កម្ពុជាក្លាយជាប្រទេស ដែលមានកំណើនលឿន បំផុតទី៦របស់ពិភពលោក
ភ្នំពេញ៖ របាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក ដែលមានឈ្មោះថា "ផ្ទៃមេឃស្រឡះ បច្ចុប្បន្នភាពសេដ្ឋកិច្ច កម្ពុជា" ទើបចេញផ្សាយ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសដែល មានកំណើនលឿនបំផុតទី ៦ នៅក្នុងពិភពលោក ដោយប្រទេសនេះ មានអត្រាកំណើន ជាមធ្យមប្រចាំឆ្នាំ ៧.៧ភាគរយ ក្នុងរយៈពេល ២ទសវត្សរ៍កន្លងទៅ ។
របាយការណ៍របស់ ធនាគារពិភពលោក ដែលមានកម្រាស់ ៤៨ទំព័របានបញ្ជាក់ទៀតថា «ដំណើរការសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា មានភាពល្អប្រសើរខ្លាំង ដោយសារតែពិភពលោកនេះ មានតែប្រទេសមួយ ចំនួនតូចប៉ុណ្ណោះ ដែលមានអត្រាកំណើនខ្ពស់ ប្រកបដោយនិរន្តរភាព ក្នុងរយៈពេលច្រើន ទសវត្សរ៍បែបនេះ ។ ជាទូទៅប្រទេសនានា ក្នុងពិភពលោក បានឆ្លងកាត់ដំណាក់កាលផ្សេងៗ រួមមានកំណើនភាពនៅទ្រឹង ឬការធ្លាក់ចុះនៅ រយៈពេលផ្សេងៗគ្នា ។ តាមការកត់ សម្គាល់របស់គណៈកម្មការ កំណើន (2008) ចាប់ពីឆ្នាំ១៩៥០ មកមានតែប្រទេសចំនួន ១៣ប៉ុណ្ណោះ ក្នុងពិភពលោក ដែលមានកំណើនសេដ្ឋកិច្ច ជាមធ្យមជាង៧ភាគរយ ក្នុងមួយឆ្នាំរយៈពេល២៥ឆ្នាំ ឬយូរជាងនេះកន្លងមក ។ តាមរយៈ ល្បឿននៃទំហំកំណើននេះ វិស័យសេដ្ឋកិច្ច មានការរីកចម្រើន ស្ទើរតែទ្វេដងនៅក្នុង មួយទសវត្សរ៍» ។
របាយការណ៍ដដែលបន្ថែមថា កំណើនដ៏ខ្ពស់របស់ប្រទេសកម្ពុជា ត្រូវបានកត់សម្គាល់ ពិសេសដោយភាពរឹងមាំ ។ ក្រៅពីអត្រាកំណើន មធ្យមដ៏លឿន កម្ពុជាបានរក្សាកំណើន ខ្ពស់ថេរជាប់ក្នុងរយៈកាល ខាងលើនេះ ។ កត្តានេះបានធ្វើឲ្យប្រទេសកម្ពុជា មានលក្ខណៈខុស ពីប្រទេសជីនៀ អង់គូឡា លីបារី និងប្រទេស Cape Verd ដែលជាប្រទេស ដែលមានកំណើនខ្ពស់បំផុត ទាំង៥ក្នុងរយៈ ពេល២០ឆ្នាំ ប៉ុន្តែមិនទាន់មានកំណើនមួយ ដែលមានលក្ខណៈ ថេររហូតនោះឡើយ ប៉ុន្តែត្រូវបានដាក់បញ្ចូល ទៅក្នុងក្រុមដូចគ្នាដូចជា ប្រទេសចិន ដែលស្ថិតនៅក្នុង ចំណោមប្រទេស ដែលមានកំណើនខ្ពស់ បំផុតទាំង៥ និងធ្លាប់បានជួបប្រទះ កំណើនថេរ ៕