លោក ​សម រង្ស៊ី​ បន្ទោស​គណបក្ស​ កាន់​អំណាច​ថា​មិន ​មាន​ចេតនា​បញ្ចប់​វិបត្តិ

8/15/2014 0 Comments A+ a-

ភ្នំពេញ—
បើទោះ​បី​ជា​សមាជិក​សភា​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្បថ​ចូល​ កាន់​មុខ​តំណែង​និង​ចូល​រួម​ប្រជុំ​សភា​យ៉ាង​ណា​ក៏​ដោយក៏​រលក​នៃ​ការ​កោះ​ហៅ ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​បន្ត។ ​ខណៈ​ពេល​ដែល​សកម្មជន​បី​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​ ពន្ធនាគារ​នៅ​ឡើយ។​
ដោយ​សារ​តែ​ដីកា​កោះ​ជាបន្ត​បន្ទាប់​ទៅ​លើ​ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នេះ​ហើយ ​ទើប​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ចេញ​ប្រតិកម្ម​និង​ស្តី​បន្ទោស​ សារជាថ្មី​ដល់គណបក្ស​ប្រជាជន​កម្ពុជា​ថា​គ្មាន​ចេតនា​ចង់​បញ្ចប់​វិបត្តិ​ នយោបាយ​ដូច​អ្វី​ដែល​ខ្លួន​បាន​អះអាង​ទេ។​
មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​ក្នុង​ ខណៈ​ពេល​ដែល​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​សួរសុខ​ទុក្ខ​ប្រជាពល​រដ្ឋ​មក​ពីភូមិឡពាង​ ខេត្ត​កំពង់ឆ្នាំង។ ​លោក​ សម រង្ស៊ី​ ទំនង​ជា​មិន​ពេញ​ចិត្ត​នឹង​ចំណាត់​ការ​របស់​តុលាការ​ក្រោយ​ពី​វិបត្តិ​ នយោបាយ​បាន​បិទ​បញ្ចប់។​
លោក ​សម រង្ស៊ី​ មាន​ប្រសាសន៍​ថា​ វិបត្តិ​នយោបាយ​បាន​បញ្ចប់​ហើយ​ តែ​អ្វី​ក៏ដោយ​ឱ្យ​តែ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ត្រូវ​តែ​បញ្ចប់។
លោក​និយាយ​ថា៖ «តែ​បើ​មាន​អ្នក​ជាប់​គុក​ មាន​អ្នក​ដែល​គេ​នៅ​តាម​ដាន​រក​រឿង​មាន​ន័យ​ថា​វិបត្តិ​នយោបាយ​មិន​ទាន់​បាន ​បញ្ចប់ទេ។​ កាក​សំណល់​នៃ​វិបត្តិ​នយោបាយ​ត្រូវ​តែ​បញ្ចប់។​ខ្ញុំ​នឹង​ខិតខំ​ដើម្បី​ឱ្យ​ ស្មារតី​នេះ​ ត្រូវ​បាន​គេ​គោរព​ទាំង​អស់​គ្នា»។​
កាល​ពី​សប្តាហ៍​មុន​ ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​រដ្ឋសភា​ជា​លើក​ដំបូង​ដោយ​មាន​ការ​ចូល​រួម​ពី​ សមាជិក​សភា​តំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិគណបក្ស​ ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្លាប់​មាន​ជម្លោះ​ដ៏រ៉ាំ​រ៉ៃ​ជាង​១០​ខែ​បាន​ប្រកាស​ព្រម​គ្នា​ថា​នឹង​ បញ្ចប់​វិបត្តិ​នយោ​បាយ​ក្រោយ​ពី​ការ​បោះឆ្នោត។​
លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ពេល​នោះ​បាន​ឱ្យ​កត់​សំដី​លោក​ សម រង្ស៊ី​ដែល​បាន​និយាយ​ក្នុង​សភា​ទុក​ទៀត​ផង។​ក៏ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ បន្ទាប់​ពី​ការ​សន្យា​ផ្ទាល់​មាត់​ចេញ​ពី​មេដឹក​នាំ​ទាំង​ពីរ​រួច​មក​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាត់វិធានការ​ទៅ​លើ​គណបក្ស​ ប្រឆាំង​បាន​ចាប់​ផ្តើម​ឡើង។​
លោក​ ឈាង វ៉ុន​ អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​ រឿង​នេះ​ជារឿង​ផ្លូវច្បាប់​របស់​តុលាការ។ ​លោក​មិន​អាច​បក​ស្រាយ​ជំនួស​តុលាការ​បានទេ។​
លោក​និយាយ​ថា៖​ «ខ្ញុំ​នៅ​សភា​ខ្ញុំ​ឆ្លើយ​ជំនួស​តុលាការ​ម៉េច​កើត។ ​ខ្ញុំ​អត់​ដឹង​ទេ​បញ្ហា​អស់​ទាំង​ហ្នឹង។​រឿង​តុលាការ​ឱ្យ​តុលាការ​គេ​ដោះ​ ស្រាយ​ទៅ»។​
លោក​ កែវ មុន្នី​ ចៅ​ក្រម​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​នេះ​មិន​បាន​បញ្ជាក់​ទេ​ដោយ​លោក​គ្រាន់​តែ​និយាយ​យ៉ាង​ខ្លី​ថា​កំពុង​ជម្រះ​ក្តី។​
លោក​ មាជ សុវណ្ណារ៉ា​ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ ជា​ប្រធាន​នាយក​ដ្ឋាន​ព័តមាន​របស់​គណបក្ស​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ ចេញ​ដីកា​ឱ្យ​ចូល​មក​បំភ្លឺ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ទី​១​ខែកញ្ញា​ពី​បទ​ជាប់ ​ពាក់​ព័ន្ធ​ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​ ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថានទម្ងន់​ទោស។​
បទ​ចោទ​នេះ​ តុលាការបាន​ធ្វើ​ការ​ចោទ​ប្រកាន់ដូច​នឹងអ្នក​តំណាងរាស្ត្រ​៧​នាក់​និង​ សកម្មជន​៤​នាក់​ទៀត​ដែល​នៅ​ក្នុង​នោះ​មាន​បី​នាក់​កំពុង​ជាប់​ឃុំ​ឃាំង​ ក្នុង​ពន្ធនាគារ។ ​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃទី​១៥​ ខែកក្កដា​ដែល​បាន​បណ្តាល​ឱ្យ​កង​សន្តិសុខ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ជិត​៥០​នាក់​រង​របួស។​
លោក​ មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ប្រាប់​វីអូអេ ​តាម​រយៈ​ទូរស័ព្ទថា​លោក​នឹង​ចូល​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ។​
លោក​ មាជ សុវណ្ណរ៉ា​កំពុង​ស្នាក់​នៅ​ឯក្រៅ​ប្រទេស។ ​លោក​បាន​អះអាង​ថា​ នឹង​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៨ខែ​សីហា​ខាង​មុខ​ដើម្បី​មក​ឆ្លើយ​ បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៕
ប្រភពពី វីអូអេខ្មែរ