វិធីសាស្ត្រ ១៩យ៉ាង ក្នុងការបំបាត់ទុក្ខព្រួយ

9/08/2014 0 Comments A+ a-

cry១. ទូរស័ព្ទទៅកាន់ មិត្តភក្តិរបស់អ្នក រួចជជែកពីបញ្ហា របស់អ្នក ជាមួយនឹងពួកគេ។ មិត្តភក្តិជិតស្និត របស់ អ្នកពិតជា អាចជួយលើកទឹក ចិត្តអ្នក នៅ ពេលដែលអ្នក មានអារម្មណ៍ ថាពិបាកចិត្ត។ អ្នកត្រូវទូរស័ព្ទ ទៅរក តែមនុស្សណា ដែលអ្នកគិតថា ខ្លួនអ្នកពិតជាអាចធ្វើការ ទំនាក់ទំនង ជាមួយនឹង ពួកគេបាន។
២. មើលរឿងកំប្លែង ឬ រឿងណាមួយដែលអ្នកធ្លាប់មើលពីមុនរួចមកហើយ ដែលវាអាចជួយ ធ្វើអោយអ្នក សប្បាយចិត្ត បាន។ អ្នកអាចមើលរឿង កំសត់ណាមួយ ដែលអាចអោយអ្នក ធ្វើការប្រៀបធៀបថា ជីវិត ពិតរបស់អ្នក គឺមានភាពប្រសើរ ជាងសាច់រឿងទាំងនោះ ។
៣. ទទួលទានអាហារ ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ អ្នកអាច ទទួលទាននូវ អាហារណា ដែលមាន ភាពខុស ប្លែកពីអ្វីដែល អ្នកធ្លាប់ញុំា និង មាន រសជាតិ ឆ្ងាញ់ពិសា ឬ ក៏អ្វីដេលមាន លក្ខណៈខុសពីធម្មតា។ ការទទួលទានអាហារល្អ ចំពោះមនុស្សមួយចំនួន គឺអាចជួយលើកទឹកចិត្ត របស់ ពួកគេ។
៤. ត្រូវមានការផ្លាស់ប្តូរ។ ពេលខ្លះ ទំលាប់ដ៏គួរអោយធុញទ្រាំ ដែលតែងកើតមាន ជាបន្ត គឺអាចធ្វើ អោយអ្នក មានអារម្មណ៍ អាក្រក់។ អ្នកអាចធ្វើ នូវអ្វី ដែលអាចអោយអ្នកចាកចេញ ពីភាពហ្មងសៅ ប៉ុន្តែអ្នកមិនត្រូវធ្វើ ការសម្រេច ចិត្តភ្លាមៗ ពេកនោះទេ។
៥. ធ្វើលំហាត់ប្រាណ។ ចេញទៅកំសាន្តខាងក្រៅ ដោយធ្វើការដើរ, រត់ត្រេះៗ ឬ ជិះកង់។ ការធ្វើដូចនេះ គឺអាច នឹងជួយអោយ ខ្លួនប្រាណអ្នក បញ្ចេញ នូវជាតិ អង់ដរហ្វីន និង អាដ្រេណាលីន ចេញមកតាមរាង កាយរបស់អ្នក ដែលពួកវាអាច ធ្វើអោយ អ្នកមានអារម្មណ៍ ប្រសើរឡើង ទាំងផ្លូវចិត្ត និង ផ្លូវកាយ។
៦. ធ្វើការគូរគំនូរ។ បញ្ចេញនូវអារម្មណ៍របស់អ្នក តាមរយៈការគូរ ដោយប្រើពណ៌ និង រូបរាង។ សិល្បៈគឺជា ផ្នែកមួយនៃជីវិត។
៧. អ្នកអាចយំបញ្ចេញនូវអារម្មណ៍ទុក្ខសោកចេញពីក្នុងខ្លួនរបស់អ្នក និង បញ្ចប់វា ដោយការសាង នូវអារម្មណ៍ ស្រស់ស្រាយ ជាថ្មីឡើងវិញ។
៨. រំលឹកពីអនុស្សាវរីយ៍ល្អៗ ដែលអ្នកធ្លាប់មាន។ ប្រសិនបើអ្នកធ្លាប់រស់នៅ ជាមួយពួកវា នោះអ្នកប្រាកដ ជានឹងអាច មានវាម្តងទៀត ជាមិនខាន នៅ ថ្ងៃណាមួយ។ មិនមែនដោយសារតែ ស្ថានភាពក្នុងពេល បច្ចុប្បន្ន នេះហាក់មាន ភាពអាក្រក់ ហើយបានន័យថា វានឹងបន្តមាននៅ ថ្ងៃស្អែក ទៀតនោះទេ។
៩. ធ្វើការងូតទឹកសំអាតខ្លួន។ នោះអ្នកនឹងមានអារម្មណ៍ រីករាយ និង ស្រស់ថ្លាជាងមុន។
១០. ធ្វើការដើរកំសាន្ត នៅខាងក្រៅផ្ទះ។ ខ្យល់អាកាសបរិសុទ្ធ នឹងជួយធ្វើអោយអ្នកមាន អារម្មណ៍ ប្រសើរជាង មុន។ អ្នកអាច ទៅកំសាន្តនៅ កន្លែង ណាមួយ ជាមួយនឹងមិត្តភក្តិ, ក្រុមគ្រួសារ ឬ តែម្នាក់ឯង។ អ្នកអាចចេញ ទៅមើលកុន, ទៅពិកនិច ។ល។ ការសំងំនៅខាងក្នុងផ្ទះ គឺហាក់នឹង ឃុំឃាំងខ្លួនអ្នក អោយ នៅជាមួយនឹង អារម្មណ៍បាក់ ទឹកចិត្ត និង ភាពកណ្តោចកណ្តែង។
១១. ធ្វើការស្តាប់តន្ត្រី។ អ្នកមិនត្រូវស្តាប់បទកំសត់នោះទេ ត្រូវព្យាយាមស្តាប់ តែបទណា ដែលលើក ទឹកចិត្ត ជួយគាំទ្រ ឬ រំលឹកអ្នកនូវ ពេលវេលា ដ៏ល្អ ដែលអ្នកធ្លាប់មាន។
១២. អ្នកអាចអនុញ្ញាត អោយខ្លួនអ្នកយំ។ ពេលខ្លះ ភាពទុក្ខសោកនឹងនៅតែស្ថិត ក្នុងខួរក្បាល របស់អ្នក ប្រសិនបើអ្នក ព្យាយាម បង្ខំខ្លួនអ្នកអោយ មានភាពរីករាយ។ អ្នកអាចអោយទឹកភ្នែក អ្នកហូរចេញមក ក្នុងពេល ដែលសាកសម ណាមួយ ជាពិសេស នៅពេលដែលអ្នកស្ថិត នៅតែម្នាក់ឯង។ អ្នកអាចធ្វើដូចនេះ ហើយអ្នកអាច នឹងមានអារម្មណ៍ថា បានរសាយនូវ ទុក្ខព្រួយ ដោយការបញ្ចេញវា ពីក្នុងដើមទ្រូង របស់អ្នក។
១៣. ដាក់អារម្មណ៍របស់អ្នក ប្រមើលពីថ្ងៃអនាគត។ តើអ្វីដែលអ្នកកំពុងព្រួយបារម្ភនេះ ពិតជាមាន សារៈសំខាន់ ចំពោះអ្នកដូច ដែលអ្នកបានគិតឬ? តើវាហាក់នឹង ជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើខ្លួនអ្នកផ្ទាល់ ជាងទៅកាន់ អ្នកដែល នៅជុំវិញខ្លួនអ្នកឬ ? ប្រសិនបើអ្នកមិន សប្បាយចិត្ត ជាមួយនឹង បញ្ហាតូចតាច ណាមួយ ដូចជាគ្រាន់ តែការមិន បានទទួល ចំណាត់ថ្នាក់ល្អ ឬ ធ្វើកំពប់ទឹកដោះគោ នោះអ្នកនឹងអាចមាន អារម្មណ៍ថាទុក្ខព្រួយ បាន យ៉ាងងាយ។ មិនមែនរាល់បញ្ហា របស់អ្នក ទាំងអស់តម្រូវអោយអ្នក ត្រូវតែប្រើខួរក្បាល អ្នកគិតពីវានោះ ទេ ជាពិសេសគឺអ្វី ដែលមិនមាន សភាព ធ្ងន់ធ្ងរ។ ប្រសិនបើអ្នកចេះប្រើ ហេតុផល ពិចារណាធ្វើ អោយខ្លួនអ្នក រីករាយឡើងវិញ នោះអ្នកនឹងមានឱកាស នឹងមិនសូវមាន ស្ត្រេសក្នុង ជីវិតអ្នក។
១៤. ពេលខ្លះ ការគេងមួយស្របក់នាពេលថ្ងៃ គឺអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ ប្រសើរជាងមុន។ អ្នកអាចសាកល្បងធ្វើវា និង ទទួលបាននូវ ដំណេកដ៏ស្កប់ស្កល់។
១៥. ធ្វើការសសេរកំណត់ហេតុ។ ឈប់រស់នៅក្នុងអតីតកាលដែលឈឺចាប់ និង សម្លឹងទៅរកថ្ងៃអនាគត។ ថ្ងៃនីមួយៗ គឺសុទ្ធតែជាថ្ងៃថ្មី សម្រាប់អ្នក ។ ដោយគ្រាន់តែការមិនសប្បាយចិត្តកាលពីថ្ងៃម្សិលមិញ នោះមិន មែនបានន័យថា អ្នកត្រូវទុក្ខសោកក្នុងថ្ងៃនេះទៀតនោះទេ។ មនុស្សម្នាក់ៗ តែង មានចំណុចល្អរបស់គេ រៀងៗខ្លួន ចូរបង្ហាញនូវអ្វីដែលអ្នកមាន។ អ្នកត្រូវពេញចិត្ត និង ដឹងគុណនូវអ្វីដែលអ្នកមាន ហើយអ្នកមិន ត្រូវមានការព្រួយ បារម្ភពី អ្វីដែលអ្នក មិនមាននោះទេ។
១៦. ជំនួសអោយការសរសេរ កំណត់ហេតុជាប្រចាំថ្ងៃ អ្នកអាចធ្វើការសរសេរនូវបញ្ជីមួយ ដែលរៀបរាប់ពី ១០០ចំណុច ដែលអាចធ្វើអោយ អ្នក សប្បាយ ចិត្ត។ វាពិតជាមានការលំបាក, ប៉ុន្តែសាកល្បងមើលថា តើអ្នកអាចធ្វើវាបានដែរឬទេ? កុំគិតថាវាជាគំនិតក្មេង ឬ ឆ្កួតៗនោះ អ្នកគ្រាន់ ព្យាយាម សរសេរវាចេញមក។
១៧. អ្នកត្រូវ សំអាតចិត្តរបស់អ្នកអោយបានស្អាតល្អ មុនពេលអ្នកចូលគេង។ វាមានដូចជា៖ជីវិត នៅក្នុងសាលា រៀន, ចំណាត់ថ្នាក់, បញ្ហាមិត្តភក្តិ ,ក្រុមគ្រួសារ។ល។ ធ្វើការសុបិន្តពី ទីកន្លែងដែលមានភាពរីករាយ។ វីធី នេះយ៉ាងហោចណាស់ ធ្វើអោយអ្នកគេងលក់ជាមួយ នឹងផ្លូវចិត្តអ្នកល្អ ប្រសើរ ជាងមុន និង ធ្វើអោយ អារម្មណ៍របស់អ្នកនៅក្នុងពេលព្រឹក មានភាពស្រស់ស្រាយឡើងវិញ។
១៨. ស្តាប់បទចំរៀងដែលអ្នកពេញចិត្ត ឬ ចំរៀងដែលធ្វើអោយអារម្មណ៍អ្នកមានភាពកក់ក្តៅ និង រីករាយ។
១៩. អ្នកអាចធ្វើការដើរ ក្នុងផ្លូវឆ្ងាយដើម្បីអោយចិត្តរបស់អ្នក បានស្ងប់ស្ងាត់ និង បានសម្រាកនៅក្នុងពេលខ្លះ ហើយវានឹងធ្វើអោយចិត្តរបស់អ្នក មានភាពស្រាកស្រាន្ត។ ធ្វើការដកដង្ហើមចូល អោយបានវែងៗ និង បញ្ចេញវាមកក្រៅវិញយឺតៗ ៕

________________
ផ្តល់សិទ្ទិដោយ៖looking today