HRW ស្នើម្ចាស់ជំនួយដាក់សម្ពាធរដ្ឋាភិបាលទម្លាក់បទចោទលើសកម្មជនជាប់ឃុំ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចោទប្រកាន់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ថាមានជាប់ពាក់ព័ន្ធលើការប្រើប្រាស់ប្រព័ន្ធតុលាការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីគាបសង្កត់អ្នកតវ៉ាប្រឆាំងដើម្បីលទ្ធិប្រជាធិបតេយ្យ និងសកម្មជនដីធ្លីជាដើម។ ម៉្យាងវិញទៀត អង្គការនេះក៏អំពាវនាវឲ្យម្ចាស់ជំនួយអភិវឌ្ឍន៍នៅកម្ពុជា ទាំងអស់ គួរតែប្រាប់រដ្ឋាភិបាលកម្ពុជា លុបចោទនូវបទចោទនានា លើសកម្មជនប្រឆាំងដែលគ្រោងបើកសវនាការនៅថ្ងៃទី២៥ ធ្នូ ខាងមុខនោះ។
តាមគម្រោងដែលតុលាការបានគ្រោងទុក នៅថ្ងៃទី២៥ ខែធ្នូ គឺជាថ្ងៃបើកសវនាការលើសកម្មជនមកពីគណបក្សប្រឆាំងទាំង ១១រូប ពីបទដឹកនាំ និងការចូលរួមធ្វើកុបកម្មនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ កក្កដា។ ប៉ុន្តែដំណឹងនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា គួរតែទម្លាក់បទចោទប្រកាន់នានាលើសកម្មជនទាំងនោះ ព្រោះថា បទចោទប្រកាន់នោះពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងពាក់ព័ន្ធនឹងបទ ព្រហ្មទណ្ឌ។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នៅថ្ងៃទី២២ ធ្នូ បានអះអាងថា អាជ្ញាធរកម្ពុជា គួរតែលុបចោលបទចោទប្រកាន់ទៅលើសកម្មជនគណបក្សប្រឆាំងទាំង ១១នាក់ ដែលតុលាការកម្ពុជា គ្រោងនឹងបើកសវនាការនៅថ្ងៃទី២៥ ធ្នូ នោះ។ អង្គការដដែលនេះ ក៏អំពាវនាវឲ្យម្ចាស់ជំនួយអភិវឌ្ឍន៍កម្ពុជា ដែលជាក្រុមមានឥទ្ធិពលមួយ គួរតែប្រាប់ទៅរាជរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញចំពោះសកម្មជនគណបក្សប្រឆាំង។
អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ លោក ភីលីម ឃីន (Phelim Kine) មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍នោះថា ម្ចាស់ជំនួយអភិវឌ្ឍន៍នានានៅកម្ពុជា គួរតែប្រាប់ទៅរាជរដ្ឋាភិបាលថា ការប្រើប្រាស់កម្លាំង និងប្រព័ន្ធតុលាការដើម្បីគាបសង្កត់ លើអ្នកតវ៉ាប្រឆាំងរាជរដ្ឋាភិបាល គឺមិនអាចទទួលយកបានឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាល និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ឲ្យឆ្លើយតបអំពីបញ្ហានេះបាននៅ ឡើយទេ នៅល្ងាចថ្ងៃទី២៣ ធ្នូ។
ទោះជាយ៉ាងណា ប្រសិនបើអាជ្ញាធរកម្ពុជា កាត់ទោសសកម្មជនទាំង ១១រូប ពីបទការដឹកនាំ និងចូលរួមការធ្វើកុបកម្ម ឬបង្កអំពើហិង្សាមែននោះ ពួកគាត់អាចប្រឈមនឹងការកាត់ទោសពី ២០ឆ្នាំ ទៅ ៣០ឆ្នាំ ឬចាប់ពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។
ម៉្យាងវិញទៀត អ្នកវិភាគនយោបាយយល់ឃើញថា ការកាត់ទោសក្រោមបទចោទប្រកាន់ផ្ដើមគំនិតហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើតាមតែអំពើចិត្ត ដូចជាការចាប់ខ្លួន ការគំរាមកំហែង និងការប្រើអំពើហិង្សានៅពេលនេះ គឺជាការដាក់សម្ពាធដល់ក្រុមគណបក្សប្រឆាំងដើម្បីបញ្ឈប់នូវការ ទាមទាររបស់ខ្លួនលើកំណែទម្រង់រដ្ឋាភិបាល។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត សុក ទូច មានប្រសាសន៍ថា អ្នកណាក៏ដឹងដែរថា រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា ប្រើប្រព័ន្ធតុលាការដើម្បីកាត់បន្ថយសំឡេងរបស់គណបក្សប្រឆាំង។ លោកបញ្ជាក់ទៀតថា អ្វីពាក់ព័ន្ធប្រឈមនឹងរាជរដ្ឋាភិបាល គឺតុលាការដើរតួនាទីសំខាន់។
ការលើកឡើងនេះ គឺស្រដៀងគ្នានឹងការរកឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែល ថា ការចាប់ខ្លួនសកម្មជនគណបក្សនយោបាយនេះ អាចជាប់ពាក់ព័ន្ធនឹងការបង្កើតសេចក្ដីព្រាងច្បាប់ស្ដីពីការរៀប ចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការសន្និដ្ឋាននេះ ដោយសារតែនៅមុនពេលគណបក្សទាំងពីរចរចាដើម្បីបញ្ចប់វិបត្តិនយោបាយ កាលពីថ្ងៃទី២២ កក្កដា នោះ ក៏មានការចាប់ខ្លួនអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួនដែរ។
បញ្ហានេះ អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ លោក ភីលីម ឃីន មានប្រសាសន៍ថា ការកាត់ទោសសកម្មជននយោបាយរបស់គណបក្សប្រឆាំងទាំង ១១រូបនេះ ហាក់បង្ហាញជារូបភាពមួយគួរឲ្យអៀនខ្មាសបំផុត៕ ប្រភពៈ RFA