និស្សិតស្រី វ៉ាន់ដា ត្រូវសង្សារបស់នាង រំលោភ ហើយសម្លាប់ យកសពបោះ ក្នុងទឹកទន្លេ
ជនដៃដល់រូបនេះ ត្រូវបានសមត្ថកិច្ច បញ្ជាក់ជាជំហានដំបូងថា ជាមន្ដ្រីនគរបាល ទើបប្រឡងជាប់ មានឈ្មោះ ហុង កាលីឌីន អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ១០៤ ផ្លូវ លេខ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជនសង្ស័យរូបនេះ ត្រូវបាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពី វេលាម៉ោង១០យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៤ នៅក្នុងហាងកាហ្វេដាលីន តាម បណ្ដោយផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ក្រោយពីធ្វើការស្រាវជ្រាវតាម ជំនាញរបស់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកនោះ ។
ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយ ព្រះរាជ អាជ្ញារង សៀង សុខ ចុះទៅឆែកឆេរផ្ទះជនសង្ស័យរូបនេះ ស្ថិតនៅផ្ទះលេខ១០៤ ផ្លូវ៤៣០ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤នេះ ។
តាមការបញ្ជាក់របស់សមត្ថកិច្ច ដែល ចូលរួមនៅក្នុងប្រតិបត្ដិការនេះ បានឱ្យដឹងថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ច បានដកហូតរថយន្ដធុនត្រា ស៊េរីឆ្នាំ២០១៤ មួយគ្រឿង ព្រមទាំងកាំភ្លើងខ្លីចំនួន២ ដើម ផងដែរ ។
យោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់នារីរងគ្រោះសុង ដាវីន អាយុ២០ឆ្នាំ បានបង្ហោះរូប ថតរបស់នាងជា មួយជនសង្ស័យ នៅមាត់សមុទ្រ បង្ហាញពី ភាពផ្អែមល្ហែម និងស្រឡាញ់គ្នាយ៉ាងខ្លាំង ប៉ុន្ដែមិនទាន់មានការបញ្ជាក់ថា តើមូលហេតុអ្វី ដែលនាំឱ្យជននេះ សម្លាប់សង្សាររបស់ខ្លួននោះឡើយ ដោយរង់ចាំការសួរនាំបន្ដទៀតរបស់សមត្ថកិច្ច ។
គួរបញ្ជាក់ថា សពយុវតី សុង ដាវីន ត្រូវ បានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកទន្លេ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ នៅតាមដងទន្លេសាប មុខសាលាបឋមសិក្សា ជ្រោយចង្វារ ក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយក្រោយការពិនិត្យទៅលើសព មានស្នាមជាំនិងរបួសជាច្រើនកន្លែងផងដែរ។
រហូតមកដល់វេលាម៉ោង១២និង០០នាទីរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បាននាំ ជនសង្ស័យទៅបន្តសួរនាំនៅក្រសួងមហាផ្ទៃវិញហើយ៕
រូបថតនៅក្នុង Facebook របស់នារីរងគ្រោះ
ជនសង្ស័យ ដែលសម្លាប់និស្សិតវ៉ាន់ដា គណនេយ្យ ពេលសមត្ថកិច្ចឃាត់ខ្លួន
________________
ផ្តល់សិទ្ទិដោយ៖dap-news