នគរបាល​ស្រុក​ជើងព្រៃ​ឃាត់ខ្លួន​នគរបាល​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​រឿង​ដក​កាំភ្លើង​ដេញ​បាញ់​គោ​អ្នកស្រុក​ចង់​យក​សាច់​ទៅ​ធ្វើ​ស៊ី​និង​លក់​ទៀត​

11/11/2014 0 Comments A+ a-

ខេត្តកំពង់ចាម​ ៖​ មន្ត្រី​នគរបាល​នៅ​រាជបណ្ឌិត្យសភា​នគរបាល​កម្ពុជា​ក្រសួងមហាផ្ទៃ​ម្នាក់​ត្រូ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​គោករ​វៀង​ឃាត់ខ្លួន​ក្នុង​រឿង​ដក​កាំភ្លើង​ដេញ​បាញ់​គោ​ អ្នកស្រុក​ ហើយ​ទ​ង្វើ​នេះ​បាន​នាំ​ឲ​ប្រជាពលរដ្ឋ​ ក្នុងភូមិ​ ជា​ច្រើន​អ្នក​ផ្ទុះ​កំហឹង​បាន​លើកគ្នា​ ទៅ​ឡោម​ព័ទ្ធ​ ចង់​ប្រើ​អំពើ​ហិង្សា​ ទៅ​លើ​មន្ត្រី​នគរបាល​រូប​នេះ​ទៀត​ផង​ ប៉ុន្តែ​ដោយ​មានការ​អន្តរាគមន៍​ទាន់​ពេល​ពី​នគរបាល​ស្រុក​មន្ត្រី​នគរបាល​រូប​នេះ​បាន​រួចខ្លួន​ទាំង​ព្រលឹង​ចុង​សក់​ ។​
ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ នៅ​ខាងក្រោយ​ភ្នំ​ជើងព្រៃ​ ស្ថិត​ក្នុងភូមិ​ឈូក​ ឃុំ​គោករ​វៀង​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។​
លោក​វរសេនីយ៍ត្រី​ ហេង​ វុ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ជើងព្រៃ​ បាន​ប្រាប់​ នគរវត្ត​ឲ្យ​ដឹង​ថា​ មន្ត្រី​នគរបាល​រូប​នេះ​ឈ្មោះ​ អ៊ូ​ សា​វី​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ មាន​តួនាទី​ ជា​នាយករង​វិទ្យាស្ថាន​នៃ​រាជបណ្ឌិត្យសភា​នគរបាល​កម្ពុជា​ ក្រសួងមហាផ្ទៃ​ ។​
ក្រោយ​ការ​ឃាត់ខ្លួន​នគរបាល​ជំនាញ​បាន​ដកហូត​អាវុធ​ខ្លី​មួយ​ដើម​ មាន​ម៉ាក​LORO​ មាន​លេខ​ 263207​ ផលិត​នៅ​សហរដ្ឋអាមេរិក​ និង​គ្រាប់​១២​គ្រាប់​ហើយ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​។​
បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ដែល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជន​នេះ​កាលពី​ប៉ុន្មាន​ខែ​មុន​ធ្លាប់​បាញ់​គោ​ របស់​អ្នកស្រុក​ ម្តង​ហើយ​រហូត​ដល់​ងាប់​ ប៉ុន្តែ​មិន​ចេញ​ មុខ​ដោះស្រាយ​ ថែម​ទាំង​លក់​គោ​ដែល​ងាប់​នេះ​ និង​កាប់​យក​សាច់​ ស៊ី​ថែម​ទៀត​។​ ទ​ង្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ជា​ច្រើន​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ និង​សមត្ថកិច្ច​ មូលដ្ឋាន​ ជួយ​ សម្របសម្រួល​ រហូត​បញ្ចប់រឿង​ ។​
​ក្រោយមក​រឿងហេតុ​ទាំងនោះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ ស្រាប់តែ​ពេល​នេះ​មន្ត្រី​នគរបាល​រូប​នេះ​ មិន​រៀងចាល​ មក​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​ម្តងទៀត​ នាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ចាស់​ ទាំង​ក្មេង​ ទាំងស្រី​ ទាំងប្រុស​ ផ្ទុះ​ការ​តវ៉ា​ម្តងទៀត​ ។​
លោក​អធិការ​ស្រុក​ជើងព្រៃ​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​នាំ​មន្ត្រី​រូប​នេះ​ ទៅ​បាញ់​គោ​ អ្នកស្រុក​នោះ​ ដោយសារ​តែ​គោ​របស់​អ្នកស្រុក​ ទៅ​ស៊ី​ដំណាំ​ ក្នុង​ចំការ​របស់​គាត់​ ។​ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ថា​ មន្ត្រី​រូប​នេះ​គាត់​គ្មាន​ដំណាំ​ នៅ​ក្នុង​ចំការ​នោះ​ទេ​ មាន​តែ​ទីតាំង​ជីកដី​ និង​កម្ទេច​ថ្ម​លក់​ ហើយ​បើ​សត្វ​គោ​ នោះ​ទៅ​ស៊ី​ដំណាំ​គាត់​ ក៏​គាត់​មិន​ត្រូវ​បាញ់​ទេ​ ត្រូវ​ចាប់​សត្វ​គោ​សួរ​រក​ម្ចាស់​ដើម្បី​ដោះស្រាយ​ទើប​ត្រឹមត្រូវ​ ។​
មន្ត្រី​នគរបាល​ស្រុក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ករណី​នេះ​មិន​មាន​សាមី​អង្គភាព​ចេញ​មុខ​ជួយ​ធ្វើ​អន្តរាគមន៍​ និង​សំរបសំរួល​នោះ​ទេ​ ពោល​គឺ​បាន​ឲ្យ​នគរបាល​ខេត្តកំពង់ចាម​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ៕