ជាតិ​មួយ​នៃ​ការ​កុហក​ និង​បោក​ប្រាស់?

7/31/2014 0 Comments A+ a-


20140724_02នៅ ​ពេល​អ៊ុនតាក់​ចូល​មក​ដល់​នៅ​ដើម ឆ្នាំ​១៩៩២ ដើម្បី​រក្សា​សន្តិភាព​ក្រោម​កិច្ច​ព្រម​ព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស និង​រៀបចំ​ប្រទេស​ព្រម​ទាំង​រៀបចំ​ការ​បោះឆ្នោត​ជាតិ ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដែល​កាល​នោះ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា បាន​ជួប​ប្រជុំ​គ្នា​នៅ​ព្រះ​បរម​រាជវាំង។ នោះ​ជា​កិច្ច​ប្រជុំ​លើក ទី​មួយ​របស់​ក្រុម​ប្រឹក្សា​នេះ​នៅ​ក្នុង​ប្រទេស។
នៅ​ពេល​បើក​កិច្ច​ប្រជុំ ព្រះ​ករុណា នរោត្តម សីហនុ ដែល​កាល​នោះ​ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​បាន​លើក​ឡើង​អំពី ​ការ​បាត់​បង់​សមត្ថភាព​របស់​ប្រទេស​ឯករាជ្យ​របស់​ព្រះអង្គ​ក្នុង​ការ​គ្រប់ ​គ្រង​ខ្លួន​ឯង​និង​បង្ហាញ​ភាព​អៀន​ខ្មាស​ដែល «បរទេស» បាន​មក​ធ្វើ​ការងារ​នេះ។ សមាជិក​ដទៃៗ​ទៀត​នៃ​ក្រុម​ប្រឹក្សា​នេះ ដែល​ទាំង​អស់​មក​ពី​បួន​ក្រុម​ដែល​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្នា បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​ព្រះ​អង្គ។
អ៊ុនតាក់ បាន​ចាក​ចេញ​នៅ ខែ​កញ្ញា ឆ្នាំ​១៩៩៣ នៅ​ពេល កម្ពុជា មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​និង​រដ្ឋាភិបាល​ថ្មី​មួយ។ ប្រទេស​នេះ​បាន​ទទួល​ឯករាជ្យ​និង​អធិបតេយ្យ។ ការ​ជួយ​ទាំង​នោះ​គឺ​ចេញ​មក​ពី​ប្រទេស​ដទៃៗ​ទូទាំង​ពិភពលោក​ដើម្បី​កសាង​ឡើង ​វិញ​នូវ​ប្រទេស​ដែល​ត្រូវ​បាន​ខ្ទេច​ខ្ទី​នេះ។ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​រឿង​អាស្រូវ​ពី​មួយ​ទៅ​មួយ​បាន​នាំ​ឲ្យ​ ប្រទេស​នេះ​បាត់បង់​ការ​ជឿ​ជាក់​ពី​ប្រជាជន។
មូលហេតុ​ឫសគល់​នៃ​រឿង​អាស្រូវ​ទាំង​អស់​នេះ​គឺ៖ ការ​បោក​ប្រាស់​និង​ការ​កុហក​ដែល​អាច​ឃើញ​ក្នុង​ទម្រង់​នៃ​អំពើ​ពុក​រលួយ​ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។
នៅ​ពេល អ៊ុនតាក់ ចាក​ចេញ អ៊ុនតាក់ បាន​ទុក​នូវ​ឧបករណ៍​មួយ​ចំនួន​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ថ្មី​នេះ។ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​ទទួល​បន្ទុក​នោះ បាន​ធ្វើ​ខ្លួន​ដូច​ទៅ​នឹង «ចោរ​ប្លន់​តាម​ផ្លូវ ហាយវ៉េ»។ បន្ទាប់​ពី​អំពើ​ប្លន់​តាម​ផ្លូវ ហាយវ៉េ នេះ មាន​រឿង​អាស្រូវ​ធំ​មួយ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ដែល «អំពើ​ពុក​រលួយ ការ​លួច និង​បក្ខពួក» ត្រូវ​បាន​រក​ឃើញ (១៩៩៩) រឿង​អាស្រូវ​នៃ​ការ​ប្រើ​ប្រាស់​ខុស​ចំពោះ​ថវិកា​របស់​ធនាគារ​ពិភពលោក​នៅ​ ក្នុង​គម្រោង​រំលាយ​ទាហាន​ចំនួន ៣០ ០០០ នាក់ (២០០៣) រឿង​អាស្រូវ​នៃ​ការ​លួច​ថវិកា​ចំនួន ១,២ លាន​ដុល្លារ​នៃ​ជំនួយ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (២០០៤) រឿង​អាស្រូវ​នៃ​ការ​ប្រើ​ខុស​នៃ​ថវិកា​ធនាគារ​ពិភពលោក​នៅ​ក្នុង​គម្រោង​ ចំនួន ៧ ដែល​អនុវត្ត​ទូទាំង​ប្រទេស​ដោយ​ក្រសួង​ដែន​ដី នគរូបនីយកម្ម ក្រសួង​អភិវឌ្ឍ​ជនបទ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន និង​ក្រសួង​ឧស្សាហកម្ម (២០០៦)។
រឿង​អាស្រូវ​នេះ​មិន​បាន​បញ្ចប់​ត្រឹម​នោះ​ទេ។
មិន​យូរ​បន្ទាប់​ពី​ការ​បើក​ក្នុង ឆ្នាំ​២០០៧ សាលា​ក្តី​ខ្មែរ​ក្រហម ដែល​អង្គការ​សហ​ប្រជាជាតិ​ជួយ​បង្កើត​ឡើង ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​ថា មាន​អំពើ​ពុក​រលួយ​រួម​ទាំង «ប្រព័ន្ធ​ពុក​រលួយ​នៅ​ក្នុង​ការ​សូក​ប៉ាន់​ទៅ​មន្រ្តី​រដ្ឋាភិបាល​ដើម្បី​ ទទួល​បាន​ការងារ»។
កាល ឆ្នាំ​២០១១ ករណី​ពុក​រលួយ​ធ្ងន់​ធ្ងរ​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រសួង​សង្គមកិច្ច​ដែល​ ប្រាក់​ជាង ៥ លាន​ដុល្លារ​ត្រូវ​បាន​លួច​ពី​មន្រ្តី​រាជការ​ដែល​ស្លាប់​និង​ចូល​និវត្តន៍។
កាល​ឆ្នាំ​មុន​អង្គការ​មូលនិធិ​សកល​ដែល​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ របេង គ្រុនចាញ់ បាន​រក​ឃើញ​ការ​ស៊ី​សំណូក​ធំ​មួយ​នៅ​ក្នុង​ក្រសួង​សុខាភិបាល។ មន្រ្តី​សុខាភិបាល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​យក​ប្រាក់​សំណូក​ជាង ៤០ ម៉ឺន​ដុល្លារ​ដើម្បី​ផ្តល់​កិច្ចសន្យា​ទៅ​អ្នក​ផ្គត់​ផ្គង់​មុង​នៅ​ក្រៅ​ ប្រទេស​និង​អំពើ​ពុក​រលួយ​ដទៃ​ទៀត។
ការ​បោក​និង​ការ​កុហក​គឺ​ជ្រួត​ជ្រាប​នៅ​ក្នុង​ ចរិត​របស់​ពួក​គេ។ ក្រៅ​ពី​អំពើ​ពុក​រលួយ​ទាំង​នេះ មាន​ការ​បោក​ប្រាស់​នៅ​ក្នុង​ការ​ប្រឡង​និង​អំពើ​ពុក​រលួយ​នៅ​សាលា​ក្តី​ ខ្មែរ​ក្រហម។ ការ​កុហក​និង​អំពើ​មិន​ពិត​ថ្មីៗ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រឿង​មួយ​ទៀត​ ពាក់​ព័ន្ធ​នឹង​អ្នក​ស្រី សុម៉ាលី ម៉ម ដែល​បាន​ប្រាប់​ពិភពលោក​អំពី​សាច់​រឿង​តស៊ូ​នៅ​ក្នុង​ការងារ​ប្រយុទ្ធ​ ប្រឆាំង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ជា​សាច់​រឿង​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ល្បី​ឈ្មោះ ប៉ុន្តែ​សាច់​រឿង​មួយ​ចំនួន​ក្នុង​ចំណោម​សាច់​រឿង​ទាំង​នោះ រួម​ទាំង​សាច់​រឿង​ផ្ទាល់​របស់​លោក​ស្រី គឺ​ជា​សាច់​រឿង​មិន​ពិត។ អ្នក​ស្រី​បាន​លាលែង​ពី​តំណែង​នៃ​អង្គការ​មូលនិធិ សុម៉ាលី ម៉ម។
គេ​និយាយ​ថា ត្រី​ស្អុយ​រលួយ​ពី​ក្បាល​ចុះ​ទៅ ហើយ​សុភាសិត​នេះ​ទំនង​ជា​កើត​មាន​នៅ​ក្នុង ប្រទេស​កម្ពុជា នៅ​ពេល​ដែល​មេ​ដឹក​នាំ​មិន​រក្សា​តាម​ការ​ស្បថ​របស់​ខ្លួន​ពេល​ចូល​កាន់​ តំណែង។
ពី​មុន​ពេល​ចូល​កាន់​តំណែង​តំណាង​រាស្រ្ត​ កម្ពុជា​និង​សមាជិក​គណៈ​រដ្ឋ​មន្រ្តី បាន​ធ្វើ​ការ​ប្តេជ្ញា​ជា​ឱឡារិក​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​នៅ​ចំពោះ​មុខ​ ព្រះ​មហាក្សត្រ សម្តេច​សង្ឃ​ទាំង​ពីរ​អង្គ និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំង​ឡាយ​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។ ក្នុង​នោះ ពួក​គេ​បាន​សន្យា​មិន​ប្រើ​ជម្រើស​ហិង្សា​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ជាតិ​ ឬ​អន្តរជាតិ ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយ​គ្រប់​ទម្រង់ មិន​កេង​ប្រវ័ញ្ច​អត្ថ​ប្រយោជន៍​ជាតិ​សម្រាប់​ខ្លួន​ឯង គ្រួសារ ឬ​បក្ស​របស់​ខ្លួន។
អំពើ​របស់​ពួក​គេ​មិន​ត្រូវ​ជាមួយ​នឹង​ពាក្យ​ ទាំង​នោះ​នៅ​ពេល​អំពើ​ពុក​រលួយ​និង​បក្ខពួក​និយម​ពោរ​ពេញ​ទៅ​ដោយ​អំណាច។ ឧទាហរណ៍​គឺ​នៅ​ពេល​កងទ័ព​របស់​គណបក្ស​កាន់​អំណាច​ទាំង​ពីរ​គឺ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​រដ្ឋ​ ប្រហារ ឆ្នាំ​១៩៩៧ និង​នៅ​ពេល​អំពើ​ហិង្សា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បង្ក្រាប​បាតុករ​ អហិង្សា​កាល​ពី ខែ​មករា ឆ្នាំ​នេះ និង​នៅ​ពេល​ដែល​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នេះ​ត្រូវ​បាន​ប្រមូល​យក​ដោយ​ជន ​មាន​អំណាច​សម្រាប់​អត្ថ​ប្រយោជន៍​របស់​ពួក​គេ​និង​នៅ​ពេល​ដែល​ស្ថានភាព​ សិទ្ធិ​មនុស្ស​នៅ​តែ​អាក្រក់។
ការ​ធ្វើ​ខុស​ដែល​បាន​លើក​ឡើង​ខាង​លើ​គ្រាន់​តែ ​ជា​សញ្ញា​តូច​មួយ​នៃ​បញ្ហា​ធំ​ជាង​នេះ។ ទោះ​យ៉ាង​ណា​ក្តី ពួក​គេ​បង្ហាញ​ថា ជន​ជាតិ​កម្ពុជា​មាន​គុណ​វិបត្តិ​ចរិត​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​គិត​ថា ពួក​គេ​ជា​មនុស្ស​មិន​អាច​ទុក​ចិត្ត​បាន មិន​ស័ក្តិសម​នឹង​តំណែង​នៃ​ការ​ទទួល​ខុស​ត្រូវ។ ចំណាត់​ការ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​កែ​តម្រូវ​គុណ​វិបត្តិ​នេះ។ ជា​ការ​ចាប់​ផ្តើម​មេ​ដឹក​នាំ​កម្ពុជា ឥឡូវ​នេះ ត្រូវ​កំណត់​ស្តង់ដារ​សីលធម៌​ខ្ពស់​ជាង​មុន គោរព​តាម​ការ​ស្បថ​របស់​ខ្លួន គោរព​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ធ្វើ​ឲ្យ​ពាក្យ​សម្តី​ខ្លួន​ឯង​ក្លាយ​ជា​ការ​ពិត​ជាង​មុន​ដើម្បី​ធ្វើ​ ឲ្យ​ខ្លួន​ឯង​អាច​ត្រូវ​បាន​គេ​ជឿ​ជាក់។ ពួក​គេ​ត្រូវ​តែ​បង្កើត​តម្លៃ​សីលធម៌​មួយ​សម្រាប់​ប្រទេស។
ក្រៅ​ពី​ការ​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចរិត​ លក្ខណៈ​នៃ​បែបបទ​និង​ចរិត​ជន​ជាតិ​កម្ពុជា​របស់​ខ្លួន​និង​ដើម្បី​កេរ្តិ៍​ ឈ្មោះ​តម្លៃ​សីលធម៌​នេះ​នឹង​ធ្វើ​ឲ្យ​ការងារ​អនុវត្ត​ច្បាប់​ងាយ​ស្រួល​ជាង​ មុន និង​មាន​ប្រសិទ្ធ​ភាព​ជាង​មុន។
អ្នក​សង្គមវិទ្យា​ជនជាតិ បារាំង Emile Durkheim បាន​ថ្លែង​ថា៖ «នៅ​ពេល​ដែល​មាន​សីលធម៌​គ្រប់​គ្រាន់ ច្បាប់​គឺ​មិន​ចាំ​បាច់​ត្រូវ​ការ​ទេ។ នៅ​ពេល​ខ្វះ​សីលធម៌ ច្បាប់​គឺ​មិន​អាច​អនុវត្ត​បាន»៕
ដោយ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ

ការ​ឆ្លើយ​តប​ទៅ​នឹង​មតិ​របស់​លោក ឡៅ ម៉ុងហៃ

បាតុករ (មាន​វិទ្យុ​ទាក់ទង) វាយ​សំពង​សន្តិសុខ​ម្នាក់​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ ទី១៥ កក្កដា។
បាតុករ (មាន​វិទ្យុ​ទាក់ទង) វាយ​សំពង​សន្តិសុខ​ម្នាក់​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ ទី១៥ កក្កដា។ ហេង ជីវ័ន

ការ​ឆ្លើយ​តប​ទៅ​នឹង​មតិ​របស់​លោក ឡៅ ម៉ុងហៃ

នេះ​ជា​ការ​ឆ្លើយ​តប​នឹង​មតិ​របស់​លោក ឡៅ ម៉ុងហៃ ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​ជាតិ​មួយ​នៃ​ការ​កុហក​និង​បោក​ប្រាស់?» ចុះ​នៅ​ក្នុង​កាសែត ភ្នំពេញ ប៉ុស្តិ៍ កាល​ថ្ងៃ​ព្រហស្បតិ៍។
បើ​ទោះ​បី​ជា​ខ្ញុំ​មិន​យល់​ស្រប​ច្រើន​នឹង​ អ្វី​ដែល​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​អំពី​ការ​បោក​ប្រាស់ និង​ការ​កុហក​ថា បាន​កើត​ឡើង​ជាប់​ជានិច្ច​នៅ​ក្នុង ប្រទេស​កម្ពុជា និង​អនុសាសន៍​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​ដែល​រ៉ាំរ៉ៃ​និង​មាន​ពាស​ពេញ​ទី​ កន្លែង​ខ្ញុំ​ចង់​បង្ហាញ​នូវ​រូបភាព​ខុស​គ្នា​មួយ អំពី​បញ្ហា​ថា តើ​មក​ពី​មូល​ហេតុ​អ្វី​និង​ផ្តល់​នូវ​ដំណោះ​ស្រាយ​ផ្សេង​មួយ​ទៀត​អំពី​របៀប ​ដោះ​ស្រាយ​បញ្ហា​នេះ។ ខ្ញុំ​សូម​បង្ហាញ​អំពី​ការ​កើត​មាន​នៃ «ការ​បោក​ប្រាស់ និង​ការ​កុហក» នៅ​ក្នុង​សង្គម​កម្ពុជា​តាម​របៀប​បាតុភូត​ចិត្តវិទ្យា។
ទីមួយ យើង​ត្រូវ​តែ​ចាំ​ថា ប្រជាជន​កម្ពុជា ពោរ​ពេញ​ទៅ​ដោយ​ដំបៅ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ដូច​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។ ប្រវត្តិសាស្រ្ត​នៃ​ជម្លោះ​ផ្ទៃ​ក្នុង​ដដែលៗ និង​ការ​ចូល​ឈ្លាន​ពាន​លុក​លុយ និង​ការ​គ្រប​ដណ្តប់​ពី​អំណាច​បរទេស​ក្នុង​ចំណោម​វិស័យ​ផ្សេងៗ​គឺ​បាន​រួម​ ចំណែក​នឹង​ដំបៅ​ចិត្តវិទ្យា​ដែល​បាន​អូស​បន្លាយ​នេះ។ បញ្ហា​នយោបាយ​និង​សង្គម​បច្ចុប្បន្ន​គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ ព្រឹត្តិការណ៍​និង​ដំបៅ​អតីតកាល។
បញ្ហា​សេដ្ឋកិច្ច​សង្គម​និង​នយោបាយ​សង្គម​ បច្ចុប្បន្ន​គឺ​មិន​មែន​ជា​លទ្ធផល​នៃ​បុគ្គលិក ក្រុម និង​លទ្ធផល​នៃ​គោល​នយោបាយ​ជាក់​លាក់​ណា​មួយ​ទេ ដោយ​ជន​ជាតិ​កម្ពុជា ឬ​អំណាច​បរទេស នៅ​លើ​ផែនដី​ឬ​ឋានសួគ៌​ទេ ប៉ុន្តែ​ជា​កត្តា រូបវន្ត​និង​ផ្លូវ​ចិត្ត ដែល​បាន​បង្កើត​ចលាចល​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​កម្ពុជា។
ទ្វេ​គ្រោះ​សង្គម​និង​នយោបាយ​កម្ពុជា​ដូច​ដែល​ យើង​សង្កេត​ឃើញ​បច្ចុប្បន្ន​គឺជា​លទ្ធផល​នៃ​សោកនាដកម្ម​កាល​ពី​អតីតកាល។ ប្រជាជន​កម្ពុជា ជា​ដដែលៗ​តាម​រយៈ​ប្រវត្តិសាស្រ្ត​គួរ​ឲ្យ​រន្ធត់​និង​មហន្តរាយ​ត្រូវ​បាន​ បោក​ប្រាស់​ដក​ហូត​សិទ្ធិ និង​កុហក និង​ទទួល​រង​ការ​បំពាន​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ភាគ​ច្រើន​បំផុត​ដោយ ​មេ​ដឹក​នាំ​របស់​ខ្លួន។ យើង​អាច​បន្ទោស​ទៅ​លើ​ធាតុ​មួយ​ចំនួន ថា​ឥទ្ធិពល​បរទេស​បាន​ដើរ​តួនាទី​សំខាន់​ចំពោះ​ភាព​ជាប់​គាំង​នយោបាយ​និង​ សង្គម​ដែល​កំពុង​បន្ត​មាន​នេះ ប៉ុន្តែ​កម្ពុជា ត្រូវ​ការ​យក​ការ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ចំពោះ​អ្វី​ជាច្រើន ដែល​បាន​កើត​ឡើង​ចំពោះ​ប្រជាជន​របស់​ខ្លួន​និង​ប្រទេស​របស់​ខ្លួន។
នៅ​ក្នុង​ករណី​ភាគ​ច្រើន​បំផុត​កម្ពុជា​ខ្លួន​ ឯង​ទាញ​កៃ​បង្ក​បញ្ហា​ហើយ​ជា​ឧទាហរណ៍ គឺ​ក្នុង​របប​ខ្មែរ​ក្រហម គឺ​មិន​មាន​ការ​ចូល​រួម​ផ្ទាល់​ពី​បរទេស​ទេ ចំពោះ​ការ​សម្លាប់​និង​ការ​បង្អត់​បាយ​ប្រជាជន​ខ្លួន​ឯង​រហូត​ដល់​ស្លាប់។ បញ្ហា​ចិត្តវិទ្យា​បាន​បង្ហាញ​ឲ្យ​ឃើញ និង​ជ្រួត​ជ្រាប​នៅ​ក្នុង​សង្គម​កម្ពុជា។
ដូច្នេះ​លទ្ធផល​នៃ​បាតុភូត​ចិត្តវិទ្យា​នេះ បាន​ប៉ះពាល់​ដល់​ឯកភាព​ជាតិ និង​ការ​សម្រុះ​សម្រួល​គ្នា​ក្នុង​ចំណោម​បញ្ហា​សង្គម​បច្ចុប្បន្ន។ នេះ​បង្ហាញ​អំពី​មូល​ហេតុ ដែល​ប្រជាជន​កម្ពុជា​ទាំង​អស់​ទាំង​ក្មេង​ចាស់ មាន ក្រ អ្នក​មាន​អំណាច អ្នក​មិន​មាន​អំណាច មាន​ទំនោរ​ចូល​រួម​នៅ​ក្នុង​ឥរិយាបថ​ហិង្សា​ដែល​បណ្តាល​ឲ្យ​មាន​បុគ្គល​និយម និង​បក្ខពួក​និយម ដែល​នាំ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​នៅ​ក្នុង​សង្គម និង​លក្ខណៈ​ផុយ​ស្រួយ។ មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន ខណៈ​ប្រជាជន​កម្ពុជា​មាន​ទំនោរ​បន្ទោស​អ្នក​ដទៃ​ចំពោះ​គុណ​វិបត្តិ​ផ្ទាល់​ របស់​ខ្លួន។ ជា​សង្គម​មួយ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា «អំពើ​ហិង្សា​បង្កើត​ឲ្យ​មាន​ហិង្សា»។
ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជានិរន្តរ៍ ចំពោះ​បញ្ហា​សង្គម​នយោបាយ​និង​សេដ្ឋកិច្ច​សង្គម​កម្ពុជា យើង​មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​បុគ្គល​ណា​មួយ​ឬ​អង្គភាព​ណា​មួយ ឬ​គោល​នយោបាយ​ទេ ប៉ុន្តែ​ជា​កិច្ច​ប្រឹង​ប្រែង​រួម​គ្នា​ពី​សង្គម​ទាំង​មូល​របស់​ខ្លួន។ យើង​ត្រូវ​តែ​ចាប់​ផ្តើម និង​ពិនិត្យ​មើល​ឲ្យ​បាន​ល្អិត​ល្អន់​ទៅ​លើ​អតីតកាល​និង​សហការ​គា្ន​ដើម្បី​ សម្រេច​នូវ​លទ្ធផល​ជានិរន្តរ៍​នា​ពេល​អនាគត។ យើង​ត្រូវ​តែ​សួរ​សំណួរ​ថា តើ​មូលហេតុ​អ្វី បាន​ជា​យើង​ងាយ​នឹង​ទទួល​រង​ការ​ធ្លាក់​ទឹក​ចិត្ត​និង​របួស​ចិត្តសាស្រ្ត?
ហេតុ​អ្វី​បាន​ជា​យើង​មាន​និន្នាការ​ពិចារណា​ អ្វី​មួយ​ចំនួន​ក្នុង​លក្ខណៈ​អវិជ្ជមាន និង​ទុទិ្ទដ្ឋិ​និយម? យើង​ត្រូវ​យល់​ថា តើ​ហេតុអ្វី​បាន​ជា​យើង​មាន​និន្នាការ​ប្រើ​ហិង្សា​នៅ​ពេល​យើង​ជួប​ប្រទះ​ ស្ថានភាព​ប្រឈម​មុខ? ចម្លើយ​គឺ​ថា យើង​ត្រូវ​តែ​ពិនិត្យ​មើល​ទៅ​លើ​ជំនាញ​និង​បែបបទ​នៃ​ការ​ធ្វើ​ជា​ឪពុក​ ម្តាយ។ ដរាប​ណា​ទារក​និង​កូន​ជួប​ប្រទះ​នឹង​ការ​បំពាន​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ ដោយ​ឪពុក​ម្តាយ ឬ​ដោយ​អ្នក​ថែទាំ និង​អ្នក​អប់រំ វា​នឹង​ពិបាក​ក្រៃលែង ដើម្បី​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​មេ​ដឹក​នាំ និង​ប្រជាជន​ទូទៅ នៅ​ក្នុង​សង្គម​មួយ​ដើម្បី​បញ្ឈប់​ការ​ប្រើ​ប្រាស់​ហិង្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​និង​ដោះស្រាយ​ឥរិយាបថ​មិន​ល្អ​មួយ​ចំនួន​ទៀត។ យើង​ជា​សង្គម​មួយ មាន​ទំនោរ​ប្រើ​ហិង្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា ហើយ​យើង​មាន​ទំនោរ​ពិនិត្យ​មើល​អ្វី​ដែល​យើង​មិន​ចូល​ចិត្ត ក្នុង​លក្ខណៈ​អវិជ្ជមាន។
យើង​មិន​ចូល​ចិត្ត​សរសើរ​មនុស្ស ប៉ុន្តែ​មាន​ទំនោរ​បន្ទោស​និង​ដាក់​ទោស​ទណ្ឌ។ យើង​មិន​ចូល​ចិត្ត​វា នៅ​ពេល​មនុស្ស​និយាយ​បង្ហាញ​មតិ​យោបល់។ រាល់​អ្វី​ទាំង​អស់​ខាង​លើ​អាច​ត្រូវ​បាន​សង្កេត​មើល​និង​តាម​ដាន​ត្រឡប់​ ក្រោយ​វិញ ទៅ​លើ​វិធី​បែបបទ ធ្វើ​ជា​ឪពុក​ម្តាយ​របស់​យើង​នៅ​គ្រប់​ជំនាន់។
មនុស្ស​ជាច្រើន​ក្នុង​ចំណោម​យើង​ទាំង​អស់​គ្នា​ ក្នុង​អំឡុង​វ័យ​កុមារ​ត្រូវ​បាន​រំលោភ​បំពាន​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ដោយ​ឪពុក​ម្តាយ របស់​យើង ដោយ​អ្នក​ថែ​ទាំ​យើង​គ្រូ​អ្នក​អប់រំ និង​អាជ្ញាធរ​មូលដ្ឋាន។ ជា​ការ​ក្រៀម​ក្រំ​ការ​បំពាន​ទាំង​នេះ​បាន​បន្ត​មាន​រហូត​ដល់​ពេល​ធំ​ពេញ​ វ័យ។
ជា​ថ្មី​ម្តង​ទៀត «ហិង្សា​បង្កើត​ហិង្សា» «ការ​ស្អប់​បង្កើត​ការ​ស្អប់» និង «ភាព​អវិជ្ជមាន​បង្កើត​នូវ​ភាព​អវិជ្ជមាន»។ «ទុទ្ទិដ្ឋិ​និយម​នាំ​ឲ្យ​មាន​ទុទិ្ទដ្ឋិ​និយម»។
នៅ​ពេល​យើង​ស្ថិត​នៅ​ក្រោម​ការ​រំលោភ​បំពាន​ ទំាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ជានិរន្តរ៍​យូរៗ​ទៅ យើង​នឹង​រៀន «បោក​និង​កុហក» ជា​លក្ខណៈ​ធម្មជាតិ​ក្នុង​ចំណោម​អ្វី​ដទៃៗ​ទៀត​ជា​ផ្នែក​នៃ​យន្តការ​ការពារ​ ខ្លួន​របស់​យើង។
ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ថា យើង​ក្នុង​នាម​ជា​កម្លាំង​សមូហភាព ជា​ឪពុក​ម្តាយ គ្រូ អាជ្ញាធរ អ្នក​បង្កើត​គោល​នយោបាយ និង​បុគ្គល​ពាក់​ព័ន្ធ​ដទៃៗ​ទៀត និង​អង្គភាព​នានា ត្រូវ​យល់​និង​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​ផ្តល់​ធនធាន​និង​ការ​គាំទ្រ​នៅ​ ក្នុង​ការ​អប់រំ​កុមារ​តាំង​ពី​វ័យ​កុមារ​ដំបូង​ជា​ប្រព័ន្ធ​មួយ​សម្រាប់​ ឪពុក​ម្តាយ​អ្នក​ថែទាំ និង​អ្នក​ដែល​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​កូន​និង​គ្រួសារ ដើម្បី​កាត់​បន្ថយ​ហិង្សា​និង​ការ​បោក​និង​កុហក​នៃ​អនាគត៕