កម្ពុជា ជាប់លេខទី២នៅអាស៊ី ក្នុងការពង្រីកទីក្រុង
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារ ពិភពលោក (WB) ស្តីអំពី «របាយការណ៍របស់ធនាគារពិភពលោក ផ្តល់នូវទិន្នន័យ ថ្មីមួយដើម្បី ជួយធានាថា ការរីកលូតលាស់នៅក្នុងតំបន់ ទីក្រុងរួមចំណែកជួយដល់ជនក្រីក្រ» ដែលបានផ្សាយនៅព្រឹកថ្ងៃទី ២៦ខែ មករា ឆ្នាំ២០១៥ បានលើកឡើងថា កម្ពុជាជាប្រទេសមួយ ដែលមានអត្រានៃការពង្រីកទំហំទីក្រុងមានល្បឿនលឿនជាងគេបំផុត លំដាប់ទី ២ បន្ទាប់ពីប្រទេសឡាវ។
ទិន្នន័យថ្មីមួយរបស់ធនាគារពិភពលោកដែលបាន ចងក្រងឡើងតាមរយៈ រូបភាពទទួលបានពីផ្កាយរណប និងការធ្វើផែនទីកំណត់ ទីតាំងភូមិសាស្ត្រ បានផ្តល់នូវ ចំណេះដឹងថ្មីមួយអំពីនរគរូបនីយកម្ម ដែលកំពុងកើនឡើង នៅក្នុងតំបន់អាស៊ី ហើយក្នុងទិន្នន័យថ្មីនោះ ក៏បានលើកឡើងដែរថា កម្ពុជាមានដីទីក្រុងដែលមាន ទំហំតូចជាងគេបំផុត លំដាប់ទី៤ ក្នុងចំណោមប្រទេសជាច្រើន ដែលគេបានសិក្សា (បន្ទាប់ពីប្រទេសឡាវ ប៉ាពូញូហ្គីនី និង អ៊ីស្ទីម័រ)។
ចំនួនផ្ទៃដីទីក្រុងបានកើនឡើងពី ១១០គីឡូម៉ែត្រ ក្រឡានៅឆ្នាំ២០០០ ដល់ ១៦០គីឡូម៉ែត្រក្រឡា នៅឆ្នាំ ២០១០ ហើយផ្ទៃដីក្រុងមានតែ ០,១ភាគរយប៉ុណ្ណោះ នៃផ្ទៃដីសរុប។ ប៉ុន្តែបើទោះជាចំនួនផ្ទៃដីដែលពង្រីកថ្មីមានទំហំតូចក្តី ក៏អត្រានៃការពង្រីក ទំហំទីក្រុងមានល្បឿនលឿន ជាងគេបំផុតលំដាប់ទី២ បន្ទាប់ពីប្រទេសឡាវ ក្នុងអត្រា៤,៣ភាគរយជាមធ្យមក្នុងមួយឆ្នាំ។
ទិន្នន័យថ្មីមួយនោះ ក៏បានបញ្ជាក់ផងដែរថា កម្ពុជាមានចំនួនប្រជាជនតិចជាងគេបំផុត ក៏ប៉ុន្តែមានកំណើនប្រជាជនក្នុងក្រុងលឿនជាងគេបំផុតគឺ កើនឡើង៤,៤ ភាគរយក្នុងមួយឆ្នាំ ពី ៩២០.០០០នាក់ដល់ ១,៤លាននាក់នៅចន្លោះពីឆ្នាំ ២០០០ ដល់ ២០១០។ ដង់ស៊ីតេប្រជាជន ក្នុងទីក្រុងជាមធ្យម ៨.៦០០នាក់ក្នុងមួយ គីឡូម៉ែត្រក្រឡាក្នុងឆ្នាំ២០១០ ហើយកន្លែងតាំងលំនៅពីរផ្សេងទៀតនៅកម្ពុជា ដែលគេសង្កតឃើញមាន កំណើតប្រជាជនរហ័ស គឺនៅខេត្តបាត់ដំបង និងសៀមរាបបើទោះជា ប្រជាជនៅក្នុងតំបន់ទាំងពីរនេះ មានចំនូនតិចជាង ១០០.០០០នាក់នៅក្នុង ឆ្នាំ២០១០ (ក្រុងសៀមរាបមានទំហំធំជាងពីដង និងមានចំនួនប្រជាជនកើនឡើង បីដងនៅចន្លោះពីឆ្នាំ ២០០០ដល់ ២០១០)៕