ប្រធានក្រុមហ៊ុន Xiaomi ឌឺប្រធានឌីហ្សាញ Apple ឲ្យប្រើ Xiaomi នឹងដឹងថា ខ្លួនចម្លងតាមឬអត់?
ក្រោយរងការចោទប្រកាន់ពីប្រធានផ្នែកឌីហ្សាញក្រុមហ៊ុន Apple លោក Jony Ive ថា Xiaomi បានលួចចម្លងរូបរាងតាម iPhone ប្រធានក្រុមហ៊ុនទូរសព្ទល្បីចិនXiaomi បាននិយាយតបក្នុងន័យឌឺដងថា ប្រើ Xiaomi សិននឹងដឹងហើយ។
លោក Lin Bin បាននិយាយការពារកិត្តិយសរបស់ក្រុមហ៊ុនខ្លួនតាមសារព័ត៌មានចិន China News Service ថា៖ ”Xiaomi គឺជាក្រុមហ៊ុនដែលបើកចំហបំផុត ពោលគឺមិនដែលបង្ខំនរណាម្នាក់ឲ្យប្រើផលិតផលរបស់យើងឡើយ។ មនុស្សម្នាក់អាចវាយតម្លៃផលិតផលរបស់យើងបាននៅពេលបានប្រើហើយ។ ខ្ញុំសុខចិត្តឲ្យទូរសព្ទមួយគ្រឿងទៅម្នាក់នោះ (ចង់សំដៅទៅលោក Jony Ive) និងរង់ចាំស្ដាប់សម្ដីគាត់ពេលបានប្រើហើយ”។
ប្រធានក្រុមហ៊ុន Xiaomi លោក Lin Bin
ក្នុងមហាសន្និបាត Vanity Fair New Establishment លោកបាន Jony Ive បានលើកឡើងថា ក្រុមហ៊ុនផលិត Smartphone របស់ចិនជារឿយៗ ត្រូវគេចោទប្រកាន់ថា បានចម្លងតាម Smartphone ជំនាន់ចុងក្រោយរបស់ Apple និងលក់ក្នុងតម្លៃថោកនៅចិន។ ពេលសួរពីចំណាប់អារម្មណ៍ទៅលើក្រុមហ៊ុន Smartphone ខ្លាំងចិន Xiaomi លោកបញ្ជាក់ដូច្នេះ៖ ”ខ្ញុំគិតថា វាជាការលួចគេ និងជាភាពកម្ជិល។ ខ្ញុំគិតថា វាមិនសមទាល់តែសោះ”។

ប្រធានផ្នែកឌីហ្សាញរបស់ Apple លោក Jony Ive
មុននេះ អនុប្រធានផ្នែកទីផ្សារអន្តរជាតិរបស់ Xiaomi លោក Hugo Barra ក៏បានចេញមុខការពារក្រុមហ៊ុនរបស់ខ្លួនដែរពាក់ព័ន្ធនឹងការចម្លងនេះថា៖ ”ប្រសិនបើក្រឡេកមើល iPhone 6 គឺបានប្រើប្រាស់ការរចនាភាសាដែល HTC បានប្រើ ៥ ឆ្នាំមកហើយ។ អ្នកមិនអាចអះអាងថា ខ្លួនជាម្ចាស់ពេញលេញក្នុងការឌីហ្សាញក្នុងឧស្សាហកម្មនេះទេ”៕