អេន យ៉ាដាវ ប្រលូកសិល្បៈមួយប្រាវ បើកហាងថ្លៃខ្ទង់ ១ ម៉ឺនដុល្លារ
ទើបតែប្រលូកសិល្បៈមិនបាន ១ ឆ្នាំ ស្រួលបួលផង តារាម៉ូដែល កញ្ញា អេន យ៉ាដាវ អាចបើកហាងសាឡនមួយប្រើទុនខ្ទង់១ ម៉ឺនដុល្លារ។ ហាងដែលស្រីស្រស់ យ៉ាដាវ បើកនោះស្ថិតនៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម ជិតផ្សារស៊ីឡឹប មានយីហោ “ឃិសសាឡន” ដោយបានដំណើរការ ៣ ខែមកហើយ។
យ៉ាដាវ បានប្រាប់ថា ហាងមួយនេះ នាងបានសេងពីមិត្តភ័ក្ដិ ក្នុងតម្លៃជិត ១ ម៉ឺន ដុល្លារ ដោយមានបងជីដូនមួយម្នាក់ចូលហ៊ុន។
តារាស្រីម្នាក់នេះ បានលើកឡើងថា ការបើកហាងសាឡននេះ ក៏ព្រោះតែនាងមានជំនាញខាងកែសម្ផស្សស្រាប់ ម្យ៉ាងទៀតនាងគិតថា បើពឹងតែការងារសិល្បៈមួយមុខ មិនអាចទៅរួចឡើយ ព្រោះការងារសិល្បៈបានកម្រៃតិចតួចប៉ុណ្ណោះ គួបផ្សំតារាមិនសូវល្បីផងមិនសូវមានទីផ្សារ ដូចនេះត្រូវតែរកមុខរបរបន្ទាប់បន្សំ។
តារាស្រីវ័យ ២១ ឆ្នាំម្នាក់នេះ បានឲ្យដឹងបន្ថែមទៀតថា ចូលដល់រដូវភ្លៀងនេះ ការងារសិល្បៈរាងស្បើយបន្តិច ភាគច្រើនមានតែការដើរម៉ូដម្ដងម្កាលប៉ុណ្ណោះ ដូចនេះ នាងមានពេលវេលាច្រើនមើលការខុសត្រូវហាង។ នាងប្រាប់ថា ចាប់តាំងពីដំណើរការមកមានភ្ញៀវច្រើនគួរសម ភាគច្រើននៅចុងសប្ដាហ៍ ក្នុងនោះអ្នកសិល្បៈមួយចំនួនមកចូលធ្វើផងដែរ។
អេន យ៉ាដាវ បានចាប់អាជីពជាតារាម៉ូដែលក្នុងក្រុម Pop Model ដើមឆ្នាំ ២០១៣ តាមរយៈមិត្តភ័ក្ដិ បច្ចុប្បន្នតារាស្រីមានកំណើតពី ខេត្តក្រចេះ ម្នាក់នេះ បានចេញពីក្រុមម៉ូដែលខាងលើហើយ ដោយនាងធ្វើជាម៉ូដែល Freelancer នាងក៏ចេះច្រៀងផងដែរ។ ក្រៅពីដើរម៉ូដ នាងក៏ធ្លាប់ថតស្ប៉តពាណិជ្ជកម្មបានមួយចំនួនផងដែរ។ ចំពោះការសម្ដែង ខារ៉ាអូខេ ក៏ដូចជាខ្សែភាពយន្តនៅមិនទាន់មាននៅឡើយទេ។ យ៉ាដាវ និយាយថា ស្វាគមន៍ជានិច្ចប្រសិនបើមានផលិតកម្មណាមួយចង់បាននាងទៅសម្ដែងនោះ៕
អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ដោយ យ៉ាដាវ
រូបថត៖ ផ្ដល់ដោយ យ៉ាដាវ