ច្បាស់​ហើយ! មហិច្ឆតា​ចង់​បាន​ ឯក​រាជ្យ​របស់​ ស្កុតឡែន​ត្រូវ​បរាជ័យ

9/19/2014 0 Comments A+ a-

ទីបំផុត​គោល​បំណង​ផ្ដាច់​ខ្លួន​របស់​រដ្ឋមន្ត្រី​ទី​មួយ​​​ប្រទេស​ស្កុតឡែន ចង់​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​បាន​រលាយ​សូន្យ​ហើយ បន្ទាប់​ពី​ប្រជាជន​ភាគ​ច្រើន​បោះ​ឆ្នោត​ជំទាស់។
P
ប្រជាជន​ស្កុតឡែន​ដែល​មិន​គាំទ្រ​ឲ្យ​ផ្ដាច់​ខ្លួន នាំ​គ្នា​អបអរ​ក្រោយ​ដឹង​លទ្ធផល

លទ្ធផល​ក្តៅៗ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ក្នុង​មណ្ឌល​ទាំង ៣២ បាន​បង្ហាញ​ថា អ្នក​យល់​ព្រម​មាន ១ ៦១៧ ៩៨៩ ស្មើ​នឹង​ ៤៥ ភាគរយ ខណៈ​អ្នក​ជំទាស់​មាន​ដល់​ទៅ ២ ០០១ ៩២៦ ស្មើ​នឹង ៥៥ ភាគរយ។ ដូច​នេះ​ស្កុតឡែន​នឹង​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អង់គ្លេស​បន្ត​ទៀត។

ក្នុង​ចំណោម ៣២ មណ្ឌល​​រាប់​សន្លឹក​ឆ្នោត មាន​តែ ៤ មណ្ឌល​ប៉ុណ្ណោះ ដែល​មាន​អ្នក​យល់​ព្រម​ផ្ដាច់​ខ្លួន​ច្រើន​ជាង​អ្នក​ប្រឆាំង ក្រៅ​ពី​នេះ​គឺ​មតិ​ប្រឆាំង​នាំ​មុខ​គ្រប់​មណ្ឌល​ទាំង​អស់។ លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​ការ​សប្បាយ​ចិត្ត​ដែល​បាន​រួមរស់​ក្រោម​ការ​គ្រប់​គ្រង​របស់​អង់គ្លេស ខណៈ​អ្នក​ខ្លះ​ទៀត​បាន​សម្រក់​ទឹក​ភ្នែក​មិន​ពេញ​ចិត្ត​ឡើយ។

ចក្រភព​អង់គ្លេស​មាន ៤ ប្រទេស ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​សន្ធិសញ្ញា​សហភាព​ឆ្នាំ ១៧០៧ ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល ៣០៧ ឆ្នាំ​ហើយ។ ប្រទេស ៤ ដែល​ស្ថិត​នៅ​ក្នុង​ចក្រភព​អង់គ្លេស​មាន អង់គ្លេស ស្កុតឡែន វេល និង​អៀរឡង់​ខាងជើង ដែល​ផ្ទៃដី​ប្រទេស​ស្កុតឡែន​ធំជាង​គេ​លំដាប់​ទី ២។
  

B
នាយក​រដ្ឋ​មន្រ្ដី​អង់គ្លេស David Cameron ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ដឹង​លទ្ធផល
P
ក្រៅ​ពី​អ្នក​​អបអរ ក៏​មាន​អ្នក​ខក​ចិត្ត​នឹង​លទ្ធផល​ដែរ
P
អ្នក​មិន​គាំទ្រ​ឲ្យ​ស្កុតឡែន​ផ្ដាច់​ខ្លួន​ពី​អង់គ្លេស ប្រមូល​ផ្ដុំ​គ្នា​តាម​ដាន​លទ្ធផល
P
រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP


ដោយ៖ គង់ វិសាល
រូបភាព​ផ្ដល់​សិទ្ធិ​ដោយ AFP