Google Play ក៏​នឹង​ត្រូវ​បិទ​ចោល​ដូច​គ្នា។

របាយការណ៍​បាន​លើកឡើង​ថា ក្រុមហ៊ុន Google នឹង​បញ្ចប់​សេវាកម្ម Google Play នៅ​ឧបទ្វីប Crimea មិន​ឱ្យ​អ្នក​ប្រើ​នៅ​ទីនោះ​អាច​ដំណើរការ​ទិញ app ហើយ​ក៏​មិន​អាច​ទាញ​យក​កម្មវិធី​ឥត​គិតថ្លៃ​មក​ប្រើ​ដែរ។ ការ​បិទ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ខាង​មុខ។ យ៉ាងណា សេវាកម្ម Search, Gmail និង Maps នៅ​តែ​អាច​ដំណើរ​ប្រក្រតី​បាន។

ឧបទ្វីប Crimea ដើមឡើយ​គឺ​ជា​ទឹកដី​របស់​អ៊ុយក្រែន ប៉ុន្តែ​ក្រោយ​បញ្ចប់​សង្គ្រាម​ត្រជាក់ ​សហភាព​សូវៀត​ត្រូវ​បាន​រំសាយ​នៅ​អំឡុង​ទសវត្ស​ទី​៩០ និង​បាន​បន្សល់​នូវ​ប្រជាជន​ដែល​ផ្ដាច់​ខ្លួន​ពី​អ៊ុយក្រែន។ ក្រោយមក​អ៊ុយក្រែន និង​រុស្សី​បាន​ក្លាយ​ជា​ប្រទេស​ឯករាជ្យ​រៀងៗ​ខ្លួន។ ប៉ុន្តែ​នៅ​ខែ​មិនា ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ ​​រុស្សី​បាន​ដាក់​បញ្ចូល​តំបន់​ឧបទ្វីប​នេះ​ទៅ​ជា​ទឹកដី​របស់​ខ្លួន​ ខណៈ​ដែល​អ៊ុយក្រែន​ប្រឆាំង​ដាច់​ខាត ហើយ​ក៏​មិន​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជាជាតិ​នោះ​ដែរ។

Google AdSense គឺ​ជា​កម្មវិធី​បង្កើត និង​ដំណើរការ​ដោយ Google ​អនុញ្ញាត​ឱ្យ​មនុស្ស​គ្រប់​គ្នា​ដែល​ជា Publisher នៅ​លើ​គេហទំព័រ អាច​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ក្រុមហ៊ុន​នានា។ Google AdSense នឹង​បង្ហាញ​នៅ​ក្នុង​មាតិកា​ដោយ​ស្វ័យប្រវត្តិ​ដែល​មាន​ជា អត្ថបទ រូបភាព វីដេអូ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​ជូន​ដល់​ក្រុមហ៊ុន​ទាំងឡាយ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Google។ តាមរយៈ​នេះ Publisher នឹង​ទទួល​បាន​ប្រាក់​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​ចែក​ចំណែក​ជាមួយ Google ទៅតាម​គោលការណ៍​កំណត់​ដោយ Google ផ្ទាល់៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ gsmarena,