គណៈកម្មការថ្មីនៃរដ្ឋសភាអាចស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការលើស្ថាប័នរដ្ឋ
គណៈកម្មការទី១០ដែលជាគណៈកម្មការថ្មីនៃរដ្ឋសភា និងដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានរដ្ឋសភាកំណត់ឲ្យមានតួនាទី និងភារកិច្ចសំខាន់ៗមួយចំនួនដែលក្នុងនោះរួមមានការបញ្ជូនករណី ពាក់ព័ន្ធអំពើពុករលួយទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ឬទៅកាន់អង្គភាពមានសមត្ថកិច្ចនានាដើម្បីមានវិធានការ ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ប្រធានរដ្ឋសភាលោក ហេង សំរិន បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយទាក់ទងទៅនឹងតួនាទី និងភារកិច្ចរបស់គណៈកម្មការទី១០រដ្ឋសភាគឺគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ឲ្យអនុវត្តតួនាទី និងភារកិច្ចសំខាន់ៗមួយចំនួនក្នុងការបោសសំអាត និងប្រឆាំងអំពើពុករលួយ ។
ជាងនេះទៅទៀត គណៈកម្មការនេះ អាចសំណូមពរទៅកាន់ស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីផ្តល់ឯកសារ និងរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំមកកាន់គណៈកម្មការជាដើម ។ គណៈកម្មការនេះក៏ធ្វើការជាមួយម្ចាស់ឆ្នោតនៅតាមមូលដ្ឋាន ដោយក្តាប់ព័ត៌មានពីតម្រូវការ ក៏ដូចជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងភាពអសកម្មនានាដែលពាក់ព័ន្ធនឹងអំពើពុករលួយជាដើម ។
សមាជិកគណៈកម្មការទី១០ នៃរដ្ឋសភា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា សេចក្តីសម្រេចនេះ បញ្ជាក់ពីលទ្ធភាពដែលគណៈកម្មការនេះអាចធ្វើបានក្នុងការបោសសំអាត និងប្រឆាំងអំពើពុករលួយ តែវាក៏មិនខុសប្លែកអ្វីពីគណៈកម្មការដទៃ និងតំណាងរាស្ត្រនោះទេ គឺគ្រាន់តែសេចក្តីសម្រេចនេះមានការសង្កត់ធ្ងន់ទៅលើការបោសសំអាត និងប្រឆាំងអំពើពុករលួយ ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល យល់ថា ខ្លឹមសារនៃសេចក្តីសម្រេចនេះ បានបង្កប់នូវសិទ្ធិអំណាច និងភារកិច្ចសមរម្យឲ្យគណៈកម្មការទី១០នៃរដ្ឋសភានេះអាចធ្វើ កិច្ចការបោសសំអាត និងប្រឆាំងអំពើពុករលួយបាន ហើយវាមានវិសាលភាពធំទូលាយអាចទទួលយកបាន ។ លោកបន្តថា «ប្រសិទ្ធភាពឬក៏លទ្ធផលក្នុងការធ្វើការងារហ្នឹង វានឹងអាស្រ័យលើសមត្ថភាព និងការដឹកនាំរបស់គណៈកម្មការទី១០ ប៉ុន្តែបើមើលទៅលើតួនាទី ទៅលើភារកិច្ច និងកិច្ចការស្នូលរបស់គាត់ នៅក្នុងហ្នឹងហាក់ដូចជាគ្របដណ្តប់ទូលំទូលាយសមរម្យអាចទទួលយកបាន»។
តាមរបាយការរបស់អង្គការតម្លាភាពអន្តរជាតិអំពីសន្ទស្សន៍នៃ ការយល់ឃើញអំពីអំពើពុករលួយ បានបង្ហាញថា ប្រទេសកម្ពុជានៅមានអំពើពុករលួយធ្ងន់ធ្ងរនៅឡើយ ហើយអង្គការនេះបានចាត់ចំណាត់ថ្នាក់កម្ពុជាក្នុងលំដាប់លេខរៀងទី ១៥៦ក្នុងចំណោម១៧៥ប្រទេស ៕ ប្រភពៈ VOD