សិស្ស​ធ្លាក់​បាក់​ឌុប​ ទម្លាយ​មូល​ហេតុ​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​​

9/19/2014 0 Comments A+ a-

​បាក់​ឌុប​ឆ្នាំ​នេះ ​មាន​អ្នក​ធ្លាក់​ច្រើន​សន្ធឹក​សន្ធាប់​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​អ្នក​ដែល​ជាប់​​ឆ្នាំ​នេះ ​ហាក់​ដូច​ជា​មាន​កិត្តិយស​បំផុត ដោយ​សារ​​តែ​ការ​ប្រលង​តឹង​រឹង​មិន​តម្រូវ​ឲ្យ​ចម្លង​ឯក​សារ​ គឺ​ត្រូវ​ពឹង​លើ​សមត្ថភាព​ពិត​របស់​ខ្លួន​ទាំង​ស្រុង​។ តែ​សម្រាប់​អ្នក​មិន​ជាប់​វិញ​ ពួក​គេ​ថា​មាន​មូល​ហេតុ​ទើប​ធ្វើ​ឲ្យ​ធ្លាក់​បែប​នេះ។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ទៅ?
 1
យុវជន​ម្នាក់​ ឈ្មោះ​សាន ដា​វីត រៀន​នៅ​វិទ្យាល័យ​ព្រែក​ក្របៅ ខេត្តព្រៃវែង​ ប្រាប់​ថា៖ “នៅ​ថ្ងៃ​ប្រលង​ដំបូង​ ខ្ញុំ​ភ័យ​ឡើង​ញ័រ​ខ្លួន​ កំពុង​មិន​ចេះ​ផង​ដល់​ឃើញ​គេ​រឹត​បន្តឹង​នឹង​ភ្នែក​អញ្ចឹង​ ខ្ញុំ​ភ័យ​មែន​ទែន​។ តែ​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ធ្លាក់​ព្រោះ​ហេតុ​អី​”។

យុវជន​រូប​នេះ​បញ្ជាក់​ទៀត​​ថា កត្តា​សំខាន់​គឺ​មក​ពី​ខ្លួន​ឯង​តែ​ម្ដង​។ តាម​ពិត​ទៅ​ប្រលង​​ សំនួរ​មិន​សូវ​ជា​លំបាក​ទេ តែ​ដោយ​សារ​បាន​ត្រៀម​ទុក​មុន​ឲ្យ​បាន​ល្អ​ អត់​សូវ​ទៅ​រៀន​ ហើយ​គិត​ថា​ ចាំ​ចម្លង​គេ​ឬ​ចាំ​មើល​​តាម​ Facebook ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ការ​ប្រលង​នេះ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ដូច​ឆ្នាំ​មុនៗ។
យុវជន​ធ្លាក់​បាក់​ឌុប​ម្នាក់​ទៀត​​ដែល​ជា​មិត្តភ័ក្ដិ​គេ​តែង​ហៅ​ថា សី រៀន​នៅ​វិទ្យាល័យ​ឫស្សី​កែវ​ក្នុង​រាជធានី​ភ្នំពេញ​ និយាយ​ថា​ មក​ពី​រូប​គេ​មើល​ងាយ​ការ​ប្រលង​ព្រោះ​រាល់​ឆ្នាំ​ធូររលុង ​គិត​ថា ​ឆ្នាំ​មុន​ស្រួល​ មិន​ដែល​ឆ្នាំ​នេះ​ពិបាក​ឡើយ ម៉្លោះ​ហើយ​ចំណាយ​ពេល​វេលា​តិច មិន​ខំ​រៀន​សូត្រ​។

សី ​បន្ថែម​ថា៖ “​បើ​ខ្ញុំ​ប្រឹង​រៀន​អាច​ជាប់​ តែ​ណាស់​​មិន​ប្រឹង។ ខ្ញុំ​ទទួល​ស្គាល់​ការ​ពិត​ថា​ សមត្ថភាព​មិន​ដល់ មើល​ស្រាល​ពេក។ ម៉ាក់​ប៉ា​ខ្ញុំ​ស្ដី​បន្ទោស ថា​ឲ្យ​ខំ​ប្រឹង​រៀន​ឲ្យ​ជាប់​បែរ​ជា​ធ្លាក់​ទៅ​វិញ​។ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ​ និង ​បាក់​ទឹក​ចិត្ត​ខ្លាំង​ដែរ “​ ។

យុវ​សិស្ស​រូប​នេះ​ប្រាប់​ទៀត​ថា ក្រៅ​ពី​រៀន​បំប៉ន​នៅ​សាលា មិត្តភ័ក្ដិ​សី​ក៏​ជួយ​បង្ហាត់​បង្រៀន​ផង​ដែរ​ ហើយ​រូប​គេ​ផ្ទាល់​ប្ដេជ្ញា​ជា​ថ្មី​ថា​ នឹង​ខំ​ប្រឹង​រៀន​ឲ្យ​ជាប់​លើ​ការ​ប្រលង​លើក​ទី​ពីរ​នេះ​ឲ្យ​ខាន​តែ​បាន​។
មិន​ខុស​គ្នា​ប៉ុន្មាន​ សិស្ស​នៅ​សាលា​អន្តរទ្វីប​ យុវជន​ គីម​សួរ​ និយាយ​ថា៖ ” សោក​ស្ដាយ​បំផុត​ពេល​បាន​ដឹង​ថា​ធ្លាក់​។ ខ្ញុំ​មាន​អារម្មណ៍​ថា ​ខុស​ចំពោះ​ខ្លួន​ឯង​ខ្លាំង​ណាស់ បើ​ទោះ​ម៉ាក់​ប៉ា​ខ្ញុំ​មិន​បាន​ស្ដី​បន្ទោស​អ្វី​ក៏​ដោយ តែ​ផ្ទុយ​ទៅ​វិញ​លោក​ទាំង​ពីរ​នៅ​នាំ​ខ្ញុំ​ទៅ​ញ៉ាំ​អី​ដើម្បី​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ប្រឹង​រៀន​ឡើង​វិញ​សម្រាប់​ការ​ប្រលង​ថ្ងៃ​ ១៣​ តុលា​ នេះ​ទៀត។ មិន​ស្ដាប់​គ្រូ​ពន្យល់ មិន​ធ្វើ​លំហាត់​ ពឹង​ផ្អែក​លើ​ការ​ចម្លង​ឯកសារ ​ទី​បំផុត​ខ្ញុំ​មិន​ជាប់។ តែ​ទោះ​យ៉ាង​ណា​ខ្ញុំ​នឹង​ប្រឹង​រៀន​ម្ដង​ទៀត​ “។
ឆ្នាំ​នេះ បេក្ខជន​ប្រលង​ជាប់​មាន ២៣ ១២៦ នាក់ ​ត្រូវ​ជា​ ២៥. ៧២ % ។ លោក ​ហង់​ ជួនណា​រ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ថា ​សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​(បាក់ឌុប) លើក​ទី ​២ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ​១៣ តុលា ​ខាង​មុខ​ នឹង​ទទួល​បាន​និទ្ទេស​ដូច​សិស្ស​ប្រឡង​ជាប់​លើក​ទី​មួយ​ដែរ៕

អត្ថបទ ៖ លឹម សុនា​​​