ធ្លាក់ដែកពីលើ អាគារកំពុង សាងសង់ នៅជាប់ស្តាតអូឡាំពិក ចំក្បាលស្រ្តី ម្នាក់ពុះជាពីរ ពេលកំពុងជិះម៉ូតូ

11/03/2014 0 Comments A+ a-

-អធិការ ខណ្ឌ៧មករា ឆ្លើយមិនដឹង ឲ្យលោកកាសែត ចុះទៅមើលខ្លួនឯង
ភ្នំពេញ ៖ ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុគួរឲ្យ អាណិត អាសូរយ៉ាងខ្លាំង និងគួរឲ្យអាណោចអាធម យ៉ាងពន់ពេក ដោយសារ តែដែក ជ្រុងប្រវែងជាង១ម៉ែត្រ បានធ្លាក់ពីលើអាគារ កំពុងសាងសង់ ស្ថិតនៅ ជាប់របង ស្តាតអូឡាំពិក សង្កាត់វាលវង់ ខណ្ឌមករា ហើយចំក្បាល ស្រ្តីរងគ្រោះ បណ្តាលឲ្យពុះ ក្បាលជាពីរបែកចេញខួរ។
ហេតុការណ៍ គ្រោះថ្នាក់ ដ៏គួរឲ្យព្រឺព្រួច ដោយសារតែ ការធ្វេសប្រហែសរបស់ ជាង សំណង់នោះ បានកើតឡើងកាល ពីវេលាម៉ោងប្រមាណ ៤៖២០នាទី រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈស្រ្តីរងគ្រោះកំពុងជិះម៉ូតូ ឆ្លងកាត់ទី។
សេចក្តីរាយការណ៍ពីលោក ជួន សុជាតិ ភ្នាក់ងារ របស់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដែលចុះទៅកាន់កន្លែង កើតហេតុ បានរាយការណ៍ថា ស្រ្តីរងគ្រោះមានឈ្មោះ ប៊ុត វណ្ណី អាយុ៣៣ឆ្នាំ មុខរបរ នៅផ្ទះរស់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ជួន សុជាតិ បានបន្តទៀតថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានជិះម៉ូតូ ម៉ាកសេ១២៥ ពាក់ស្លាកលេខ 1K-4654 បានធ្វើដំណើរ តាមបណ្តោយ ផ្លូវលេខ១៨២ ក្នុងទិសដៅចេញពីលិចទៅកើត ស្រាប់តែទល់ មុខសាលា អន្តរជាតិសឹង្ហបូរី ស្រាប់តែដែកជ្រុងប្រវែងជាង១ម៉ែត្រ  ធ្លាក់ពីលើអាគារ ចំកណ្តាលក្បាលស្រ្តី រងគ្រោះបណ្តាលឲ្យ បែកជាពីរ ខ្ទាតខួរចេញ មកក្រៅ និងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
តាមប្រជាពលរដ្ឋនៅទីនោះ បានរិះគន់យ៉ាងចាស់ដៃថា មូលហេតុនេះ បណ្តាល មកពីការធ្វេសប្រហែស របស់ជាងសំណង់ និងអ្នកម៉ៅងការសំណង់ ។ នៅកន្លែងកើតហេតុនោះ គេសង្កេតឃើញក្រុមគ្រួសារ និងសាច់ញាតិ របស់ស្រ្តីរងគ្រោះមកយំអោបសព ទាំងប្រឡាក់ឈាមផងដែរ។
ដោយឡែក អធិការ នគរបាលខណ្ឌ ៧មករា លោក នេត ស៊ីថុន បានឆ្លើយថា មិនដឹងសូមឲ្យ លោកអ្នកកាសែត ចុះទៅមើលខ្លួនឯង ។
ក្រោយទទួល បានព័ត៌មាន ភ្លាមៗ ពីប្រជាពលរដ្ឋ អំពីករណីមួយនេះ អ្នកយកព័ត៌មានដើមអម្ពិល បានចុចទូរស័ព្ទភ្លាមទៅ លោកអធិការខណ្ឌ នេត ស៊ីថុន ដើម្បីចង់បាន ព័ត៌មានចុះផ្សាយ លើគេហទំព័ររបស់ខ្លួន តែមានឯណា ត្រូវបាន លោកអធិការ ប្រាប់ឲ្យចុះទៅយកដោយខ្លួនឯង កុំទៅសួរលោក លោក អត់ដឹងទេ។
លោក នេត ស៊ីថុន បានបញ្ជាក់តាម ទូរស័ព្ទយ៉ាងខ្លីថា «អត់ដឹង បងអ្ហែងទៅមើលខ្លួនឯងតិចទៅ មកបញ្ជាក់ខ្ញុំ ងាប់ហើយ អធិការខណ្ឌ យើងជាអ្នកកាសែត មកបញ្ជាក់ពីខ្ញុំវិញ បងឮហើយ បងអ្ហែង ចុះទៅដល់ ហ្នឹងទៅ វាមានកន្លែងកើតហេតុទេតើ»៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល