កាំភ្លើងធំ និងហង្សក្រហម ត្រៀមប្រជែងគ្នាដេញថ្លៃយក Isco ពីស្ដេចស
ក្រុមកាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool កំពុងរៀបចំជើងព្រួលដេញថ្លៃយកខ្សែបម្រើ Isco ពីក្រុមស្ដេចស Real Madrid នៅពេលទីផ្សារដោះដូរកីឡាករបើកជាថ្មីនាខែមករាខាងមុខ។
ទោះបីជា Isco បានយល់ព្រមបន្តកុងត្រានៅ Real រហូតដល់ឆ្នាំ២០១៨ ព្រមទាំងធ្លាប់បញ្ជាក់ថាមិនចង់ចាកចេញពីក្លិបក្ដី ក៏សារព័ត៌មានអង់គ្លេស The Express បានអះអាងថា កីឡាករវ័យ២២ឆ្នាំរូបនេះត្រៀមរួចរាល់ហើយដើម្បីចរចាផ្លាស់ចេញពីអេស្ប៉ាញ ដើម្បីបង្កើនឱកាសចូលលេងជម្រើសដំបូង។
Isco មិនបានជាប់ជម្រើសដំបូងនៅ Santiago Bernabeu នោះទេ ក្រោយពេល Real ទិញ Toni Kroos ពី Bayern Munich កាលពីដើមរដូវកាលកន្លងទៅ។
បន្ទាប់ពីផ្លាស់ពី Malaga មកកាន់ Real Madrid កាលពីឆ្នាំ២០១៣ ក្នុងតម្លៃ ២៤លានផោន Isco អាចរកគ្រាប់បាល់បញ្ចូលទីបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន៥៨ដងក្នុងគ្រប់កម្មវិធីប្រកួត៕
អត្ថបទ៖ អូនសៅណាត
ប្រភព៖ Metrosport