ករណីព័ត៌មាន ស្រីក្រមុំលក់ផ្លែឈើ នៅកំពង់ចាម ត្រូវអ្នកមានអំណាច ចាប់រំលោភ ជារឿងប្រឌិត, ម្តាយនាង ដាក់ពាក្យបណ្តឹង
កំពង់ចាម ៖ អ្នកស្រី ផេង ផារ៉ាន់ អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិវាលវង់ សង្កាត់វាលវង់ ក្រុងកំពង់ ចាម កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ បានដាក់ពាក្យប្តឹង ចូលសាលាដំបូង ខេត្តកំពង់ចាម ឲ្យជួយ ស្រាវជ្រាវចាប់ ជនមិនស្គាល់មុខ និងបក្ខពួក ពីបទថា បានបរិហាកេត្តិ៍កូនស្រីរបស់គាត់ ជាសាធារណៈ តាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៤ ។
អ្នកស្រី ផេង ផារ៉ាន់ រៀបរាប់ក្នុងពាក្យបណ្តឹងថា កាលពីកំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៤ មាន ជនមិនស្គាល់ឈ្មោះ និងបក្ខពួក បានធ្វើការបរិហាកេរ្តិ៍ មកលើកូនស្រីរបស់គាត់ ឈ្មោះ យ៉ុង យ៉ានិត ភេទស្រី អាយុ២៥ឆ្នាំ តាមរយៈការបង្ហោះព័ត៌មាន តាមបណ្តាញសង្គម ហ្វេសបុក ដោយប្រឌិតឡើង នូវរឿងរ៉ាវដូចខាងក្រោមនេះ ៖
នារីក្រមុំលក់ផ្លែឈើម្នាក់ នៅផ្សារតូចមួយ នៃជ្រុងផ្សារធំ នាខេត្តកំពង់ចាម បានឈ្លោះប្រកែកគ្នា រហូត មានអំពើហិង្សាកើតឡើង បង្កដោយអ្នកលក់ផ្កាពីរនាក់ ដែលមានបងប្រុស ជាមន្ត្រីនគរបាលមាន អំណាចមួយរូប ។ ដើមហេតុ បន្ទាប់ពីឈ្លោះប្រកែកគ្នា ដោយអ្នកលក់ផ្កាទាំងពីរនាក់ បានព្រួតវាយ ដោយវត្ថុរឹងមួយចំនួន ទៅលើនារីលក់ផ្លែឈើ យ៉ាងចាស់ដៃ នារីលក់ផ្លែឈើ បានទាញជញ្ជីងក្រវាត់ ទៅមក ដោយស្រែកថា កុំចូល ភ្លាមនោះ ក៏ត្រូវមុខអ្នកលក់ផ្កាឈូក ឈាមហូរយ៉ាងច្រើន ។ភ្លាមនោះ អ្នកលក់ផ្កាបានទូរស័ព្ទហៅបងប្រុសរបស់ខ្លួន ដែលជាមន្ត្រីនគរបាល ការមកដល់របស់មន្ត្រីនគរបាល ម្នាក់នេះ បានធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដែលឈរមើល ដោយសារលោក នោះ ស្រែកថា ពួកអាហ្អែងចង់ងាប់ បាននាំគ្នាឈរមើល ។ បន្ទាប់មក មន្ត្រីនគរបាលម្នាក់នេះ ក៏ចាប់អ្នកលក់ផ្លែឈើទៅការិយាល័យ របស់នគរបាល មិនបានពីរម៉ោង ក៏បញ្ជូននាងទៅដាក់គុក នៅខេត្តកំពង់ចាម ដោយចាំរត់ឯកសារតាមក្រោយ ថែមទាំងមិនឲ្យគ្រួសារនារីលក់ផ្លែឈើ ចូលមើលឡើយ ។
ម្ចាស់អាខោនហ្វេសប៊ុករូបនេះ បានបន្ដថា “ទង្វើនេះផ្ទុយពីច្បាប់ទាំងស្រុង ទាំងព្រះរាជអាជ្ញា និងនគរ បាលបិទភ្នែកអស់ហើយ… ៣ថ្ងៃកន្លងមក ទើបគេអនុញ្ញាតឱ្យក្រុមគ្រួសារ ចូលមើលនាងនៅក្នុងគុក ។ តាមសំដីសាច់ញាតិដែលចូលទៅមើលនាង ក្នុងគុកបានប្រាប់ថា នាងក្រមុំព្រហ្មចារីយរូបនេះ ត្រូវបាន បុរសមានអំណាច ៣នាក់រំលោភនាងជាច្រើនដងមកហើយ… នាងព្យាយាមសម្លាប់ខ្លួនជាច្រើនលើក តែត្រូវបានអ្នកជាប់គុកដូចគ្នាជួយ ។ រហូតមកដល់ពេលនេះ រឿងរ៉ាវខាងលើ មិនទាន់ត្រូវបានដោះ ស្រាយនោះឡើយ ហើយនាងរងគ្រោះ កំពុងមានជំងឺផ្លូវកាយ និងផ្លូវចិត្ដយ៉ាងខ្លាំង” ។
អ្នកស្រី ផេង ផារ៉ាត់ បានឲ្យដឹងទៀតថា រឿងហេតុដែលបានបង្ហោះ តាមបណ្តាញសង្គមហ្វេសបុក ខាង លើនេះ គឺជារឿងពុំពិតនោះឡើយ ។ ហើយក្នុងពាក្យបណ្តឹងនោះ អ្នកស្រី បានសំណូមពរ សុំឲ្យលោក ព្រះរាជអាជ្ញា ជួយរកយុត្តិធម៌ឲ្យគាត់ និងសុំឲ្យផ្តន្ទាទោស ជនល្មើសតាមផ្លូវច្បាប់ និងសូមទារសំណង ជំងឺចិត្តនូវការខូចខាតកិត្តិយស សេចក្តីថ្លៃថ្នូរ និងកូនស្រីរបស់គាត់ ជាប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិក៕
__________________
ផ្តល់សិទ្ទិដោយ៖dap-news.